ថ្មីៗ-ThmeyThmey

· 2023-09-21

ពន្ធដារ រំលឹកពលរដ្ឋ ត្រូវបង់ពន្ធលើអចលនទ្រព្យឱ្យបានមុនថ្ងៃទី១តុលា​ ដើម្បីចៀងវាងការពិន័យ

#លោក គង់ វិបុល# #សង្គម# #ពន្ធលើដីធ្លី# #សេដ្ឋកិច្ចជាតិ# #អគ្គនាយកដ្ឋានពន្ធដារ​#

4960

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​

ដោយ: សារព័ត៌មានថ្មីៗ

ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ២០២៣ ​ឱ្យបានមុនថ្ងៃទី១ ខែតុលា ដើម្បីចៀសវាងនូវទណ្ឌកម្មរដ្ឋបាល។ នេះការក្រើនរំលឹកជាលើកទីបីហើយ របស់អគ្គនាយកដ្ឋានពន្ធ បន្ទាប់ពីសង្កេតឃើញម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទនេះនៅឡើយ។

សល់ពេលត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ! ការប្រកាសពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ ខណៈមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ នេះបើយោងតាមសេចក្តីជូនដំនណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩កញ្ញា។ 

ដើម្បីជំរុញការប្រមូលពន្ធប្រភេទនេះឱ្យអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ និងការប្រជៀតគ្នាមមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់​ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ គឺសូមមេត្តារួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៣។ បើតាម អគ្គនាយកដ្ឋានពន្ធដារ ការប្រកាសបង់ពន្ធប្រភេទនេះ ម្ចាស់អចលនទ្រព្យ គឺអាចអនុវត្តបានគ្រប់កន្លែង នៃអគ្គនាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត-ខណ្ឌ ​ឬនៅសាខាធនាគារ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ​ ឬតាមកម្មវិធីGDT Taxpayer App។ 

អគ្គនាយកដ្ឋានពន្ធដារ បានព្រមានថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលកំណត់ខាងលើទេ ម្ចាស់អចលនទ្រព្យ​នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីពន្ធដារជាធរមាន។ 

ពន្ធលើអចលនទ្រព្យ សំដៅលើពន្ធដី ផ្ទះ អគារ​​ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយក្នុងតំបន់ទីក្រុង។​​ ពន្ធប្រភេទនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើ​សពី១០០លានរៀល ឬស្មើនឹង ២៥ ០០០ដុល្លារអាម៉េរិក។ តម្លៃទីផ្សារអចលនទ្រព្យត្រូវបានវាយតម្លៃ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ 

ប្រភពដើម៖ Thmey Thmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស