ថ្មីៗ-ThmeyThmey

· 2023-09-07

លោក ឃឹម ហ្វីណង់៖ ដ្បិតស្រូវឡើងថ្លៃ តែមិនគួរនាំគ្នាបង្កើនផលិតកម្ម ដោយធ្វេសប្រហែសនោះទេ

#ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ# #កសិកម្ម# #សង្គម# #ឃឹម ហ្វីណង់#

852

រូបភាព៖ ឃឹម ហ្វីណង់ - Khim Finan

ដោយ: ឈុំ ចន្ថា

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ណែនាំឱ្យកសិករចាប់យកឱកាសលក់ចេញស្រូវដោយភាពប្រុងប្រយ័ត្ន ក្នុងបរិបទតម្លៃអង្ករលើទីផ្សារអន្តរជាតិកើនឡើង។ ដ្បិតបច្ចុប្បន្ន ​ស្រូវបានតម្លៃខ្ពស់ តែ លោក មិនលើកទឹកចិត្តឱ្យនាំគ្នាបង្កើនផលិតកម្ម រហូតដល់លើសតម្រូវការនោះទេ។

លោក ឃឹម ហ្វីណង់ បានសរសេរតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី៧ ខែកញ្ញាថា មួយរយៈនេះ តម្លៃស្រូវបានកើនឡើងគួរឱ្យគត់សម្គាល់ បណ្ដាលមកពីបម្រែបម្រួលនៃតម្រូវការទីផ្សារស្រូវអង្ករ ក្នុងតំបន់។ នាពេលនេះ កសិករគួរចាប់យកឱកាស ដោយប្រុងប្រយ័ត្ន និងឱ្យទាន់ពេលវេលា តែមិនគួរនាំគ្នាបង្កើតផលិតកម្ម រហូតនាំឱ្យលើសតម្រូវការទីផ្សារនោះទេ ព្រោះថា ឱកាសអាចក្លាយហានិភ័យវិញ។

លោក សរសេរដូច្នេះថា៖«កសិករគួរចាប់យកឱកាសនេះដោយប្រុងប្រយត្ន័ និងឱ្យទាន់ពេលវេលា ហើយប្រមើលមើលពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុន។ មិនគួរនាំគ្នាបង្កើនផលិតកម្មដោយមិនមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬមិនសង្កេតពីនិន្នាការប្រែប្រួលនៃទីផ្សារ រហូតធ្វើឱ្យលើសពីតម្រូវការទីផ្សារ និងប្រែក្លាយឱកាសទៅជាហានិភ័យ និងបញ្ហាប្រឈមវិញនោះដែរ»។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដែលទើបតែងតាំងក្នុង​អាណត្តិ​ទី​៧​រូបនេះ បានបន្ថែមថា គ្មាននណាម្នាក់ដឹងថាស្រូវចុះថ្លៃវិញនៅពេលណានោះទេ។ ហេតុនេះ ឱកាស និងហានិភ័យ គឺនៅជាមួយគ្នា ដែលទាមទារឱ្យកសិករយកចិត្តទុកដាក់ និងត្រៀមខ្លួន ជាមុន។ 

ឱកាសខាងក្រៅ មិនឋិតថេររហូតនោះទេ ខណៈការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ផ្ដោតសំខាន់តែលើការកសាងវិស័យកសិកម្មឱ្យមានការប្រកួតប្រជែង, ភាពប្រាកដនិយម និងនិរន្តភាពយូរអង្វែង។ ទន្ទឹមនេះ ការប្រែក្លាយចំណុចខ្សោយ និងដោះស្រាយបញ្ហាប្រឈមនានា គឺជាអាទិភាពចម្បងនៃគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម។ 

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការបាត់បង់តុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ គឺជាបញ្ហានៃសេដ្ឋកិច្ចទីផ្សារសេរី ដែលអនុញ្ញាតឱ្យអ្នកផលិត ឬអ្នកទិញជាអ្នកស្វែងរកលំនឹងដោយខ្លួនឯង។ យ៉ាងណា លោក ជឿថា ភាពឆ្លាតវៃរបស់កសិករនឹងអាចជួយឱ្យពួកគេគេចផុតពីហានិភ័យទីផ្សារបែបនេះបាន ខណៈក្រសួងកសិកម្ម បានត្រៀមខ្លួនរួចជាច្រើនដើម្បីបង្កើនភាពឆ្លាតវៃទាំងនេះ ទៅក្នុងចំណោមសហគមន៍កសិករ។ 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន៣៦២ ៧០៨តោន ដែលគិតជាទឹកប្រាក់ប្រមាណ៣១៣ ៧៤២ ៤២០ដុល្លារ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា បច្ចុប្បន្ន តម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងហក់ឡើងខ្ពស់។ ក្នុងបរិបទនេះ កម្ពុជាកំពុងសិក្សាអំពីយុទ្ធសាស្ត្រទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការបង្កើនសមត្ថភាពប្រមូលទិញស្រូវស្តុកទុក ដើម្បីបង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕

ប្រភពដើម៖ Thmey Thmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)