TA X2

· 04-09

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បន្តដំណើរទស្សនកិច្ចក្នុងតំបន់ ទៅកាន់ប្រទេសស៊ីរី

#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4041

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានចាកចេញពីប្រទេសអូម៉ង់ ដើម្បីទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីដាម៉ាស( Damascus) របស់ប្រទេសស៊ីរី រយៈពេលមួយសប្តាហ៍ បន្ទាប់ពីស្ថានកុងស៊ុលរបស់ប្រទេសអ៊ីរ៉ង់នៅទីនោះ ត្រូវបានគេកំណត់គោលដៅ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។


ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការស្លាប់របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍ចំនួន៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ ដោយទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូល បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានទូតអ៊ីស្រាអែលទាំងអស់ លែងមានសុវត្ថិភាពទៀតហើយ។

លោកអាមីរ៉ាប់ឌូឡាហៀន បានចាប់ផ្តើមការធ្វើដំណើរក្នុងថ្នាក់តំបន់ កាលពីថ្ងៃអាទិត្យ នៅទីក្រុងមូស្កាត   ( Muscat) ជាទីដែលលោកបានជួបជាមួយមន្ត្រីអូម៉ង់ និងអ្នកតំណាងរបស់ក្រុមហ៊ួទី លោក Mohamed Abdelsalam របស់ប្រទេសយេម៉ែន ដែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នឹងបន្តកំណត់គោលដៅលើនាវាមានទិសដៅទៅអ៊ីស្រាអែល រហូតដល់បទឈប់បាញ់ ត្រូវបានឈានដល់ នៅតំបន់ហ្កាហ្សា។

លោកអាមីរ៉ាប់ឌូឡាហៀន បានថ្លែងនៅពេលកំពុងនៅប្រទេសអូម៉ង់ថា៖«ការវាយប្រហារលើអគារស្ថានទូតរបស់អ៊ីរ៉ង់ នៅទីក្រុងដាម៉ាស គឺជាជំហានថ្មីមួយក្នុងការធ្វើសង្គ្រាមរបស់អ៊ីស្រាអែល និងការប៉ុនប៉ងពង្រីកសង្រ្គាម នៅក្នុងតំបន់»។

តាមធម្មតា អ៊ីស្រាអែល មិនពិភាក្សាអំពីការវាយប្រហារដោយកងកម្លាំងរបស់ខ្លួនលើប្រទេសស៊ីរីទេ។ នៅពេលសួរអំពីការវាយប្រហារកាលពីសប្តាហ៍មុន អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា៖ «យើងមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសទេ»។


https://www.reuters.com/world/middle-east/irans-foreign-minister-continues-regional-tour-with-syria-2024-04-08/


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)