Knongsrok

· 08-16

៣ យ៉ាង បើអ្នកអាចយកឈ្នះបាន ជីវិតអ្នកនឹងបានស្ងប់សុខ មានសំណាង គ្មានទុក្ខមកបៀតបៀនឡើយ

#ចំណេះដឹង# #លោភលន់# #ចំណេះដឹងទូទៅ#

456

ប្រសិនបើអ្នកចង់ឱ្យជីវិតខ្លួនឯងមានសំណាង បានស្ងប់សុខ ឈ្នះអស់ទុក្ខទាំងពួង សូមចៀសឱ្យផុតរឿងទាំង ៣ ចំណុចនេះ មានតែមនុស្សដែលអាចយកឈ្នះលើរឿងទាំងនេះបានទេ ទើបជីវិតអាចរួចផុតពីទុក្ខសោកទាំងឡាយ។

១. លោភលន់ ៖ មនុស្សចេះតែគិតហើយនឿយហត់ ព្រោះតែសេចក្ដីលោភលន់មិនចេះគ្រប់គ្រាន់។ ការស្វែងរកប្រាក់ចំណេញ គឺជាធម្មជាតិរបស់មនុស្ស ងាយយល់ ប៉ុន្តែកុំលោភលន់ពេក បើមិនដូច្នេះទេ អ្នកខ្លួនឯងនឹងកាន់តែវេទនាទាំងកាយ និងចិត្ត។ នៅពេលដែលយើងមានកាន់តែច្រើន យើងកាន់តែខ្លាចបាត់បង់។ នេះប្រហែលជាមូលហេតុដែលធ្វើឱ្យយើងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងនៅពេលយើងរស់នៅ។ ឋានៈរបស់អ្នកកាន់តែខ្ពស់ អ្នកកាន់តែភ័យខ្លាច អ្នកកាន់តែខ្លាចបាត់បង់ខ្លួនឯង។ ត្រូវចាំថា លុយជារបស់ក្រៅខ្លួន មិនមែនបានមកពេលកើតទេ ស្លាប់ទៅវិញក៏យកទៅតាមមិនបានដែរ ដូច្នេះកុំលោភលន់ពេក នាំទុក្ខដាក់ខ្លួន។ កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងអន្ទាក់នៃសេចក្តីលោភលន់ នាំឱ្យលិចលង់ក្នុងសេចក្ដីវិនាស។

២. អាត្មានិយម ៖ អ្នកដែលគិតថាខ្លួនឆ្លាតគិតថាការអភ័យទោស គឺជាអ្វីដែលមានតែមនុស្សល្ងង់ទេដែលធ្វើ។ អ្នកប្រាជ្ញបានមើលឃើញថា ការអត់ឱនអធ្យាស្រ័យ គឺការខាតបង់រយៈពេលខ្លី ការខាតបង់តូចតាច ហើយវានឹងមានប្រយោជន៍នៅពេលអនាគត។ ត្រូវចាំថា ទឹកពេញនឹងហៀរ ជាមនុស្ស បើរស់នៅអាត្មានិយមពេក ដូចកាត់ផ្លូវខ្លួនអ៊ីចឹង។ ភាពអាត្មានិយម គឺជាទម្រង់នៃការបំបែកចេញពីក្រុមសង្គម នៅពេលដែលមនុស្សគ្រប់គ្នាដឹងពីអ្វីដែលអ្នកគិតអំពីខ្លួនអ្នក មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក គេនឹងចាកចេញ មិនចង់នៅក្បែរអ្នកឡើយ។ ដូច្នេះហើយ ធ្វើជាមនុស្សកុំអាត្មានិយមពេក កុំគិតថា ចេះតែឯងមិនក្រែងគេឱ្យសោះ។

៣. ការច្រណែនហួសហេតុ ៖ ការច្រណែនគឺជាស្ថានភាពផ្លូវចិត្តដ៏អាក្រក់ និងគួរឱ្យខ្លាចបំផុត។ នៅពេលដែលមនុស្សកើតចិត្តច្រណែនខ្លាំង ឃើញទេពកោសល្យ សមិទ្ធិផល ឬរបស់ដែលអ្នកដទៃមាន នោះគេមានអារម្មណ៍អយុត្តិធម៌ និងអន់ចិត្តភ្លាមៗ បែបនេះពួកគេនឹងស្វែងរកវិធីធ្វើបាបអ្នកដទៃ និងបំផ្លាញរបស់ល្អរបស់អ្នកដទៃ។ មានមនុស្សអាក្រក់ជាច្រើនដែលបណ្តាលមកពីការច្រណែននេះឯង។ ការច្រណែនប្រៀបដូចជាអាវុធមុខពីរ វាធ្វើបាបអ្នកដទៃ ហើយក៏ធ្វើបាបខ្លួនឯងដែរ។ ការច្រណែនជាកាំបិត ចាក់បេះដូងអ្នកដទៃ ហើយក៏ចាក់បេះដូងខ្លួនឯងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស