Harbor Property

· 2023-09-29

វត្តទាំង ៦ ដែលស្អាតបំផុតនៅសៀមរាបដែលអ្នកមិនអាចរំលងបាន

#ដើរលេង# #វត្ត# #ដើរលេងស្រុកខ្មែរ# #សៀមរាប#

10467


ក្នុងនាម​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា ខេត្តសៀមរាប​មាន​កន្លែង​ទាក់ទាញ​ជាច្រើនរួមមាន ប្រវត្តិសាស្ត្រ វប្បធម៌បុរាណ និងទំនើប​ចម្រុះ​រាប់មិនអស់​។ ជាពិសេសភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោក តែងតែទៅលេងប្រាសាទអង្គរវត្ត នៅពេលណាដែលពួកគេមកដល់ប្រទេសកម្ពុជា


ជាក់ស្តែងនៅខេត្តសៀមរាបមានវត្តអារាមពុទ្ធសាសនិកជាច្រើនផងដែរ។ ការទៅលេងនៅទីវត្តអារាមគឺជាបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងពុទ្ធសាសនា។ ព្រះសង្ឃ​គ្រប់ព្រះអង្គ​ ប្រាកដជាទទួលស្វាគមន៍​យ៉ាងកក់ក្តៅ និងមានទឹក​ចិត្តទូលាយ​ក្នុងការ​ប្រាប់ដល់អ្នក​ដំណើរ ឬអ្នកទេសចរ ​អំពី​រឿងរ៉ាវដែលទាក់ទងនឹង​វត្ត​របស់ព្រះអង្គ។​

ថ្ងៃនេះ Harbor Property សូមណែនាំវត្តទាំង ៦ ដែលមានទេសភាពស្អាតខ្លាំងនៅក្នុងខេត្តសៀមរាប៖


១. វត្តរាជបូព៌

វត្តរាជបូព៌មានអាយុកាលតាំងពីសតវត្សរ៍ទី១៨ ឈរជាវត្តចំណាស់ជាងគេមួយក្នុងក្រុងសៀមរាប។ នៅតាមជញ្ជាំងវិហារនេះមានផ្ទាំងគំនូរយ៉ាងច្រើនគួរឲ្យគយគន់ ដែលបង្ហាញយ៉ាងច្បាស់ពីដំណើររឿងទាក់ទងនឹងសាសនា និងទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាកន្លងផុតជាច្រើនទសវត្សបានធ្វើឱ្យខូចទ្រង់ទ្រាយមួយចំនួន នឹងធ្វើឱ្យគំនូរទាំងនេះខ្លះរលុបទៅ ធ្វើឱ្យយើងមើលមិនសូវស្គាល់។


ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត អ្នក​នឹង​ឃើញ​សាលា​រៀន​មួយ​ដែល​ជាសាលាដែលមានវិន័យតឹងរឹងបំផុតប្រចាំប្រទេស លោកអ្នកនឹងឃើញទិដ្ឋភាព​ដ៏​រីករាយ​របស់​ក្មេងៗ​នៅក្នុងសាលា។ លើសពីនេះវត្តបូព៌មានស្ថានីយ៍វិទ្យុផ្ទាល់ខ្លួន និងសាលាពុទ្ធិកវិទ្យាល័យសម្រាប់ព្រះសង្ឃបន្តការសិក្សា។ ក្រៅ​ពី​សកម្មភាព​ក្នុងសាលា​ដែល​មាន​ភាព​អ៊ូអរ បរិវេណ​វត្ត​បូព៌​មាន​ភាព​ស្ងប់ស្ងាត់ ជាមួយនិង​សម្រស់​ធម្មជាតិដែល​ធ្វើ​ឱ្យ​វត្ត​បូព៌​​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​ដើរកំសាន្តបែបស្ងប់ស្ងាត់។


គួរកត់សម្គាល់ថានៅឆ្នាំ ២០២២ វត្តបូព៌បានទទួលស្គាល់ជាអន្តរជាតិនៅពេលដែលទីសាក្ការៈនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី៣ ជា "សហគមន៍គំរូ" នៅក្នុងពិភពលោក ដែលចេញផ្សាយដោយទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស Timeout។



