Knongsrok

· 08-22

ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ទំនៀមទម្លាប់#

985

យើងតែងតែនិយាយលេងថា ការជល់កែវពេលផឹក ដើម្បីឱ្យត្រចៀកបានឮសំឡេង ព្រោះភ្នែកយើងបានឃើញហើយ ច្រមុះក៏បានហិតក្លិនហើយ ចំណែកមាត់ក៏បានដឹងរសជាតិហើយ នៅឡើយតែត្រចៀកមិនទាន់ដឹង អ៊ីចឹងត្រូវតែគោះ ឬជល់កែវ ដើម្បីបន្លឺរសំឡេង។ តែយ៉ាងណាមិញ នេះគឺជារឿងកំប្លែងនិយាយលេងដើម្បីឱ្យបានសើចសប្បាយ តែវាជាការពិតឬយ៉ាងណានោះ តស់! យើងមកដឹងទាំងអស់គ្នា។

១) រឿងព្រេងក្នុងប្រវត្តិសាស្ត្រ ៖ កាលពីមុន ការគោះ ឬជល់កែវស្រា គឺជារឿងធម្មតា។ យោងទៅតាមរឿងព្រេង ដើម្បីចៀសវាងការពុល មនុស្សនឹងប្រើកែវផ្ទាល់ខ្លួន (ដែលចាក់ពេញ) ទៅជល់នឹងកែវរបសៀ់អ្នកដទៃមុនពេលផឹក។ គោលបំណងគឺចង់ឱ្យស្រាក្នុងកែវរបស់គេហៀរចូលកែវម្ខាងទៀត បណ្ដាលឱ្យអ្នកផ្សេងពុលផងដែរ។ លើសពីនេះ ក៏មានរឿងព្រេងមួយថា សំឡេងកែវដែលទង្គិចគ្នា មានឥទ្ធិពលការពារវិញ្ញាណអាក្រក់ផងដែរ។

២) ជាទម្លាប់ ឬទំនៀមទម្លាប់ ៖ បច្ចុប្បន្ននេះ ការគោះកែវនៅពេលផឹកស្រាក៏បានក្លាយជាទម្លាប់របស់មនុស្សគ្រប់រូប។ ពេលលើកកែវ អ្នករាល់គ្នានឹងគោះកែវជល់គ្នាមុនពេលផឹក។ តាំងពីដើមមក ពួកយើងធ្លាប់បានប្រើប្រាស់សកម្មភាពនេះ ហើយវាបានក្លាយជាការឆ្លុះបញ្ចាំងបន្តិចម្តងៗសម្រាប់មនុស្សជាច្រើន។ ពេលគោះ ឬជល់កែវ មនុស្សតែងតែជូនពរគ្នាទៅវិញទៅមក សុខភាពល្អ និងសំណាងល្អ ជាពិសេសនៅពេលចូលរួមពិធីជប់លៀងក្នុងឱកាសសំខាន់ៗជាដើម។

៣) បង្កើតបរិយាកាសឱ្យកាន់តែរស់រវើក ៖ ពិធីជប់លៀងជាធម្មតាត្រូវការបរិយាកាសរីករាយ រស់រវើក និងវិជ្ជមាន។ មនុស្សតែងតែជល់កែវជាមួយគ្នា ហើយនិយាយពាក្យជូនពរ និងនិទានរឿងប្លែកៗ ជួយធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ មនុស្សម្នាក៏ប្រើការជល់កែវនេះដើម្បីជាការស្វាគមន៍ និងជជែកគ្នាទៅវិញទៅមកផងដែរ។ ការជល់កែវមិនអាចធ្វើតែម្នាក់ឯងបានទេ វាទាមទារឱ្យមានការចូលរួមពីមនុស្សជាច្រើន។ បន្ថែមពីលើការបង្កើតបរិយាកាសដ៏រស់រវើក សកម្មភាពនៃការជល់កែវស្រាជាមួយគ្នា ក៏ជួយបង្កើនការយល់ដឹងអំពីការចូលរួមក្នុងសកម្មភាពសមូហភាពផងដែរ។ មនុស្សជាច្រើនក៏ចូលចិត្តថតរូបពេលដែលមនុស្សគោះកែវក្នុងពិធីជប់លៀងផងដែរ។

៤) ដើម្បីរំញោចអារម្មណ៍ ៖ ការផឹកស្រា ក៏ជាការប្រើញ្ញាណ៤យ៉ាងគឺ ការឃើញដោយភ្នែក (ចក្ខុវិញ្ញាណ) ដឹងរសដោយអណ្តាត (ជីវ្ហាវិញ្ញាណ) ដឹងក្លិនដោយច្រមុះ (ឃានវិញ្ញាណ) និងដឹងដោយដៃ (កាយវិញ្ញាណ)។ ដូច្នេះហើយ ការគោះ ឬជល់កែវបន្លឺរសំឡេងនេះ ដើម្បីរំញោចដល់ញ្ញាណទី ៥ គឺការស្តាប់ឮដោយត្រចៀក (សោតវិញ្ញាណ) ដើម្បីបង្កើតអារម្មណ៍កាន់តែប្រសើរឡើងនៅពេលផឹកស្រា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)