ថ្មីៗ-ThmeyThmey
· 2023-08-27
តើពិភពលោកនឹងទៅជាយ៉ាងណា នៅពេលដែលចិនជួបបញ្ហាសេដ្ឋកិច្ច?
#សង្គម# #សេដ្ឋកិច្ចចិន# #សេដ្ឋកិច្ចអន្តរជាតិ#
6253

រូបភាពពី Xinhua ។
ដោយ: ធន់ សេងហុង (THUN Senghong)
ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន បានជះឥទ្ធិពលដល់ប្រទេសនានាជុំវិញពិភពលោកតួយ៉ាងតម្រូវការធ្លាក់ចុះ វិបត្តិអចលនទ្រព្យ ការវិនិយោគ ភ្ញៀវទេសចរចិនដែលធ្វើឱ្យប្រទេសដែលពឺងផ្អែកលើការនាំចេញទៅកាន់ចិនសុទ្ធតែរងផលប៉ះពាល់។
កាលពីប្រាំបីខែមុន សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញ។ គោលនយោបាយ សូន្យកូវីដត្រូវបានបញ្ចប់ អ្នកទិញទំនិញ និងអ្នកទេសចរក្នុងស្រុកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរី ប៉ុន្តែការស្ទុះងើបឡើងវិញហាក់ដូចជាមានការរំពឹងតិចតួច។
កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនគិតត្រឹមត្រីមាសទីពីរ ត្រូវបានអ្នកសេដ្ឋកិច្ចរំពឹងទុកថានឹងកើនដល់ប្រហែល១០ភាគរយ ប៉ុន្តែតាមពិតវាមានត្រឹមតែជាង៣ភាគរយប៉ុណ្ណោះ។ ជាមួយគ្នានោះ ចិនធ្លាក់ចូលក្នុងបរិត្តផរណា។ ការឆ្លើយតបយ៉ាងប្រយ័ត្នប្រយែងរបស់ទីក្រុងប៉េកាំងនិងវិបត្តិអចលនទ្រព្យ បានបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលយូរ។
ត្រង់ចំណុចនេះ គឺថាអ្វីដែលកើតឡើងចំពោះសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងជះឥទ្ធិពលគ្រប់ទីកន្លែង។ ដោយសារតែប្រទេសចិនមានទំហំធំ ការផ្លាស់ប្តូរទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះអាចជំរុញ ឬបន្ថយការរំពឹងទុកចំពោះកំណើនទៅដល់ប្រទេសផ្សេងទៀត និងពិភពលោកទាំងមូលផងដែរ។
ប្រជាជន និងក្រុមហ៊ុនរបស់ប្រទេសនេះនឹងទិញទំនិញ ឬសេវាកម្មតិចជាងអ្វីដែលពួកគេអាចទិញបាន ដែលឱ្យបង្កការលំបាកសម្រាប់អ្នកផលិតទំនិញ និងអ្នកប្រើប្រាស់ផ្សេងទៀត។
អ្នកដែលនាំចេញទំនិញសំខាន់ៗនិងងាយរងគ្រោះដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។ ប្រទេសនេះប្រើប្រាស់ជិត ២០ភាគរយនៃប្រេងឥន្ធនៈរបស់ពិភពលោក ៥០ភាគរយនៃទង់ដែងចម្រាញ់ នីកែល និងស័ង្កសី និងច្រើនជាង ៣ភាគ៥នៃរ៉ែដែករបស់ពិភពលោកទាំងមូល។ ទីផ្សារអចលនទ្រព្យកំពុងជួបបញ្ហា មានន័យថាប្រទេសនេះត្រូវការវត្ថុធាតុដើម ឬធានទាំងនេះតិចជាងមុន។
ប្រទេសណាខ្លះដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ?
