TA X2
· 04-08
ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់
#ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4953
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មេសា) ថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយសេណារីយ៉ូណាមួយដែលអាចកើតឡើងជាមួយអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានគំរាមសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ ក្នុងហេតុការណ៍វាយប្រហារតាមអាកាសលើស្ថានទូតខ្លួនក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី០១ ខែមេសា។
មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយមុននោះថា ស្ថានទូតអ៊ីស្រាអែលទាំងអស់មិនមានសុវត្ថិភាពទៀតទេ ហើយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ មួយបានចេញផ្សាយក្រាហ្វិកដែលបង្ហាញពីអាវុធ ដែលខ្លួនបាននិយាយថានឹងមានសមត្ថភាពវាយប្រហារអ៊ីស្រាអែល។ ការិយាល័យរបស់លោក ហ្កាឡាន់ បានចេញសេចក្តីថ្លែងការណ៍អំពីការត្រៀមខ្លួនរបស់អ៊ីស្រាអែលនេះ បន្ទាប់ពីលោកបានធ្វើ «ការវាយតម្លៃស្ថានភាពប្រតិបត្តិការ» ជាមួយបណ្ដាមន្ត្រីយោធាជាន់ខ្ពស់។
អគ្គសេនាធិការ លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា អ៊ីស្រាអែល «ដឹងពីរបៀបដោះស្រាយជាមួយអ៊ីរ៉ង់ ទាំងការវាយលុក និងការពារ»។ អ៊ីរ៉ង់បានគំរាមឆ្លើយតបនឹងការវាយប្រហារដែលសង្ស័យរបស់អ៊ីស្រាអែល នៅក្រុងដាម៉ាស កាលពីសប្តាហ៍មុន ដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រាំពីរនាក់ ក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់ម្នាក់។
ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក យ៉ាសយ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមានស្ថានទូតណាមួយរបស់អ៊ីស្រាអែល មានសុវត្ថិភាពទៀតទេ ហើយថាទីក្រុងតេអេរ៉ង់ បានចាត់ទុកការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ថាជា «សិទ្ធិត្រឹមត្រូវ និងស្របច្បាប់»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រុស្ស៊ីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅស៊ីរី
ប្រធានសភាស៊ីរី ថ្កោលទោសចំពោះការវាយប្រហារលើស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី
ប្រភព៖ សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងក្នុងការផ្ទេរកញ្ចប់សព្វាវុធ ១៨ ពាន់លានដុល្លារឱ្យអ៊ីស្រាអែល
រដ្ឋាភិបាលអង់គ្លេស កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ឲ្យឈប់លក់អាវុធទៅឲ្យអ៊ីស្រាអែល
យោបល់ទាំងអស់ (0)