TNAOT News

· 04-28

ស្នងការរាជធានីភ្នំពេញ ស្រាយបំភ្លឺក្រោយ លោកស្រី ទ្រី ដាណា បង្ហោះសារត្អូញត្អែររឿងសមត្ថកិច្ចត្រួតពិនិត្យជាតិអាល់កុល

#ទ្រី ដាណា# #NEW NEWS# #សង្គម# #ស្នងការរាជធានីភ្នំពេញ# #ព័ត៌មានសង្គម#

7611

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខស្រាយបំភ្លឺទៅហ្នឹងការបង្ហោះសាររបស់ លោកស្រី ទ្រី ដាណា ដែលលោកស្រីបានរៀបរាប់ទាំងមិនពេញចិត្តនូវតាមបណ្ដាញសង្គមពី កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ អនុវត្តត្រួតពិនិត្យជាតិស្រវឹងរៀងរាល់ពេល គឺរថយន្តគាត់ត្រូវតែចូលឆែកគ្រប់ពេល។

ជុំវិញរឿងរ៉ាវនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាយបំភ្លឺថា៖ “ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។

បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។

ដោយឡែក គឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)