Knongsrok

· 2023-10-13

ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! តើអ្នកយល់ថាធ្វើជាមនុស្សស្រីល្អមួយរូប ងាយស្រួលណាស់មែនទេ?

#ចំណេះដឹង# #អត្ថបទលើកទឹកចិត្ត# #មនុស្សស្រី# #ចំណេះដឹងទូទៅ#

3579

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! មានម្តាយឪពុកទាំងសងខាងត្រូវមើលថែ មានកូនតូចៗត្រូវចិញ្ចឹមបីបាច់ នៅមានកិច្ចការងារចិញ្ចឹមជីវិតត្រូវឱ្យខ្ញុំទៅប្រឹងប្រែងជម្នះ ខ្ញុំហត់កាយហត់ចិត្ត មានតែខំប្រឹងទាំងភាពនឿយហត់ តស៊ូមួយជំហានៗឆ្ពោះទៅមុខ។

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! ដើម្បីការរស់នៅ ខ្ញុំត្រូវតែហូបចុកសន្សំសំចៃ ដើម្បីជីវិត ខ្ញុំត្រូវគិតគូរម៉ត់ចត់ ដើម្បីចង់ឱ្យផ្ទះមានរបៀបរៀបរយ ខ្ញុំត្រូវបោសសម្អាតទាំងនឿយហត់ ដើម្បីគ្រួសារ ខ្ញុំត្រូវលះបង់គ្រប់យ៉ាង តែនៅមានមនុស្សនិយាយថា ខ្ញុំធ្វើមិនបានល្អ តើមានអ្នកណាអាចយល់ចិត្តខ្ញុំទៅ?

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! រងការធ្វើបាប មិនអាចប្រាប់ម្តាយខ្លួនបាន ព្រោះខ្លាចគាត់បារម្ភ រងទុក្ខប៉ុនណា ក៏មិនអាចត្អួញប្រាប់ម្តាយក្មេកបាន នេះហើយគឺជាភាពលំបាករបស់មនុស្សស្រីមួយចំនួនធំ មានតែយកភាពទន់ជ្រាយរបស់ខ្លួនលាក់កុំឱ្យគេឃើញ នៅធ្វើពុតដូចជាខ្លួនមិនធ្លាប់មានរងការឈឺចាប់អ្វីឡើយ ការរស់នៅបែបនេះ ខ្ញុំមិនហត់ម្តេចនឹងបាន?

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! មុនពេលរៀបការ ត្រូវបានម្តាយឪពុកទុកដូចជាត្បួងពេជ្រ ក្រោយពេលរៀបការ នៅក្នុងផ្ទះម្តាយក្មេកក្លាយទៅជាម៉ែដោះទៅវិញ នឿយហត់បម្រើផ្គាប់ចិត្តផ្ទះម្តាយក្មេកទាំងតូចទាំងធំ ថែមទាំងគ្មានប្រាក់ខែដូចម៉ែដោះទៅវិញ បែរជាធ្វើការច្រើនជាងម៉ែដោះទៅទៀត អ្វីដែលជារបស់ខ្លួននោះមានតែដៃជ្រីវជ្រួញទាំងគូនេះប៉ុណ្ណោះ។

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! ធ្លាប់សុបិនថា ខ្លួនអាចក្លាយទៅជាព្រះនាងត្រូវបានគេថ្នាក់ថ្នម តែចាប់អារម្មណ៍ថាខ្លួនឯង បែរជាគ្មានវាសនាជាព្រះនាងទៅវិញ។ បច្ចុប្បន្ននេះខ្ញុំរៀនចេះរបស់ជាច្រើន ខ្ញុំអាចរកប្រាក់បានដោយខ្លួនឯង អាចចិញ្ចឹមកូនដោយខ្លួនឯង បើកឡានបានដោយខ្លួនឯង ធ្វើកិច្ចការក្នុងផ្ទះដោយខ្លួនឯង ខ្ញុំគិតថាមនុស្សស្រីជាច្រើនក៏ដូចខ្ញុំដែរ បានឱ្យខ្លួនឯងរស់នៅក្លាយជាមនុស្សស្រីម្នាក់ដែលចេះគ្រប់មុខ។

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! មិនថាក្នុងថ្ងៃបុណ្យឈប់សម្រាក ឬនៅក្នុងកាលៈទេសៈណាមួយទេ ខ្ញុំរវល់គ្មានថ្ងៃទំនេរឡើយ ១ឆ្នាំ ១២ខែ ធ្វើការរហូត ព្រោះតែដើម្បីគ្រួសារមួយនេះ។

- ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! ខ្ញុំក៏ចង់រស់នៅដោយភាពត្រចះត្រចង់ ខ្ញុំក៏ចង់រស់នៅដោយភាពស្រស់ស្អាត តែជីវិតជាក់ស្តែងគឺបែបនេះ ត្រូវធ្វើជាជំហរគ្រួសារដ៏រឹងមាំ ត្រូវធ្វើជាបង្គោលបង្ហាញទិសដល់កូនៗ អ្វីដែលបន្សល់សម្រាប់ខ្លួនឯងមានតែភាពជ្រីវជ្រួញ និងសក់សរពេញក្បាលតែប៉ុណ្ណោះ តើអ្នកយល់ថាធ្វើជាមនុស្សស្រីល្អម្នាក់ងាយស្រួលណាស់មែនទេ?

រៀបរៀងដោយ៖ Mythical bird

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)