២. វត្តដំណាក់

វត្ត​ដំណាក់​ក្នុង​ខេត្ត​សៀមរាប​ឈរ​នៅ​លំដាប់​ជា​វត្ត​ធំ​ជាង​គេ​ដែល​មាន​សួន​ច្បារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍។ ជា​វត្ត​ដ៏​ធំ​ទូលាយ និង​ជា ទីស្ថានប្រវត្តិសាស្ត្រដ៏​លេចធ្លោ​មួយ​ក្នុង​ខេត្ត​សៀមរាប ។ អ្នកនឹងឃើញសម្រស់ធម្មជាតិដ៏សំបូរបែប រួមមានដើមឈើខៀវខ្ចី វាលស្មៅដែលសិស្សនិស្សិតឧស្សាហ៍មកលេងពេលសម្រាក។ រូបសំណាក ចេតិយដ៏ធំរចនាបថសម័យអង្គរតុបតែងដោយចម្លាក់ដ៏ប្រណិតដែលបង្ហាញពីរឿងរ៉ាវផ្សេងៗ ស្ថាប័នអប់រំ សាលសមាធិ  និងស្រះទឹកដែលមានបរិយាកាសស្ងប់ស្ងាត់គួរជាទីមនោរម្យ។


គួរកត់សម្គាល់ថា វត្តដំណាក់មានតួនាទីជាស្នូលវប្បធម៌ សាលាបឋមសិក្សាសាធារណៈ មជ្ឈមណ្ឌលនៃសេចក្តីសង្ឃឹម មជ្ឈមណ្ឌលសិក្សាអក្សរសិល្ប៏ ដែលមានបណ្ណាល័យសម្រាប់ធ្វើការស្រាវជ្រាវដ៏ធំ។ ជាងនេះទៅទៀតវត្តដំណាក់មានភាពល្បីល្បាញដោយសារតែទីនេះជាកន្លែងប្រចាំឆ្នាំសម្រាប់ការដាក់តាំងបង្ហាញ អាយ៉ងយក្ស ដែលជាព្រឹត្តិការណ៍ធ្វើឡើងជារៀងរាល់ឆ្នាំ (ក្នុងខែមករា/កុម្ភៈ។)



៣. វត្តព្រះព្រហ្មរ័ត្ន

វត្ត​ព្រះ​ព្រហ្ម​រ័ត្ន ស្ថិត​នៅ​ចំ​កណ្តាល​មាត់​ស្ទឹង​ខេត្ត​សៀមរាប គឺ​ជា​វត្ត​ដ៏​ប្រណិត​បំផុត​មួយ​ក្នុង​តំបន់​នោះដែល​មិន​អាច​ប្រកែក​បាន។ វត្តនេះមានលក្ខណៈពិសេសជាច្រើនដែលគួរកត់សម្គាល់ រួមបញ្ចូលទាំងរូបចម្លាក់ជាច្រើនដែលបង្ហាញពីជីវិតរបស់ព្រះពុទ្ និងមានចេតិយបុរាណធំៗ។ វត្តនេះត្រូវបានតុបតែងដោយផ្ទាំងគំនូរនៅលើជញ្ជាំងខាងក្រៅរីឯ នៅខាងក្នុងអ្នកនឹងឃើញព្រះពុទ្ធបដិមាមួយអង្គធំ។


នៅ​ក្នុង​បរិវេណព្រះវិហារ មាន​កាំភ្លើង​ពីរ​ដើម ដែល​ជា​វត្ថុ​បុរាណតាំង​ពី​សម័យ​អាណានិគម​បារាំង ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​មេទ័ព ដាប ឈួន។ ជា​ការ​កត់សម្គាល់ ចេតិយ​ដ៏​ធំ​នៅ​ខាង​ក្នុង​ត្រូវ​បាន​គេ​ជឿ​ថា​ជា​កន្លែង​ដាក់​រូប​ព្រះពុទ្ធ​(រូបបុរាណ)។


រីករាយជាមួយទេសភាពដ៏ស្រស់បំព្រង ដែលមានទីតាំងនៅតាមបណ្តោយស្ទឹងក្រុងសៀមរាបស្ថិតនៅជាប់នឹងផ្សាររាត្រីដ៏ល្បីល្បាញ និងផាប់ស្ទ្រីត។



៤. វត្តកេសរារាម

វត្តកេសរារាម ស្ថិតនៅចំកណ្តាលក្រុងសៀមរាបងាយស្រួលក្នុងការធ្វើដំណើរទៅដល់នៅពេលអ្នកបត់ឆ្វេងលើផ្លូវជាតិលេខ៦ ពីផ្លូវស៊ីវត្ថាឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប ជាប់នឹងសណ្ឋាគារសុខាអង្គរផ្កាយ៥។ ​ ជុំវិញវត្ត​នេះ​មានស​ភាព​អ៊ូអរ​ហ៊ុំព័ទ្ធដោយចរាចរ និងមនុស្សឆ្លងកាត់ទៅមកច្រើនអណេក ដោយសារមានវត្តមានវត្តបុរាណមួយនេះរំលេចនៅចំកណ្តាលទីប្រជុំជនបែបនេះ បានធ្វើឲ្យតំបន់នេះកាន់តែមើលទៅគួរឲ្យចង់គយគន់។


អ្វី​ដែល​ធ្វើ​ឲ្យ​វត្ត​កេសរារាម​ប្លែកខុសពីគេ ​​គឺ​ដី​ក្រាល​ថ្ម​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ផ្តល់​នូវ​សណ្ដាប់​ធ្នាប់​ល្អ​ធ។ ទោះជាយ៉ាងណាក៏ដោយកំណប់ទ្រព្យពិតប្រាកដស្ថិតនៅក្នុងជញ្ជាំងប្រាសាទ ដែលជាផ្ទាំងគំនូរពិដាន និងជញ្ជាំងដែលត្រូវបានរក្សាទុកយ៉ាងល្អ និងគួរឱ្យចាប់អារម្មណ៍។ ការឈានជើងចូលទៅក្នុងវត្តកេសរារាម ផ្តល់ឲអ្នកមានអារម្មណ៍ស្ងប់សុខ  គេចពីភាពតានតឹងពីខាងក្រៅ ។ សូម្បីតែផ្ទាំងគំនូរដែលតាក់តែងផ្នែកខាងក្រៅក៏ដោយ ក៏ត្រូវបានរៀបរាប់រឿងខ្លីៗទាក់ទងនឹងជីវិតរបស់ព្រះពុទ្ធផងដែរ។


លើសពីភាពទាក់ទាញនៃសោភ័ណភាព វត្តកេសរារាមក៏មានស្នាមប្រវត្តិសាស្ត្រកាលពីជំនាន់ខ្មែរក្រហមផងដែរ។ កាលពីជំនាន់នោះវត្តនេះត្រូវបានប្រែក្លាយជា ការិយាល័យសន្តិសុខ ពន្ធនាគារ និងវាលពិឃាត។ នៅជាប់នឹងព្រះវិហារធំ អ្នកនឹងឃើញមានមានចេតិយ និងកន្លែងរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតដោយសោកនាដកម្មក្នុងរបបដ៏សាហាវយង់ខ្នងនេះផងដែរ។



៥. វត្តថ្មី

វត្តថ្មី ស្ថិតនៅតាមបណ្តោយផ្លូវមួយ ដែលចេញពីខេត្តសៀមរាប ទៅកាន់ប្រាសាទអង្គរវត្ត ហើយវាមានភាពទាក់ទាញ និងចំណុចខុសគេមួយ ដែលវត្តនេះត្រូវបានស្គាល់ថាជា វាលពិឃាដខេត្តសៀមរាប កាលពីជំនាន់ សម័យងងឹតនៃការគ្រប់គ្រងរបស់ ប៉ុល ពត នៅកម្ពុជា។ វាហាក់ដូចជាមិនសូវស្រណុកចិត្តសោះ ក្នុងការទៅទស្សនាកន្លែងបែបនេះ ប៉ុន្តែវាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងប្រវត្តិសាស្ត្រសង្រ្គាម ជាពិសេសប្រសិនបើពួកគេមិនអាចធ្វើដំណើរទៅកាន់វាលពិឃាតជើងឯកដែលល្បីល្បាញនៅក្រុងភ្នំពេញបាន។


ការទៅទស្សនាវត្តថ្មី គឺជាការរំលឹកដ៏ក្រៀមក្រំពីអតីតកាល និងឥទ្ធិពលដ៏ខ្មៅរបស់របបខ្មែរក្រហមនេះមកលើប្រជាជនកម្ពុជា។ វត្តនេះបានទុកទូកញ្ចក់មួយ ដែលផ្ទុកអដ្ឋិធាតុរបស់ប្រជាជនកម្ពុជា ដែលត្រូវបានរកឃើញដោយអ្នកស្រុកក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មានផ្ទាំងរូបថតព័ត៌មាននៅទីនោះផងដែរ ប៉ុន្តែដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្រ្តបន្ថែម អ្នកទេសចរប្រហែលជាត្រូវការមគ្គុទេសចរដ៏មានបទពិសោធន៍មួយរូប។



៦. វត្តអធ្វារ

ស្ថិត​នៅ​ក្នុង​កន្លែង​ស្ងប់ស្ងាត់​គួរ​ឱ្យ​ចង់គយគន់ វត្តអធ្វារ​ជាតឹកតាង​សំខាន់​ជា​ប្រវត្តិសាស្ត្រផង​ដែរ​ ព្រោះធ្លាប់ជា​ទីតាំង​នៃ​ប្រាសាទ​បុរាណ​សម័យ​អង្គរ។ ប្រាសាទបុរាណ និងចេតិយ៍ដែលជាស្នាដៃរចនាបថសហសម័យ  បង្កើតបានជាទស្សនីយភាពបែបស្ថាបត្យកម្មមួយដ៏ល្អវិចិត្រ។ វត្តបុរាណនេះក៏មាន សាលសម្រាប់សមាធិ កុដសម្រាប់ព្រះសង្ឃ និងព្រះវិហារដែលមានក្បូក្បាច់ រចនាដ៏រស់រវើក។ វត្តនេះមានទីតាំងស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីខាងត្បូងក្រុងសៀមរាប ក្នុងទិសដៅពីភ្នំក្រោម និងទន្លេសាប អ្នកអាចជិះរថយន្ត ឬម៉ូតូកង់បីចូលវត្តអធ្វារបាន។


រចនាសម្ព័ន្ធចម្បងនៅក្នុងបរិវេណនេះគឺជាប្រាសាទហិណ្ឌូនៅក្នុងសតវត្សទី១២ ដែលស្ថិតនៅក្នុងស័យអង្គរ។ លើសពីនេះសំណង់កុដ និងព្រះវិហារដែលបានសាងសង់នៅក្នុងសម័យថ្មីនេះ បានរួមបញ្ចូលគ្នា ដែលធ្វើឲ្យសភាពវត្តមើលទៅគួរឲ្យចាប់អារម្មណ៍។ ទោះជាស្ថាបត្យកម្មខុសគ្នាពិតមែន ប៉ុន្តែនៅតែស្ថិតនៅលើមូលដ្ឋានតែមួយ ជាកន្លែងបម្រើសម្រាប់ប្រសិទ្ធពរ និងសកម្មភាពសាសនា។ ប្រសិនបើអ្នកសម្រេចចិត្តទៅទស្សនានៅវត្តនេះ សូមត្រៀមខ្លួន ព្រោះអ្នកអាចនឹងត្រូវបានស្នើសុំឱ្យបង្ហាញប័ណ្ណអង្គរសម្រាប់ការចូលទស្សនាសម្រាប់ភ្ញៀវបរទេស៕



លោកអ្នកអាចស្វែងរកអចលនទ្រព្យនៅខេត្តសៀមរាប តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)