Knongsrok

· 08-29

គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

#ស្នាមញញឹម# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

261

នៅពេលដែលអ្នកចង់សងសឹកដល់ក្រុមមនុស្សដែលបានក្បត់ និងធ្វើបាបអ្នក វាជារឿងសំខាន់ក្នុងការពិចារណាពីផលវិបាក និងផលប៉ះពាល់ដែលវាអាចមានលើសុខុមាលភាពរបស់អ្នក។ ការសងសឹកអាចនាំទៅរកវដ្តនៃភាពអវិជ្ជមាន និងគ្រោះថ្នាក់បន្ថែមទៀត មិនត្រឹមតែចំពោះអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងចំពោះខ្លួនអ្នកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកតាំងចិត្តថានឹងចង់សងសឹកគេ សូមពិចារណាវិធីសាស្រ្តទាំងនេះដែលផ្តោតលើការពង្រឹងអំណាចជាជាងការបំផ្លិចបំផ្លាញ។

១) ផ្ទុយទៅការស្រឡាញ់ មិនមែនជាការស្អប់ទេ តែជាការព្រងើយកន្តើយ និងមិនខ្វល់ ៖ គ្រប់គ្នាតែងតែមានការយល់ច្រឡំ នៅពេលដែលពួកគេឈប់ស្រឡាញ់នរណាម្នាក់ ឬអ្វីមួយ គឺតែងតែយកការស្អប់មកដាក់ពីមុខ តែការពិតទៅ វាមិនដូច្នោះទេ ផ្ទុយពីការស្រឡាញ់ អ្នកអាចជ្រើសយកជម្រើសផ្សេង មិនមែនជាការស្អប់ទេ គឺគារព្រងើយកន្តើយ កុំខ្វល់ ឈប់នឹកនា ឈប់អើពើ ជម្រើសមួយនេះ ជារឿងដែលល្អបំផុត នៅពេលដែលអ្នកឈប់ខ្វល់ លែងដឹងលែងឮ វានឹងធ្វើឱ្យអ្នកបានធូរស្រាលក្នុងចិត្ត គ្មានទុក្ខ គ្មានភ្លើងដុតខ្លួនអ្នកឡើយ វាស្មើនឹងការដោះលែង តែបើអ្នកជ្រើសយកការស្អប់ មកជំនួសការស្រឡាញ់ វានឹងមានតែភាពក្ដៅក្រហាយ និងការឈឺចាប់គ្មានទីបញ្ចប់តែប៉ុណ្ណោះ។

២) ញញឹមឱ្យបានច្រើន ៖ មនុស្សដែលមានបំណងមិនល្អ ធ្វើបាបយើង អ្វីដែលគេចង់បាន និងចង់ឃើញបំផុតនោះគឺ គេចង់ឃើញយើងដុនដាប គ្មានក្ដីសុខ មានតែទុក្ខ ជីវិតកាន់តែធ្លាក់ចុះ ដូច្នេះហើយ អ្វីដែលយើងគួរធ្វើ កុំទៅក្ដៅក្រហាយនឹងគេអី យើងត្រូវរស់នៅឱ្យមានក្ដីសុខ សើចសប្បាយ ញញឹមឱ្យបានច្រើន ដើម្បីឱ្យគេមើលឃើញថា បំណងរបស់គេមិនបានសម្រេចទេ យើងអាចរស់នៅមានក្ដីសុខ ខុសពីអ្វីដែលគេចង់បាន។

៣) ធ្វើខ្លួនឱ្យមានតម្លៃ គោរពខ្លួនឯងឱ្យបានច្រើន ៖ កុំព្រោះតែធ្វើបាបយើង ធ្វើឱ្យយើងឈឺចាប់ យើងបែរជាធ្វើបាបខ្លួនឯងដែរនោះ វាមិនគប្បីនឹងខ្លួនឯងឡើយ។ បើគេធ្វើឱ្យយើងឈឺចាប់ គេធ្វើបាបយើង យើងត្រូវតែធ្វើខ្លួនឯងឱ្យមានតម្លៃ ត្រូវតែគោរពខ្លួនឯងឱ្យបានច្រើន ដើម្បីឱ្យគេដឹងថា យើងខ្លាំងពូកែ និងមានតម្លៃប៉ុនណា គេមិនគោរពយើង យើងត្រូវតែគោរពខ្លួនឯងជារឿងដែលចាំបាច់បំផុត។

៤) ត្រៀមខ្លួនសម្រាប់កន្លែង និងអ្វីដែលល្អៗ ៖ គេធ្វើបាបយើង គេក្បត់យើង មិនមែនយើងគ្មានតម្លៃទេ តែមកពីគេមើលមិនឃើញពីតម្លៃយើង ចាកចេញពីមនុស្សបែបនេះ ដើម្បីឆ្ពោះទៅកន្លែងដែលល្អជាងនេះ សម្រាប់អ្វីៗដែលល្អនៅកន្លែងផ្សេងទៀត មិនមែនមានតែគេទេ។ អ្នកត្រូវដឹងថា រឿងល្អ កន្លែងល្អ មនុស្សល្អៗមានច្រើនណាស់ ដូច្នេះហើយកុំដោយសារតែមនុស្សមួយក្ដាប់តូច បែរជាធ្វើឱ្យខូចគុណតម្លៃរបស់ខ្លួនឯង កុំឱ្យអ្នកផ្សេងមានឥទ្ធិពលត្រួតត្រា បំផ្លាញយើងបានឱ្យសោះ។

៥) ជីវិតនេះខ្លីណាស់ ៖ ជីវិតនេះខ្លីណាស់ ផ្លូវខាងក្រោយ គឺយើងបានដើរផុតហើយ គ្រប់យ៉ាង គឺបានលកន្លងហួសអស់ហើយ ហើយផ្លូវនៅខាងមុខ យើងមើលមិនឃើញគេ ជួនកាលបោះមួយជំហានក៏អស់ផ្លូវដើរ យើងមិនដឹងផង តើយើងនៅសល់ពេលប៉ុន្មានឆ្នាំទៀតទៅ? ដូច្នេះហើយ យើងមិនគួរខ្ជះខ្ជាយពេលវេលាចំណាយចិត្តគំនិតទៅលើរឿងដែលអត់ប្រយោជន៍ និងមនុស្សដែលមិនល្អនោះឡើយ ត្រូវរស់នៅឱ្យបានល្អ កុំធ្វើបាបខ្លួនឯង កុំខ្វល់រឿងស្មុគស្មាញ កុំដាក់សម្ពាធលើខ្លួនឯងអី ត្រូវមានក្ដីសុខឱ្យបានច្រើន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស