TNAOT News

· 05-07

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី អំឡុងពិធីប្រកាសជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»

#សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម# #ប្រព័ន្ធបញ្ជរតែមួយជាតិ#

6521

«ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា ។

មិនតែប៉ុណ្ណោះ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​ទទួល​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសន្ទរកថាអំឡុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ក្នុងអង្គពិធីគឺ៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និង ដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និង នីតិវិធីសារពើរពន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាពខ្ពស់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស