TA X2

· 03-12

រុស្ស៊ី៖ ការអំពាវនាវរបស់សម្តេច ប៉ាប ជុំវិញសង្គ្រាមអ៊ុយក្រែន គឺសំដៅចំពោះលោកខាងលិច

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

4953

រុស្ស៊ីបាននិយាយថា ការអំពាវនាវរបស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស ដើម្បីឲ្យមានកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺជាការស្នើទៅកាន់សម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវឲ្យបោះបង់មហិច្ឆតារបស់ខ្លួនដែលចង់កម្ចាត់រុស្ស៊ី ហើយទទួលស្គាល់ពីកំហុសរបស់លោកខាងលិច នៅក្នុងសង្គ្រាមអ៊ុយក្រែននេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី។


សម្តេច ប៉ាប បានមានព្រះបន្ទូលថា ប្រទេសអ៊ុយក្រែនគួរតែមានអ្វីដែលព្រះអង្គហៅថា ភាពក្លាហានហ៊ានលើក «ទង់ស» (ព្រមចុះញ៉ម) ហើយព្រមចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមដែលបានកើតចេញពីការលុកលុយពេញលេញរបស់ទីក្រុងមូស្គូ កាលពី ២ឆ្នាំមុន និងដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

ទីភ្នាក់ងារសារព័ត៌មាន ANSA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ដែលបាននិយាយថា៖ «តាមការយល់ឃើញរបស់ខ្ញុំ សម្តេច ប៉ាប កំពុងស្នើឲ្យលោកខាងលិច ទុកចោលមហិច្ឆតារបស់ខ្លួនដោយឡែក ហើយទទួលស្គាល់ថា នោះគឺជាកំហុស»។

លោកស្រី Zakharova បានប្រាប់ថា លោកខាងលិចកំពុងប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍នៃមហិច្ឆតារបស់ខ្លួន ដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ។ លោកស្រីបានបន្តថា ចំពោះរុស្ស៊ីវិញ «យើងមិនដែលរារាំងការចរចាទេ» ហើយលោកស្រីបញ្ជាក់បន្ថែមថា ស្ថានភាពនៅអ៊ុយក្រែន «ដល់ទីបញ្ចប់ហើយ»។

គួរបញ្ជាក់ថា អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ (ទី១០ ខែមីនា) បានច្រានចោលការអំពាវនាវរបស់សម្តេច ប៉ាប ដែលចង់ឲ្យមានការចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា សម្ដេចសង្ឃកាតូលិក កំពុងចាប់ផ្ដើមពាក់ព័ន្ធក្នុង «ការសម្រុះសម្រួលនិម្មិត» ហើយរដ្ឋមន្ត្រីការបរទេសរបស់លោក បាននិយាយថា ទីក្រុងគីវនឹងគ្មានថ្ងៃចុះញ៉មឡើយ៕

https://timesofindia.indiatimes.com/world/europe/russia-says-popes-appeal-on-ukraine-war-is-to-the-west/articleshow/108394574.cms

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)