TA X2

· 03-08

អតីតវិស្វករសូហ្វវែរ Google ត្រូវបានចោទប្រកាន់ពីបទលួចការសម្ងាត់ AI ដើម្បីជួយក្រុមហ៊ុនចិន

#Google# #ព័ត៌មាន# #AI# #ព័ត៍មានអន្តរជាតិ#

4602

អតីតវិស្វករសូហ្វវែរ (Software) របស់ក្រុមហ៊ុន ហ្គូហ្គល (Google) ត្រូវបានចោទប្រកាន់នៅរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មទាក់ទងនឹងប្រជ្ញាសិប្បនិមិត្ត AI ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អាល់ហ្វាប៊ែត (Alphabet) មួយនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិនចំនួនពីរស្ថាប័ន ដែលខ្លួនកំពុងធ្វើការជាមួយដោយសម្ងាត់។

លោក ទីង លីនវៃ (Ding Linwei) ដែលត្រូវបានគេស្គាល់ថាឈ្មោះ លីអន ទីង (Leon Ding) ត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ (០៥ មីនា) ដោយគណៈវិនិច្ឆ័យសហព័ន្ធនៅក្នុងទីក្រុង សានហ្រា្វន់ស៊ីស្កូ (San Francisco) ជាមួយនឹងបទល្មើសចំនួនបួនករណីនៃការលួចការសម្ងាត់ពាណិជ្ជកម្ម។ 

បុរសជនជាតិចិន វ័យ ៣៨ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ នៅលំនៅឋានរបស់ខ្លួនក្នុងទីក្រុង ណេវ៉ាក (Newark) រដ្ឋ កាលីហ្វ័រនីញ៉ា។

យោងតាមការចោទប្រកាន់បានបង្ហាញថា លោក ទីង បានលួចយកព័ត៌មានលំអិតអំពីហេដ្ឋារចនាសម្ព័ន្ធហាដវែរ (Hardware) និងកម្មវិធីសូហ្វវែរកុំព្យូទ័រ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រទំនើបរបស់ Google បណ្តុះបណ្តាលគំរូ AI ដ៏ធំតាមរយៈម៉ាស៊ីនហ្វឹកហាត់។

ការចោទប្រកាន់របស់លោក ទីង នេះត្រូវបានបើកបង្ហាញក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី បៃដិន បានបង្កើតកងកម្លាំងវាយប្រហារការរំខានបច្ចេកវិទ្យា ដើម្បីជួយបញ្ឈប់បច្ចេកវិទ្យាទំនើបដែលត្រូវបានទិញដោយបណ្ដាប្រទេសដូចជាចិន និងរុស្ស៊ី ឬបច្ចេកវិទ្យាណាដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ៕


https://www.indiatoday.in/technology/news/story/google-says-an-ex-employee-stole-ai-secrets-to-help-chinese-companies-he-was-working-for-takes-legal-action-2511685-2024-03-07

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)