ថ្មីៗ-ThmeyThmey
· 2023-11-08
តើសេដ្ឋកិច្ចអឺរ៉ុបកាន់តែដុនដាបជាងអាម៉េរិក?
#សង្គម# #សេដ្ឋកិច្ចអន្តរជាតិ# #សេដ្ឋកិច្ចអឺរ៉ុប#
2140
ដោយ: ធន់ សេងហុង (THUN Senghong)
បញ្ហាអតិផរណា អត្រាការប្រាក់ ប្រាក់ឈ្នួល ថ្លៃថាមពល និងការប្រើប្រាស់ទន់ខ្សោយបាននឹងកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចតំបន់អឺរ៉ុប ខណៈនៅអាម៉េរិកវិបត្តិទាំងអស់នេះហាក់មានភាពប្រសើរជាង។ កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនៅត្រីមាសទី៣នេះបានធ្លាក់ចុះ០,៤ភាគរយ ស្របពេលដែលអាម៉េរិកកើន៤,៩ភាគរយ។
ស្ថានភាពសេដ្ឋកិច្ចនិងអឺរ៉ុប និងអាម៉េរិកនាពេលបច្ចុប្បន្ន
ទិន្នន័យដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុបEurostat បានបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសចំនួន២០ ដែលប្រើប្រាស់រូបិយប័ណ្ណរួមប្រាក់អឺរ៉ូនៅត្រីមាសទី៣បានធ្លាក់ចុះ០,៤ភាគរយ ខណៈនៅត្រីមាសទី២ សម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំត្រឹមតែ០,៦ភាគរយ។
ស្ថានភាពអាប់អួរនៃសេដ្ឋកិច្ចអឺរ៉ុបគឺផ្ទុយស្រឡះទាំងស្រុងទៅនឹងអ្វីដែលកំពុងកើតឡើងនៅអាម៉េរិក ដែលសេដ្ឋកិច្ចសម្រេចបាននូវអត្រាកំណើន៤,៩ភាគរយនៅត្រីមាសទី៣ ដែលជាការកើនឡើងទ្វេដងនៃអត្រាកំណើនដែលបានកត់ត្រានៅក្នុងត្រីមាសទី២។
ក្រៅពីនេះ អតិផរណានៅអឺរ៉ុបក៏កំពុងបង្ហាញសញ្ញានៃការធ្លាក់ចុះលឿនជាងនៅអាម៉េរិកផងដែរ។ ទិន្នន័យដែលចេញផ្សាយដោយ Eurostat បង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) របស់តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង ២,៩ភាគរយក្នុងខែតុលា បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលជាការកើនឡើងទាបបំផុតចាប់តាំងពីខែកក្កដាឆ្នាំ២០២១។ អតិផរណាស្នូលបានថយចុះដល់ ៤,២ភាគរយពី ៤,៥ភាគរយ ដែលបានកត់ត្រាក្នុងខែកញ្ញា។
នៅអាម៉េរិក ការកើនឡើង CPI ក្នុងខែកញ្ញាមាន៣,៧ភាគរយស្មើនឹងតួលេខកាលពីខែសីហា។ យ៉ាងណា ការកើនឡើង CPI ស្នូលរបស់អាម៉េរិកនៅក្នុងខែកញ្ញាបានថយចុះ ៦ខែជាប់ៗគ្នាមកត្រឹម៤,១ភាគរយ។
កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូពិតជាខ្សោយជាងអាម៉េរិកចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ហើយគម្លាតរវាងភាគីទាំងពីរ បានកើនឡើងខ្លាំងចាប់តាំងពីជំងឺកូវីដ-១៩ ដែលបានក្លាយជាជំងឺរាលដាលសកលនៅដើមឆ្នាំ២០២០។
តើស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបកាន់តែដុនដាបខ្លាំងជាងអាម៉េរិកមែនទេ ?
