TNAOT News

· 2023-12-25

ការចេញរកស៊ីជួយគ្នារវាងប្តីប្រពន្ធ មិនមែនជារឿងដែលគួរឲ្យខ្មាស់គេទេបង! សំខាន់យើងហ្មត់ចត់នឹងការងារ និងផ្តល់ទំនុកចិត្តឲ្យគ្នា

#សង្គម# #ស៊ូស៊ូ# #ព័ត៌មានសង្គម# #នំរ៉ត់ទី#

7290

ពាក្យថា”តស៊ូនឹងជីវិត តស៊ូនឹងមុខរបរសុច្ចរឹត ទោះជាហត់នឿយប៉ុណ្ណាក៏ត្រូវតែពុះពារដែរ គ្មានអ្វីដែលឈ្នះជាងការតាំងចិត្តនោះទេ” នេះជាអ្វីដែលដែលបងស្រី ចិន្តា បានប្រាប់ក្រុមការងារ TNAOT APP អំឡុងពេលដែលបងស្រីកំពុងលក់នំរ៉ត់ទីនៅត្រើយខាងកើតនៃមាត់ទន្លេ។

បងប្អូនអាចនឹងឆ្ងល់ និងអាចនឹងមើលឃើញភាគច្រើនថាអ្នកលក់នំរ៉ត់ទីជាបុរស ព្រោះត្រូវបើករឺម៉កម៉ូតូដែលភ្ជាប់នឹងធុងហ្កាសនិងគ្រឿងផ្សំនានាដើម្បីចំអិននំរ៉ត់ទី តែពេលនេះយើងខ្ញុំពិតជាទប់ការសរសើរមិនបានចំពោះបងស្រី ចិន្តា ដែលប្រឹងតស៊ូលក់នំ ប្រកបដោយស្នាមញញឹម មានកម្លាំងពលំដូចមនុស្សប្រុសដែរ ថែមទាំងមានភាពក្លាហានថែមទៀតផង។

ខណៈដែលក្រុមការងារបានទិញនំបងស្រីបណ្តើរ សន្ទនាគ្នាបណ្តើរ ស្រាប់តែបងចិន្តាបង្ហើបប្រាប់ថា​៖ ខ្ញុំមកនៅភ្នំពេញនេះរាងយូរគ្រាន់ដែរហើយ ខ្ញុំជាអ្នករស់ខេត្តក្រចេះ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំនិងមានកូនស្រីម្នាក់។ មុនដំបូងប្តីខ្ញុំមិនសូវបណ្តោយឲ្យខ្ញុំលក់ប៉ុន្មានទេ ព្រោះខ្លាចពិបាកដឹកជញ្ជូន និងគិតពីសុវត្ថិភាពខ្លួនខ្ញុំជាស្រីដែរ ប៉ុន្តែក្រោយពីខ្ញុំព្យាយាមហើយ ព្យាយាមទៀត ថាខ្ញុំចង់ជួយគាត់ ដោយបង្ហាញពីទង្វើទៅកាន់គាត់ប្រកបដោយទំនុកចិត្ត ទើបគាត់យល់ព្រមឲ្យខ្ញុំមកដល់លក់នៅតាមផ្លូវមាត់ទន្លេនេះ។

ជំនាញធ្វើនំរ៉ត់ទីនេះគឺប្តីប្រពន្ធខ្ញុំរៀនពី Youtube ទេបង! មិនបានចេះមកពីខាងណាទេ រួចបន្តមកក៏សាកធ្វើវា និងផ្សែផ្សំច្នៃប្រឌិតគ្រឿងដោយខ្លួនឯងតែម្តង ហើយបន្តមកពួកយើងក៏សន្សំលុយទៅកាត់ទូភ្ជាប់ជាមួយម៉ូតូតែម្តង។ ពួកខ្ញុំចែកគ្នាលក់ដូរ និងចែកទីតាំងគ្នា ប៉ុន្តែប្តីខ្ញុំក៏មិនហ៊ានទៅលក់ទីណាឆ្ងាយពីខ្ញុំដែរ(គាត់សើច) មិនមែនគាត់ប្រច័ណ្ឌខ្ញុំទេបង គឺគាត់បារម្ភពីសុវត្ថិភាពរបស់យើងពេលយប់ព្រលប់ ប៉ុន្តែក្រោយលក់អស់នំពួកយើងក៏បើកបរម៉ូតូទៅផ្ទះជាមួយគ្នា ! កូនរបស់ពួកយើងផ្ញើទុកជាម្តាយខ្ញុំនៅឯស្រុក ព្រោះពួកយើងនៅបន្ទប់ជួល ដូច្នេះពួកយើងមិនសូវមានពេលវេលាគ្រប់គ្រាន់មើលគាត់ពេលយប់ឡើយ។ បងស្រីចិន្តារៀបរាប់ប្រាប់អ្នកសារព័ត៌មាន TNAOT ថា៖ ចំពោះចំណូលវិញ ចំណេញច្រើនបង បើយើងលក់ដាច់ ជួនកាល១០០នំ យើងចំណេញជាង១០ ទៅ២០ម៉ឺនអីទៅ បើកាត់ថ្លៃចំណាយគ្រឿងនិងធុងហ្កាសផ្សេងៗ ប៉ុន្តែម្សៅនំរ៉ត់ទី យើងត្រូវធ្វើមួយថ្ងៃ លក់មួយថ្ងៃ ដូច្នេះបើលក់អត់អស់ យើងត្រូវតស៊ូរកកន្លែងលក់ឲ្យអស់ដែរ! ទើបគុណភាពនេះឈ្ងុយឆ្ងាញ់។ ហើយអ្វីកាន់តែពិសេសសម្រាប់នំរ៉ត់ទីនោះគឺ គ្រឿងផ្សំដាក់ឲ្យត្រូវតាមការកម្ម៉ង់របស់អ្នកទិញ ទើបទាក់ទាញចំណាប់អារម្មណ៍គេមកទិញជាប់មិនដាច់បង។ បងស្រីចិន្តា បានផ្តាំថា គ្មានការងារអ្វីដែលមនុស្សស្រីធ្វើមិនបានទេបង ប្រសិនបើយើងព្យាយាម ហើយក៏គ្មានការងារអីដែលលំបាកដែរ ប្រសិនបើយើងតាំងចិត្តរៀនពីវា និងគ្រប់គ្រងវាបាន! (សំដីបងស្រីពិតជាមានន័យខ្លាំងណាស់) ស្តាប់ហើយពិតជាគួរឲ្យយកគម្រូតាម ជូនបងស្រីមានសុភមង្គល និង លក់ដាច់ពង្រីកមុខរបររបស់ជោគជ័យជានិច្ចណាបង! ស៊ូ ស៊ូ ណាបងស្រីចិន្តា…..

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស