TA X2

· 03-13

លោក Biden៖ មិនចាំបាច់បន្ថែមទាហានអាមេរិកទៀតនោះទេ នៅមុនការស្នើរបស់ប៉ូឡូញ

#ប៉ូឡូញ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2834

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា មិនចាំបាច់មានទាហានអាមេរិកបន្ថែម ដើម្បីពង្រឹងព្រំដែនប្រទេសប៉ូឡូញនោះទេ ដែលការលើកឡើងនេះកើតមានឡើងនៅមុនពេលមានសំណើពីប្រមុខរដ្ឋរបស់ប្រទេសនោះ សម្រាប់បុគ្គលិក និងសម្ភារៈយោធាបន្ថែមទៀត ដើម្បីជួយសម្រាលការព្រួយបារម្ភ ចំពោះការលុកលុយរបស់រុស្ស៊ីលើផ្នែកខាងកើតរបស់ប្រទេសសមាជិកអង្គការណាតូមួយនេះ។


លោក Biden នៅថ្ងៃអង្គារ (ទី១២ ខែមីនា) នេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «មិនចាំបាច់មានទាហានបន្ថែមទៀតនោះទេ នៅព្រំដែនប៉ូឡូញ ប៉ុន្តែខ្ញុំនឹងជួបជាមួយនាយករដ្ឋមន្ត្រីនៅថ្ងៃស្អែកនេះ»។

គួរបញ្ជាក់ថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងនាយករដ្ឋមន្ត្រីលោក Donald Tusk នឹងជួបជាមួយលោក Biden នៅសេតវិមាន នាថ្ងៃពុធ (ទី១៣ ខែមីនា) នៅពេលដែលរុស្ស៊ីហាក់ដូចជាកំពុងមានប្រៀប ក្នុងសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែនដែលជាប្រទេសជិតខាងភាគខាងកើតរបស់ប្រទេសប៉ូឡូញ។

ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី កាលពី ២ឆ្នាំមុន ប៉ូឡូញបានក្លាយជាច្រកផ្លូវប្រហែល ៨០ភាគរយ ក្នុងការនាំជំនួយមនុស្សធម៌ និងយោធារបស់លោកខាងលិចបញ្ជូនទៅទីក្រុងគីវ ហើយប្រទេសមួយនេះបានឃើញនូវការកើនឡើងនៃវត្តមានកងទ័ពសម្ព័ន្ធភាពនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកនៅឆ្នាំ២០២៣ បានបង្កើតយោធភូមិនៅភាគខាងលិចទីក្រុង Poznan របស់ប៉ូឡូញ និងដាក់កងទ័ពចំនួន ១០.០០០នាក់ឲ្យឈរជើងនៅក្នុងប្រទេសនេះ។

ជំនួបជាមួយលោក Biden នេះ ក៏កើតមានឡើងស្របនឹងខួបលើកទី២៥ នៃសមាជិកភាពរបស់ប៉ូឡូញ ក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងផងដែរ៕


https://kyivindependent.com/biden-says-no-need-for-additional-us-troops-to-be-sent-to-poland/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)