Knongsrok

· 06-06

អាថ៌កំបាំងទាំង៥ អាចជួយថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ

#ឡេ# #រូបមន្តថែសម្រស់# #សុខភាព#

536

ការចម្រើនវ័យគឺជាអ្វីដែលមនុស្សម្នាក់ៗមិនអាចគេចផុត ក៏ប៉ុន្តែអ្នកអាចថែរក្សាសម្ភស្សឱ្យនៅស្រស់ស្អាតនិងក្មេងជាងវ័យបាន។ ការថែរក្សាសម្រស់គឺមិនមែនចាំដល់ស្បែកជ្រីវជ្រូញទើបចាប់ផ្តើមថែវានោះទេ តួយ៉ាងប្រសិនបើអ្នកចាប់ផ្តើមយកចិត្តទុកដាក់ថែរក្សាសម្រស់ចាប់ពីពេលនេះទៅគឺកាន់តែប្រសើរឡើង។ នេះគឺជាវិធីសាស្រ្តងាយៗទាំង៥ក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ៖

១. ឡេរក្សាសំណើម៖ ឡេរក្សាសំណើមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាស្បែកឱ្យស្អាតនិងម៉ត់រលោង។ សម្រាប់អ្នកដែលមានប្រភេទមុខខ្លាញ់ វាជួយរក្សាសំណើមដែលមានស្រាប់ឱ្យនៅថេរ ចំណែកឯអ្នកដែលមានប្រភេទមុខស្ងួតវិញ វាជួយបន្ថែមសំណើមទៅដល់ផ្ទៃមុខ។ មួយវិញទៀត ឡេរក្សាសំណើមខ្លះបានបន្ថែមនូវភាពភ្លឺថ្លាដល់ស្បែកមុខនិងបន្តឹងស្បែកមុខ កុំឱ្យឆាប់ជ្រីវជ្រួញថែមទៀតផង។

២. ម្សៅ BB Cream៖ ដើម្បីបន្ថែមពន្លឺនិងភាពស្រស់ថ្លាទៅលើមុខ អ្នកគួរចាប់ផ្តើមប្រើប្រាស់ម្សៅ BB Cream ជំនួសម្សៅទ្រនាប់វិញ ដោយសារវាមានភាពស្រទន់ ស្រាលនិងល្អចំពោះស្បែកមុខជាង។ ការប្រើប្រាស់ម្សៅទ្រនាប់ដែលក្រាស់ពេកអាចនាំឱ្យបិទសន្ទះរន្ធញើសនិងធ្វើឱ្យស្បែកមុខងាយរងការប្រតិកម្ម។ ដូចនេះ ជម្រើសដែលប្រសើរនោះគឺការប្រើប្រាស់ BB Cream ដែលស្រាលនិងមានជាតិ SPF ការពារកម្តៅថ្ងៃ។

៣. ការពារកម្តៅថ្ងៃ៖ ការប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃឬ BB Cream ដែលមានជាតិ SPF គឺពិតជាមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នករស់នៅទីកន្លែងដែលក្តៅខ្លាំង អ្នកអាចងាយប្រឈមនឹងបញ្ហាស្បែកមុខឆាប់ជ្រីវជ្រួញ។ ហេតុដូចនេះហើយ អ្នកមិនត្រូវមើលរំលងឡេការពារកម្តៅថ្ងៃនោះទេ។

៤. ម៉ាសមុនចូលគេង៖ Sleeping Mask គឺជាប្រភេទម៉ាសដែលមិត្តៗនារីលាបមុនចូលគេងដើម្បីផ្តល់ជាតិសំណើមនិងភាពស្រស់ស្រាយដល់ស្បែកមុខ។ ម៉ាសនេះក៏ផ្តល់នូវសារជាតិចិញ្ចឹមផ្សេងៗដែលស្បែកមុខត្រូវការដើម្បីរក្សានូវភាពក្មេងខ្ចីនិងបំបាត់ភាពជ្រីវជ្រូញ។ Sleeping Mask ខ្លះក៏មាននូវក្លិនប្រហើរដែលនាំឱ្យអ្នកគេងលង់លក់ស្កប់ល្អ។

៥. ម៉ាសសន្លឹក៖ ក្រៅពី Sleeping Mask ម៉ាសសន្លឹកក៏ល្អសម្រាប់ស្បែកមុខផងដែរ។ ម៉ាសសន្លឹកមានប្រសិទ្ធិភាពជ្រៀតចូលស្បែកមុខលឿនជាង Sleeping Mask ដូចនេះហើយទើបគេភាគច្រើនបិតវាលើមុខតែ១៥ទៅ២០នាទីប៉ុណ្ណោះ។ យ៉ាងណាមិញ ម៉ាសទាំងពីរប្រភេទនេះគឺមានអត្ថប្រយោជន៍ដូចគ្នាក្នុងការថែរក្សាសម្រស់ ហើយប្រសិនបើប្រើប្រាស់ទាំងពីរប្រភេទក៏កាន់តែល្អ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស