TA X2

· 02-28

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan និងភរិយា ត្រូវបានចោទប្រកាន់ពីបទពុករលួយ

#ព័ត៌មាន# #Imran Khan# #ព័ត៍មានអន្តរជាតិ# #ប៉ាគីស្ថាន# #បទពុករលួយ#

3928

គណបក្សរបស់លោក Imran Khan បាននិយាយថា នៅថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) នេះ តុលាការប៉ាគីស្ថានបានចោទប្រកាន់ជាផ្លូវការ ចំពោះអតីតនាយករដ្ឋមន្ត្រីដែលកំពុងជាប់ពន្ធនាគារ និងភរិយារបស់លោក គឺលោកស្រី Bushra Bibi ពីបទ ដែលថា អ្នកទាំង២ បានទទួលដីធ្លីជាសំណូក អំឡុងកាន់តំណែងជានាយករដ្ឋមន្ត្រី។


លោក Khan វ័យ ៧១ឆ្នាំ បានជាប់ពន្ធនាគារ តាំងពីខែសីហា ពាក់ព័ន្ធនឹងករណីផ្សេងទៀត ហើយលោកបានបដិសធរាល់ការចោទប្រកាន់ទាំងឡាយ។ លោកត្រូវបានកាត់ទោសរួចហើយក្នុងសំណុំរឿងចំនួន ២ករណីលើបទចោទប្រកាន់អំពើពុករលួយ ដែលនាំឲ្យរូបលោកអស់សិទ្ធិចូលប្រឡូក ក្នុងឆាកនយោបាយរយៈពេលរហូតដល់ទៅ ១០ឆ្នាំ។

ការជំនុំជម្រះក្ដីនេះត្រូវបានធ្វើនៅក្នុងបរិវេណរបស់ពន្ធនាគារ ហើយគណបក្សបានប្រាប់ថា ទាំងស្វាមី និងភរិយាដែលជាជនជាប់ចោទ បានផ្ដល់ចម្លើយពីភាពគ្មានទោសដល់តុលាការ។ ការចោទប្រកាន់ថ្មីនេះ កើតមានឡើងបន្ទាប់ពីបេក្ខជនដែលគាំទ្រដោយគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan បានឈ្នះអាសនៈសភាច្រើនជាងគេបំផុត នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី៨ ខែកុម្ភៈ បើទោះបីជាមានការផ្តន្ទាទោស និងអ្វីដែលគណបក្សនិយាយថា ជា ការបង្រ្កាបដែលគាំទ្រដោយយោធាក៏ដោយ។

ការចោទប្រកាន់ចុងក្រោយនេះ គឺពាក់ព័ន្ធនឹង Al-Qadir Trust ដែលជាអង្គការសុខុមាលភាពក្រៅរដ្ឋាភិបាល ដែលបង្កើតឡើងដោយលោក Khan និងភរិយាទី៣ របស់លោក គឺលោស្រី Bushra Bibi កាលពីឆ្នាំ២០១៨ ពេលដែលលោកកំពុងកាន់តំណែងនៅឡើយ។ 

រដ្ឋអាជ្ញានិយាយថា អង្គការនេះគឺជារបស់បាំងមុខ ដើម្បីឲ្យលោក Khan ទទួលបានដីធ្លីដ៏មានតម្លៃជាសំណូកពីអ្នកអភិវឌ្ឍអចលនទ្រព្យ លោក Malik Riaz Hussain ដែលជាម្នាក់ ក្នុងចំណោមអ្នកជំនួញមានទ្រព្យសម្បត្តិច្រើនបំផុត និងមានឥទ្ធិពលបំផុតរបស់ប៉ាគីស្ថាន៕


ប្រភពពី៖ https://www.straitstimes.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.straitstimes.com/asia/pakistan-ex-pm-imran-khan-wife-indicted-in-graft-case-geo-news

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)