TA X2

· 04-01

មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រទេសតាហ្ស៊ីគីស្ថានពាក់ព័ន្ធនឹងការវាយប្រហារសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ

#ទីក្រុងមូស្គូ# #ព័ត៌មាន# #រុស្ស៊ី# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#

2434

រុស្ស៊ី ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស៩នាក់ ត្រូវបានឃាត់ ខ្លួន ដោយសេវាសន្តិសុខរដ្ឋរបស់ប្រទេសតាហ្ស៊ីគីស្ថាន ជុំវិញការសង្ស័យថាមានទំនាក់ទំនងជាមួយជនល្មើសនៃការវាយប្រហារកាលពីសប្តាហ៍មុនលើសាលប្រគុំតន្ត្រីជាយទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្ស ១៤៤នាក់។ 


ការរាយការណ៍អំពីការចាប់ខ្លួននេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីការសម្លាប់រង្គាល នៅសាលប្រគុំតន្ត្រីCrocus City Hall ដែលក្នុងនោះខ្មាន់កាំភ្លើង បានបាញ់មនុស្សដែលកំពុងរង់ចាំការសម្តែងដោយក្រុមតន្រ្តីរ៉ុកដ៏ពេញនិយមមួយ ហើយបន្ទាប់មកបានដុតអគារ។ ជនសង្ស័យទាំង៤នាក់ ត្រូវបានចាប់ខ្លួន និងកំណត់អត្តសញ្ញាណជាជនជាតិតាហ្ស៊ីក។


សាខាមួយរបស់ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលជាការសម្លាប់មនុស្សច្រើនបំផុតនៅលើទឹកដីរុស្ស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានអះអាងថា អ៊ុយក្រែន និងលោកខាងលិច មានតួនាទី ជាអ្វីមួយដែលទីក្រុងគីវ បានបដិសេធដាច់អហង្ការ។


ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បាននិយាយកាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ នៅក្នុងសេវាសន្តិសុខរបស់ប្រទេសតាហ្ស៊ីគីស្ថានថា អ្នកដែលត្រូវបានឃាត់ខ្លួន នៅក្នុងប្រទេសអាស៊ីកណ្តាល គឺជាអ្នកស្រុកនៃស្រុកVakhdat ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋធានីតាហ្ស៊ីគីស្ថាន Dushanbe ។ របាយការណ៍ បាននិយាយថា អ្នកដែលត្រូវបានឃាត់ខ្លួននេះ ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយក្រុម IS។ យោងតាមទីភ្នាក់ងារនេះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខរុស្ស៊ី ក៏បានចូលរួមនៅក្នុងប្រតិបត្តិការ ដើម្បីឃាត់ខ្លួនពួកគេផងដែរ។


https://chanakyaforum.com/nine-detained-in-tajikistan-in-relation-to-moscow-concert-hall-attack/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)