TNAOT News

· 05-08

មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំលើបណ្តាញសង្គម

#មូលនិធិជាតិជំនួយសង្គម# #ព័ត៌មានក្លែងបន្លំ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

6537

មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក(Facebook) តេឡេក្រាម(Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភនៅក្នុងកម្មវិធីជំនួយសង្គម ។

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា មានជនខិលខូចបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក(Facebook) តេឡេក្រាម(Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភនៅក្នុងកម្មវិធីជំនួយសង្គម ដែលប្រព្រឹត្តដោយក្រុមជនខិលខូចអនាមិកក្នុងគោលបំណងក្លែងបន្លំ និងបំភ្លៃព័ត៌មាន បោកបញ្ឆោត និងធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកទទួលផលគោលដៅរបស់កម្មវិធីជាតិជំនួយសង្គមទូទាំងប្រទេស។ ជាក់ស្ដែងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា “Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate." ជាភាសាខ្មែរថា “ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម”។ ក្នុងរូបភាពផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ $ ២ ៥០០ ទៀតផង។

មូលនិធិជាតិជំនួយសង្គម សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខាងលើផងដែរ ៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស