TNAOT News

· 2023-09-04

ម៉ានី ប៉ាគីអៅ សុំដណ្តើមមេដាយមាសជូនជាតិ មុនបញ្ចប់អាជីពកីឡាប្រដាល់

#ហ្វីលីពីន# #TNAOT SPORT# #កីឡា# #ប្រដាល់អន្តរជាតិ# #កីឡាអូឡាំពិក# #Manny Pacquiao#

10075

ម៉ានី ប៉ាគីអៅ (Manny Pacquiao) ជាម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោកលំដាប់ទីប្រាំបី ប្រចាំប្រទេសហ្វីលីពីន កំពុងហ្វឹកហ្វាត់ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតក្នុងកីឡាអូឡាំពិកនារដូវក្តៅ ក្នុងឆ្នាំ២០២៤ខាងមុខ ។

យោងតាមប្រសាសន៍របស់លោក Abraham Tolentino ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sports Illustrated ឲ្យដឹងថា ស្តេចប្រដាល់ប្រចាំប្រទេសហ្វីលីពីន ម៉ានី ប៉ាគីអៅ ចង់ត្រលប់មកសង្វៀនប្រកួតប្រដាល់ខ្នាតអន្តរជាតិមួយ នៅព្រឹត្តិការណ៍អូឡាំពិក ដែលនឹងចាប់ផ្តើមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស ដោយសុំចូលរួមប្រកួតដណ្តើមមេដាយមាសជូនជាតិជាលើកចុងក្រោយ មុនបញ្ចប់អាជីពជាកីឡាករប្រដាល់។

ប្រធាន​គណៈកម្មាធិការ​អូឡាំពិករូបនេះបានបន្តទៀតថា លោកនឹងស្វាគមន៍យ៉ាងកក់ក្តៅប្រសិនជា ប៉ាគីអៅ ចូលរួមប្រកួតពិតមែន ដោយសារតែកីឡាករនេះមានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ហ្វីលីពីន រហូតអំឡុងឆ្នាំ២០០៨ កងទ័ពហ្វីលីពីនបានប្រកាសបទឈប់បាញ់គ្នារយៈពេល ៧ម៉ោងជាមួយក្រុមបះបោរ ដើម្បីឲ្យភាគីទាំងពីរអាចទស្សនាការប្រកួតដណ្តើមខ្សែក្រវាត់ Super featherweight រវាងកីឡាករ Pacquiao ជាមួយ Juan Manuel Márquez ផងដែរ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ ប៉ាគីអៅ ក៏ទទួលការពិន័យក្រោយបរាជ័យក្នុងការប្រកួតប្រដាល់ទម្ងន់ welterweight លើកីឡាករ Yordenis Ugás។ រហូតក្នុង​ឆ្នាំ​២០២២ ស្តេចប្រដាល់រូបនេះបាន​យក​ឈ្នះកីឡាករ DK Yoo នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​មួយនា​ប្រទេស​កូរ៉េ​ខាង​ត្បូង។

គួររម្លឹកដែរថា តាំងពីចាប់អាជីពជាកីឡាប្រដាល់ក្នុងឆ្នាំ១៩៩៥ មកដល់ពេលបច្ចុប្បន្ន ស្តេចប្រដាល់រូបនេះមិនធ្លាប់ចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅពីមុនមកទេ បើជាប់ឈ្មោះសារនេះគឺជាលើកដំបូងក្នុងអាជីពប្រដាល់។​ ទោះបីជាយ៉ាងណា យើងនឹងរង់ចាំមើលចំណាត់ការខាងប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីនរកផ្លូវដោះស្រាយសិន ព្រោះច្បាប់នៅអូឡាំពិក អនុញ្ញាតឲ្យអត្តពលិកចូលរួមប្រកួតវិញ្ញាសារប្រដាល់ ត្រឹមក្រោមអាយុ ៤០ឆ្នាំចុះក្រោមតែប៉ុណ្ណោះ៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស