TNAOT News

· 01-24

អ៊ំស្រី គឹមយ៉ានដើរតួរជាម្តាយផង ឪពុកផង ក៏ព្រោះតែពាក្យថា “កូនស្ងួន” និង ទំនួលខុសត្រូវសងបំណុលគេ…

#ពោតឆា# #ស៊ូ-ស៊ូ Fighting# #សង្គម# #អ៊ំស្រី គឹមយ៉ាន# #ព័ត៌មានសង្គម#

8708

ធ្លាប់មានអារម្មណ៍តូចចិត្ត នឹងវាសនាបន្តិចបន្តួចដែរ ខណៈដែលមេឃចាប់ផ្តើមងងឹតទៅៗ បាយក៏មិនដែលត្រង់មាត់ សម្រាន្តក៏មិនបានលង់លក់ស្រួលដូចអ្នកផ្សេងទៀតនោះទេ ពីមួយថ្ងៃៗចាប់ពីម៉ោង៦ ល្ងាច ត្រូវរៀបចំអ៊ីវ៉ាន់យ៉ាងញាប់ដៃញាប់ជើង ដាក់រទះរុញមកកន្លែងលក់រហូតដល់ម៉ោង ៤ទៀបភ្លឺ ទើបត្រឡប់ទៅផ្ទះវិញ។

អ៊ំស្រី គឹមយ៉ាន មានរបរជាអ្នកលក់ពោតស្ងោរ ពោតឆា និងពោតលីងនៅតាមបណ្តោយផ្លូវ វិមានឯករាជ្យ ដែលទីតាំងមួយនេះប្រមូលផ្តុំអ្នកចាប់យករបរនេះច្រើនណាស់ ដោយលក់ដូចគ្នាស្ទើរតែនឹកស្មានមិនដល់។ អ៊ំស្រី គឹមយ៉ាន បានប្រកបរបរនេះរយៈពេលជិត​ ២០ឆ្នាំមកហើយ តាំងពីកូនៗអ៊ុំនៅតូចៗ និងមានស្វាមីនៅជួយយកអាសាម្ល៉េះ ពោលគឺរបរនេះក៏អាចផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃបានធូរមួយកម្រិត និងអាចចិញ្ចឹមកូនបីនាក់ក្នុងបន្ទុកឲ្យធំធាត់ និងអាចរៀនសូត្របានដល់ថ្នាក់មហាវិទ្យាល័យផងដែរ។ ប៉ុន្តែជាអកុសលកាលពី ៧ឆ្នាំកន្លងផុតទៅ អ៊ំស្រី ក៏ត្រូវព្រាត់ស្វាមីជាទីស្រលាញ់ គ្មានថ្ងៃនឹងត្រឡប់មកវិញ ដោយគាត់ទទួលមរណភាព ទុកឲ្យអ៊ំស្រីក្លាយជាស្ត្រីមេម៉ាយ ដើរតួជាម្តាយផង ជាឪពុកផង ដើម្បីចិញ្ចឹមកូនបីនាក់ក្នុងបន្ទុកឲ្យទទួលបានការងារធ្វើសមរម្យរៀងៗខ្លួនមកដល់សព្វថ្ងៃនេះ។

បំណាច់តែប្រឹងប្រែងមកលក់ទាំងខ្លួនមិនបានសម្រាន្តគ្រប់គ្រាន់យ៉ាងដូច្នេះហើយ និងទោះមួយថ្ងៃៗអាចចំណេញបានតែ៥ម៉ឺនរៀលតែប៉ុណ្ណោះ ក៏អ៊ុំស្រីមិនចុះចាញ់ដែរ ប៉ុន្តែដោយសារតែអ៊ំស្រីមានអាយុជាង ៥០ឆ្នាំទៅហើយចង់ផ្លាស់ប្តូរមុខរបរក៏មិនកើត ចង់ឈប់លក់ដូរអ្វីផ្សេងក៏មិនបានដែរ ពិព្រោះតែខ្លួននៅជាប់បំណុលគេ ពោលឆ្លៀតដកប្រាក់ចំណេញនោះសន្សំក្នុងមួយថ្ងៃ៥ពាន់រៀលដើម្បីសងបំណុលធនាគារទៀតផង។ 

នៅមិនទាន់អស់នៅឡើយទេ អ៊ំស្រី គឹមយ៉ាន ក៏បានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT បន្តទៀតថា ការលក់ដូរនៅអំឡុងមេឃងងឹត រហូតដល់ម៉ោង៤ ទៀបភ្លឺយ៉ាងដូច្នេះ គឺប៉ះពាល់ដល់សុខភាពខ្លាំងណាស់ សម្រាន្តក៏មិនបានគ្រប់គ្រាន់ដែរ ហើយការសម្រាន្តនៅពេលថ្ងៃត្រង់នេះ គឺមិនបានពេញភ្នែកដូចសម្រាន្តនាពេលរាត្រីឡើយ ចំណែកឯការអង្គុយយូរម៉ោងក៏រោយចង្កេះ រោយភ្នែកនិងស្រវាំងភ្នែកម្តងម្តាលទៀតផង ប៉ុន្តែដោយសារភពខ្វះខាតក្នុងជីវភាពគ្រួសារ ត្រូវមើលថែកូនក្នុងបន្ទុក ត្រូវសងបំណុលគេផង និងទុកសម្រាប់ទិញថ្នាំសង្កូវពេលខ្លួនចាស់ទៀតនោះ ទើបមិនអាចបញ្ឈប់ការលក់ដូរដែលបានខិតខំតស៊ូអស់រយៈពេលជិត ២០ឆ្នាំកន្លងទៅក្នុងពេលនេះបានទេ គឺត្រូវជម្រុញចិត្តអ៊ំស្រី ឲ្យបន្តលក់ដូររហូតដល់សព្វថ្ងៃនេះ។​

ពីសារព័ត៍មាន TNAOT គ្មានអ្វីអាចជួយអ៊ុំស្រីបានច្រើនទេ ក្រៅពីជួយជាវ និងសូមផ្តល់ជាកម្លាំងចិត្តដល់អ៊ំស្រីគឹមយ៉ាន ស៊ូ-ស៊ូ and Fighting ណាអ៊ុំ! យើងខ្ញុំសូមជូនពរឲ្យអ៊ំស្រី លក់ដូរកាន់តែដាច់ខ្លាំងឡើងមួយកម្រិតទៀត និងមានម៉ូយជួយទិញកាន់តែច្រើនឡើងៗផងដែរ អ៊ុំជាគម្រូល្អ និង ជាម្តាយដ៏មហិមារ៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស