TA X2

· 02-20

មេដឹកនាំបក្សប្រឆាំងទុយនីស៊ីលោក Ghannouchi ចាប់ផ្តើមធ្វើកូដកម្មអត់អាហារ នៅក្នុងពន្ធនាគារ

#នយោបាយអន្តរជាតិ# #ព័ត៌មាន# #កូដកម្ម# #Rached Ghannouchi#

7044

ក្រុមមេធាវីរបស់គណបក្សប្រឆាំង បានប្រាប់ឲ្យដឹងថា មេដឹកនាំបក្សប្រឆាំង នៅប្រទេសទុយនីស៊ីដែលកំពុងជាប់ពន្ធនាគារ លោក Rached Ghannouchi បានធ្វើកូដកម្មអត់អាហារ នៅថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) នេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយឥស្សរជនប្រឆាំងរដ្ឋាភិបាលផ្សេងទៀត ដែលធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ដើម្បីទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។

លោក Ghannouchi វ័យ ៨២ឆ្នាំ ដែលជាអ្នករិះគន់យ៉ាងខ្លាំងក្លាលើប្រធានាធិបតីលោក Kais Saied និងជាប្រធានគណបក្សប្រឆាំងដ៏ធំ គឺគណបក្ស Ennahda ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ កាលពីឆ្នាំមុន ក្រោមការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងនគរបាល និងរៀបចំផែនការប្រឆាំងនឹងសន្តិសុខរដ្ឋ។

កាលពីដើមខែនេះ ក្នុងសំណុំរឿងដាច់ដោយឡែកមួយ ចៅក្រមបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទទទួលយកហិរញ្ញប្បទានពីខាងក្រៅ។ យ៉ាងណាក្ដី នៅថ្ងៃចន្ទនេះ ក្រុមមេធាវីបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខណៈពេលដែលរូបលោកកំពុងតស៊ូដោយ «ក្រពះទទេ» លោក Ghannouchi អំពាវនាវឲ្យប្រជាជនទុយនីស៊ីប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យរបស់ទុយនីស៊ី ដែលរួមបញ្ចូលមនុស្សគ្រប់រូបដោយផ្អែកលើសេរីភាព និងឯករាជ្យភាពនៃតុលាការ»។

សូមរំលឹកថា បក្សប្រឆាំងនិយាយថា ការបិទសភាជាប់ឆ្នោតភ្លាមៗរបស់លោក Saied ក្នុងឆ្នាំ២០២១ ហើយការផ្លាស់ប្តូរទៅគ្រប់គ្រងដោយក្រឹត្យ គឺស្មើនឹងរដ្ឋប្រហារ។

មេដឹកនាំគណបក្សប្រឆាំង ៦នាក់ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន នៅក្នុងការបង្រ្កាបមួយ បានចាប់ផ្តើមកូដកម្មអត់អាហារដោយគ្មានកំណត់ កាលពីសប្តាហ៍មុន ដើម្បីតវ៉ានឹងការដាក់ពន្ធនាគារលើពួកគេ ដោយគ្មានការកាត់ទោស និងទាមទារឲ្យមានការដោះលែងជាបន្ទាន់៕


ប្រភពពី៖ Reuters

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.reuters.com/world/africa/tunisia-opposition-leader-ghannouchi-begins-hunger-strike-prison-2024-02-19/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)