ថ្មីៗ-ThmeyThmey
· 2023-10-22
អតិផរណាថយចុះ ធនាគារកណ្តាលអាម៉េរិកបង្ហាញសញ្ញាផ្អាកដំឡើងអត្រាការប្រាក់
#Jerome Powell# #ធនាគារកណ្តាលអាម៉េរិក# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4722
លោក Jerome Powell ប្រមុខ Fed ។ រូបភាព ៖ AP
ដោយ: ធន់ សេងហុង (THUN Senghong)
ប្រធានធនាគារកណ្តាលអាម៉េរិក (Fed) បានអះអាងថា ធនាគារអាចដំឡើងអត្រាការប្រាក់ម្តងទៀតបាន លុះត្រាតែមានបញ្ហាណាមួយប៉ះពាល់ដំណើរសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ នៅអាម៉េរិកបច្ចុប្បន្នអត្រាការប្រាក់យោងស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ ខណៈអតិផរណានៅខែកញ្ញាមានត្រឹមតែ ៣,៧ភាគរយ។
ធនាគារកណ្តាលអាម៉េរិកបានបង្ហាញសញ្ញាពីការផ្អាកដំឡើងអត្រាការប្រាក់។ ប្រធាន Fed លោក Jerome Powell បាននិយាយថា លោកពេញចិត្តនឹងការធ្លាក់ចុះនៃអតិផរណានាត្រីមាសទី៣នេះ ហើយធនាគារកណ្តាលទំនងជាមិនដំឡើងអត្រាការប្រាក់ម្តងទៀតទេ លុះត្រាតែមានភស្តុតាងច្បាស់លាស់ដែលរំខានដល់ដំណើរការសេដ្ឋកិច្ច។
ការលើកឡើងរបស់លោក Powell ស្របទៅនឹងមន្ត្រីធនាគារនាពេលថ្មីៗនេះ អំពីសមត្ថភាពក្នុងការរក្សាអត្រាការប្រាក់ឱ្យមានស្ថេរភាពនាកិច្ចប្រជុំនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ។
លោកបន្តថា ការសម្រេចចិត្តជុំវិញការដំឡើង ឬរក្សាអត្រាការប្រាក់ឱ្យខ្ពស់ដូចកម្រិតបច្ចុប្បន្នអាស្រ័យលើទិន្នន័យនៃការព្យាករ និងតុល្យភាពនៃហានិភ័យនាពេលខាងមុខ។
ទោះបីជាសកម្មភាពសេដ្ឋកិច្ចបត្រូវបានព្យាករដោយការធ្លាក់ចុះសេដ្ឋកិច្ចនាពេលខាងមុខក៏ដោយ អតិផរណាក៏បានធ្លាក់ចុះផងដែរ។ ទន្ទឹមនេះ ខ្សែច្រវាក់ផ្គត់ផ្គង់បានងើបឡើងវិញ ហើយតម្រូវការសម្រាប់ទំនិញ សេវាកម្ម និងកម្មករបានធូរស្រាល ក្រោយពេលសេដ្ឋកិច្ចបើកឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។
លើសពីនេះ លោក Powell បាកត់សម្គាល់ថា កំណើនប្រាក់ឈ្នួល ហាក់ដូចជាកំពុងធ្លាក់ចុះដល់កម្រិតមួយ ដែលស្របនឹងគោលដៅអតិផរណារបស់ Fed ខិតមកជិត ២ភាគរយ។ អតិផរណានៅក្នុងខែកញ្ញាមានអត្រា ៣,៧ភាគរយធ្លាក់ចុះយ៉ាងខ្លាំងពីច្រើនជាង ៩ភាគរយកាលពីពាក់កណ្តាលឆ្នាំមុន។
កាលពីចុងខែកញ្ញា Fed បានបេ្តជ្ញារក្សាអត្រាការប្រាក់យោងបច្ចុប្បន្នស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ។ ប៉ុន្តែគាំទ្រការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំ២០២៣ និងបន្តរក្សាគោលនយោបាយរូបិយវត្ថុតឹងរឹងរហូតដល់ឆ្នាំ២០២៤៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)