បន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យតម្លៃថាមពល និងអាហារកើនឡើង ដោយកាត់បន្ថយអំណាចចំណាយរបស់គ្រួសារអឺរ៉ុប។ ក្នុងនាមជាប្លុកដែលមានសេដ្ឋកិច្ចកម្រិតខ្ពស់ ដោយពឹងផ្អែកខ្លាំងលើថាមពលនាំចូល អឺរ៉ុបបានទទួលរងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលតម្លៃឧស្ម័ន និងអគ្គិសនីកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលអាម៉េរិកជាអ្នកនាំចេញថាមពលទទួលអត្ថប្រយោជន៍ច្រើនឬតិចពីការកើនឡើងតម្លៃថាមពលសកល។
ទន្ទឹមនេះ ការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់នៅតាមបណ្តាប្រទេសនានាពីការចំណាយប្រាក់ជាចម្បងលើទំនិញក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទៅជាការចំណាយកាន់តែច្រើនលើសេវាកម្មនៅពេលបើកដំណើរការឡើងវិញបាននាំឱ្យមានការធ្លាក់ចុះនៃតម្រូវការទំនិញ។
លើសពីនេះ ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ ជាមូលហេតុមួយទៀតនៃការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក។ ក្នុងបរិបទបែបនេះ សេដ្ឋកិច្ចរបស់រដ្ឋដែលមានការរួមចំណែកច្រើនពីផលិតកម្ម និងការនាំចេញដូចជា អាល្លឺម៉ង់ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។
« សេដ្ឋកិច្ចអាល្លឺម៉ង់បច្ចុប្បន្ននៅទ្រឹង។ អត្រាការប្រាក់ និងតម្លៃថាមពលខ្ពស់រហូតដល់នាំឲ្យតម្រូវការទន់ខ្សោយពីទីផ្សារខាងក្រៅ ជាឧបសគ្គសម្រាប់ប្រទេសមួយនេះ »។ នេះបើតាមលោក Geraldine Dany-Knedlik ប្រធានស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវ DIW Berlin បានប្រាប់ទៅ Wall Street Journal ។
គម្លាតរវាង GDP និងអតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូ និងអាម៉េរិកបានបង្ហាញថា យុទ្ធនាការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងមានឥទ្ធិពលកាន់តែខ្លាំងលើសេដ្ឋកិច្ចក្នុងតំបន់ដោយប្រឈមមុខនឹងបញ្ហាជាច្រើន។
ទន្ទឹមនេះ សេដ្ឋកិច្ចអាម៉េរិកនៅតែបន្តឈរជើងយ៉ាងរឹងមាំ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ចំនួន១១ដង។ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ECB បានរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរនៅកម្រិតខ្ពស់បំផុត ៤ភាគរយបន្ទាប់ពីការដំឡើង ១០ដងជាប់ៗគ្នា។
តើមានបញ្ហាប្រឈមអ្វីខ្លះ ដែលកំពុងគ្របដណ្តប់សេដ្ឋកិច្ចអឺរ៉ុប ?
កំណើនសេដ្ឋកិច្ចខ្សោយនៅអឺរ៉ុបក៏បង្កបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចផ្សេងទៀតជុំវិញពិភពលោក។ ការនាំចូលរបស់សហភាពអឺរ៉ុបពីចិនក្នុងរយៈពេល៨ នៃឆ្នាំនេះបានថយចុះ ១៥,៤ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីអង់គ្លេសបានថយចុះ ១៣,៧ភាគរយ។ ការនាំចូលរបស់សហភាពអឺរ៉ុបពីអាម៉េរិកមានការប្រែប្រួលតិចតួច ដោយសារអឺរ៉ុបត្រូវតែបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីអាម៉េរិកដើម្បីជំនួសការផ្គត់ផ្គង់ឧស្ម័នដែលត្រូវបានកាត់បន្ថយពីរុស្ស៊ី។
បន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង តម្លៃថាមពល និងអាហារនៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងជាងនៅអាម៉េរិក ដែលបង្ខំឱ្យគ្រួសារអឺរ៉ុបកាត់បន្ថយការចំណាយលើទំនិញ និងសេវាកម្មផ្សេងទៀត។ នៅជុំវិញពិភពលោក ប្រជាជនមានទំនោរកាត់បន្ថយការចំណាយលើទំនិញ ហើយជំនួសមកវិញនូវការចំណាយកាន់តែច្រើនលើសេវាកម្មដែលពួកគេមិនបានប្រើប្រាស់អំឡុងពេលជំងឺកូវីដ-១៩។
នៅក្នុងទ្វីបអឺរ៉ុប ការផ្លាស់ប្តូរនេះគឺជាភស្តុតាងជាក់ស្តែង ជាឧទាហរណ៍ការលក់រាយនៅក្នុងតំបន់អឺរ៉ូនៅខែសីហាបានថយចុះ ៧,៥ភាគរយបើធៀបនឹងខែមករាឆ្នាំ ២០២២ ហើយបើធៀបនឹងការថយចុះត្រឹមតែ ១,៨ភាគរយនៅអាម៉េរិក។
នៅអាល្លឺម៉ង់ការចំណាយរបស់អ្នកប្រើប្រាស់សរុបនៅក្នុងត្រីមាសទី២ បានធ្លាក់ចុះ ០,៥ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលអាម៉េរិកបានកើនឡើង ១,៨ភាគរយ។ នៅក្នុងត្រីមាសទី៣ ការប្រើប្រាស់របស់អាម៉េរិកបានបន្តកើនឡើង ខណៈពេលដែលការប្រើប្រាស់របស់អាល្លឺម៉ង់មានការថយចុះ។
ឧបសគ្គមួយទៀតសម្រាប់សេដ្ឋកិច្ចអាល្លឺម៉ង់ជាពិសេសនិងតំបន់អឺរ៉ូជាទូទៅគឺការកើនឡើងនៃថ្លៃដើមសម្រាប់វិស័យផលិតកម្មដែលមានការប្រើប្រាស់ថាមពលខ្ពស់។ ជាឧទាហរណ៍ ឧស្សាហកម្មគីមីរបស់អាល្លឺម៉ង់ត្រូវកាត់បន្ថយទិន្នផល ព្រោះវាមិនអាចទ្រាំទ្រនឹងការកើនឡើងថ្លៃដើមថាមពល ដែលបណ្តាលឱ្យទិន្នផលឧស្សាហកម្មសរុបរបស់ប្រទេសក្នុងខែសីហាឆ្នាំនេះធ្លាក់ចុះ ២,២ភាគរយបើធៀបពេលសង្គ្រាមបានផ្ទុះឡើង។ ផ្ទុយទៅវិញ ទិន្នផលឧស្សាហកម្មរបស់អាម៉េរិកបានកើនឡើង ២,៣ភាគរយ។
បច្ចុប្បន្ននេះ ស្ទើរតែគ្មានសញ្ញាណាមួយដែលបង្ហាញថា កំណើនសេដ្ឋកិច្ចតំបន់ចាយលុយអឺរ៉ូនឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ការស្ទង់មតិធុរកិច្ចខែតុលាដែលធ្វើឡើងដោយក្រុមហ៊ុនទីផ្សារ S&P Global ថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាពផលិតកម្ម និងអាជីវកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែការថយចុះយ៉ាងខ្លាំងនៃការបញ្ជាទិញ និងអ្នកគ្រប់គ្រងការទិញ ដោយបានរាយការណ៍ពីការកាត់បន្ថយការងារជាលើកដំបូងចាប់តាំងពីខែមករាឆ្នាំ២០២១។ ផ្ទុយទៅវិញ ការស្ទង់មតិស្រដៀងគ្នានៅអាម៉េរិកបានបង្ហាញថា សកម្មភាពផលិតកម្ម និងអាជីវកម្មបានកើនឡើងក្នុងខែតុលា។
ប្រាក់ឈ្នួលនៅក្នុងតំបន់អឺរ៉ូកំពុងកើនឡើងលឿនជាងនៅអាម៉េរិកបន្តិច។ ការនេះនឹងគាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់នៅឆ្នាំ ២០២៤ ប៉ុន្តែអឺរ៉ុបទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាកាន់តែច្រើន។ ជាពិសេស អាឡឺម៉ង់កំពុងតស៊ូដើម្បីរក្សាឧស្សាហកម្មគីមីរបស់ខ្លួន ដើម្បីស្វែងរកប្រភពថាមពលជំនួសសម្រាប់ឧស្ម័នរុស្ស៊ី។ ក្នុងចំណោមគណបក្សចម្រុះទាំងបីនៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្ន ភាគីមួយគាំទ្រការឧបត្ថម្ភធនថាមពល ខណៈភាគីពីរផ្សេងទៀតបង្ហាញពីជំហរប្រុងប្រយ័ត្ន។
ក្រុមហ៊ុនគីមីដ៏ធំរបស់អាល្លឺម៉ង់ BASF ថ្មីៗនេះបានប្រកាសពីការថយចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលសម្រាប់រយៈពេល ៩ខែឆ្នាំនេះ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ហើយបានលើកឡើងថា ខ្លួននឹងកាត់បន្ថយផែនការវិនិយោគថ្មី។
តើអឺរ៉ុបមានដំណោះស្រាយបែបណា ជុំវិញបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ ?
ជុំវិញបញ្ហាអត្រាការប្រាក់ និងអតិផរណា ធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ឈប់ការដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៥ខែ ដោយសារវិបត្តិសេដ្ឋកិច្ចបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្នអត្រាការប្រាក់បញ្ញើនៅតំបន់នេះស្ថិតក្នុងរង្វង់៤ភាគរយ។
អាល្លឺម៉ង់ដែលមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ត្រូវរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចម្តងទៀត បន្ទាប់ពីបានងើបឡើងវិញបន្តិចក្នុងត្រីមាសទី២ ប្រសិននៅតែផ្គើនដំឡើងអត្រាការប្រាក់បន្តទៀត ។
ទន្ទឹមនេះវិស័យថាមពល រដ្ឋាភិបាលអ៊ឺរ៉ុបបានចាប់ផ្តើមអនុវត្តនូវការឆ្លើយតបគោលនយោបាយជាច្រើនក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់លើការចំណាយលើអ្នកប្រើប្រាស់ និងអាជីវកម្ម រួមទាំងតម្លៃលក់រាយ ពន្ធគយ កម្មវិធីគាំទ្រសម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកលើថាមពល និងផ្តល់សាច់ប្រាក់ងាយស្រួល ឬការគាំទ្រដើមទុនសម្រាប់ក្រុមហ៊ុនថាមពល រួមទាំងការធ្វើជាតូបនីយកម្មផងដែរ។
ចំណែកបញ្ហាថ្លៃប្រេងវិញ គេត្រូវរង់ចាំមើលស្ថានភាពសង្រ្គាមនៅមជ្ឈិមបូព៌ា ជាមួយនិងជម្លោះរ៉ាំរ៉ៃរវាងរុស្សី-អ៊ុយក្រែនមានភាពធូរស្រាល ដោយសារតែជម្លោះនេះស្ថិតនៅក្នុងតំបន់ផលិតប្រេងធំៗរបស់ពិភពលោក ។ ថ្មីៗនេះ ប្រទេសនាំចេញប្រេងធំៗពីររបស់ពិភពលោកគឺរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានប្រកាសបន្តស្ម័គ្រចិត្តកាត់បន្ថយការផលិតប្រេងរហូតដល់ដំណាច់ឆ្នាំនេះ ដែលនេះហើយនាំឲ្យពិបាកទ្រទ្រង់ឡើងវិញនៃការកើនឡើងថ្លៃដើមផលិតក្នុងតំបន់អឺរ៉ុប។
លើសពីនេះ គេក៏មិនត្រូវមើលរំលងមហាសេដ្ឋកិច្ចទី២ របស់ពិភពលោក ដែលជារោងចក្រផលិតសម្ភារៈផ្គត់ផ្គង់ដើម្បីប្រើប្រាស់ ដែល GDP ចិននៅត្រីមាសទី៣ បានកើនឡើង ៤,៩ភាគរយ។ អឺរ៉ុបភាគច្រើនពឹងផ្អែកលើទំនិញប្រើប្រាស់ពីចិន ។
កាលចុងខែកញ្ញា លោក Valdis Dombrovskis មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានទៅទស្សនកិច្ចនៅចិន ។ ក្នុងជំនួបនាពេលនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានស្តីពីការរឹតបន្តឹងការនាំចេញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញអតុល្យភាពពាណិជ្ជកម្មទ្វេភាគី និងបញ្ហាផ្សេងៗទៀតនៃភូមិសាស្ត្រនយោបាយ ៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)