TA X2

· 03-16

UNICEF ព្រមានពីមហន្តរាយនៃការបាត់បង់ជីវិតនៅស៊ូដង់ ខណៈទុរ្ភិក្សកាន់តែជិតកើតមាន

#ព័ត៌មាន# #Jill Lawler# #ស៊ូដង់# #UNICEF# #ព័ត៍មានអន្តរជាតិ#

3629

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF នៅថ្ងៃសុក្រ (ទី១៥ ខែមីនា) នេះ បានព្រមានអំពីមហន្តរាយនៃការបាត់បង់អាយុជីវិតនាពេលខាងមុខ នៅក្នុងប្រទេសស៊ូដង់ ខណៈដែលសង្រ្គាមស៊ីវិល ធ្វើឲ្យភាពអត់ឃ្លានមានសភាពកាន់តែអាក្រក់ទៅៗ និងបានអំពាវនាវឲ្យមានការកៀរគរធនធានក្នុងចំនួនដ៏ច្រើន។


គួរបញ្ជាក់ថា កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) របស់ស៊ូដង់ បាន និងកំពុងប្រយុទ្ធជាមួយកងទ័ពរបស់ស៊ូដង់ ដើម្បីគ្រប់គ្រងប្រទេស នៅក្នុងសង្គ្រាមមួយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយមនុស្សរាប់លាននាក់ភៀសខ្លួនទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងបង្កឲ្យមានការព្រមានអំពីទុរ្ភិក្ស។

នៅឯសន្និសីទអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Jill Lawler ប្រធានផ្នែកប្រតិបត្តិការ និងសង្គ្រោះបន្ទាន់របស់អង្គការ UNICEF នៅស៊ូដង់ បាននិយាយថា៖ «សង្រ្គាមបង្ហូរឈាម ក្នុងប្រទេសស៊ូដង់ កំពុងរុញច្រានប្រទេសនេះឆ្ពោះទៅរកគ្រោះទុរភិក្ស ហើយប្រសិនបើមិនមានឆន្ទៈនយោបាយ ការយកចិត្តទុកដាក់ និងធនធានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនៅពេលនេះនោះទេ យើងកំពុងសម្លឹងមើលមហន្តរាយនៃការបាត់បង់អាយុជីវិត ដែលកើតមាននាពេលខាងមុខ»។

លោកស្រី Lawler គឺជាផ្នែកនៃបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រឡប់ទៅរដ្ឋធានី Khartoum វិញ ចាប់តាំងពីការប្រយុទ្ធគ្នា រវាងកងទ័ព និង RSF បានចាប់ផ្តើមនៅទីនោះ ក្នុងខែមេសា ឆ្នាំ២០២៣។ លោកស្រីបាននិយាយថា ក្រុមមនុស្ស ១២នាក់ បានរកឃើញកុមារ ដែលខ្វះអាហារូបត្ថម្ភរស់នៅក្នុងមន្ទីរពេទ្យងងឹតឈឹង ដោយសារតែម៉ាស៊ីនភ្លើងមិនដំណើរការ៕

https://www.reuters.com/world/africa/unicef-warns-catastrophic-loss-lives-sudan-famine-looms-2024-03-15/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)