ជាក់ស្តែងដូចជាប្រទេសសំប៊ី ដែលនាំចេញទង់ដែង និងលោហធាតុផ្សេងទៀតទៅកាន់ចិនមានចំនួន ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប ក៏ដូចជាអូស្ត្រាលីដែលជាអ្នកផ្គត់ផ្គង់ធ្យូងថ្ម និងដែកដ៏សំខាន់របស់ចិនផងដែរ។ នៅពីថ្ងៃទី២២ ខែសីហា ក្រុមហ៊ុន BHP Group ដែលជាក្រុមហ៊ុនរុករករ៉ែអូស្ត្រាលីដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុតរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំ។ ក្រុមហ៊ុននេះលើកឡើងថា ការឡើបឡើងវិញនៃសេដ្ឋកិច្ចចិនមិនបានបង្កើតការផ្លាស់ប្តូរជាក់ស្តែងនោះទេ។
បស្ចិមប្រទេសក៏បានឃើញផលប៉ះពាល់អវិជ្ជមានផងដែរ។ ការធ្លាក់ចុះនៃតម្រូវការពីចិន គឺជាហេតុផលមួយដែលសេដ្ឋកិច្ចអាល្លឺម៉ង់នៅទ្រឹងនាពេលថ្មីៗនេះ ក្រុមហ៊ុនលោកខាងលិចមួយចំនួនរងផលប៉ះពាល់ដោយការពឹងផ្អែកលើចិនសម្រាប់បង្កើនប្រាក់ចំណូល។
នៅឆ្នាំ ២០២១ ក្រុមចម្រុះជាតិសាសន៍ធំៗចំនួន២០០ នៅអាម៉េរិក អឺរ៉ុប និងជប៉ុន អាចរកបានប្រាក់ចំណូលរបស់ពួកគេតែ ១៣ភាគរយប៉ុណ្ណោះពីប្រទេសចិនដែលសរុបជាចំនួនទឺកប្រាក់ ៧០០ពាន់លានដុល្លារ។ តួយ៉ាងក្រុមហ៊ុន Tesla រកបានប្រហែល ២០ភាគរយនៃការលក់ឡាននៅក្នុងចិន ស្របពេលក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក Qualcomm ដែលពឹងផ្អែកលើពីរភាគបីនៃការលក់របស់ខ្លួនទៅកាន់ចិន ។
ដរាបណាវិបត្តិសេដ្ឋកិច្ចចិនមិនទាន់រាលដាលខ្លាំងទៅកាន់ពិភពលោក ទំហំនៃការខូចខាតដែលប៉ះពាល់នៅខាងក្រៅប្រទេសចិននឹងនៅមានកម្រិតនោះឡើយ។ ជាក់ស្តែងការលក់ទំនិញទៅកាន់ចិនមានត្រឹមតែ ៤ភាគរយ ទៅ៨ភាគរយនៃអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់នៅអាម៉េរិក អឺរ៉ុប និងជប៉ុន។
ការនាំចេញពីអាម៉េរិក អង់គ្លេស បារាំង និងអេស្ប៉ាញទៅកាន់ចិនមានត្រឹមតែ ១ភាគរយទៅ២ភាគរយប៉ុណ្ណោះនៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសនីមួយៗ។
ទោះបីជាចិនកំពុងតែជួបបញ្ហាក៏ពិតមែន ប៉ុន្តែបណ្តាប្រទេសភាគច្រើននៅជុំវិញពិភពលោកកំពុងដំណើរការល្អជាងការរំពឹងទុក។ កាលពីខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែប្រែការព្យាករកំណើនពិភពលោករបស់ខ្លួនពីការព្យាករខែមេសា។ អាម៉េរិក ដែលជាប្រទេសនាំចូលធំបំផុតរបស់ពិភពលោកត្រូវបានព្យាករថានឹងមានកំណើនជិត ៥ភាគរយ។
ក្នុងទិដ្ឋភាពបែបនេះ កំណើនយឺតរបស់ចិននឹងផ្តល់អត្ថប្រយោជន៍មួយចំនួនដល់អ្នកប្រើប្រាស់ពិភពលោកផងដែរ មានន័យថានឹងទាញតម្រូវការទំនិញតិចជាងមុន ដែលធ្វើឱ្យតម្លៃទំនិញ និងការចំណាយលើនាំចូលធ្លាក់ចុះ។
នៅពេលដែលតម្លៃមានស្ថេរភាព និងអតិផរណាចុះត្រជាក់ ធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារកណ្តាលផ្សេងទៀតនឹងមិនសូវមានភាពស្ទាក់ស្ទើរក្នុងការបន្ទាបអត្រាការប្រាក់ត្រឡប់មកវិញ។ ប្រទេសខ្លះបានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សមកហើយ ដែលនឹងមិនចង់ដំឡើងវាតទៅទៀតទេ។
លើសពីនេះ កំណើនសេដ្ឋកិច្ចយឺតនៅចិនក៏អាចផ្តល់អត្ថប្រយោជន៍ដល់អឺរ៉ុបផងដែរ ព្រោះវានឹងកាត់បន្ថយការប្រជែងនៅក្នុងទីផ្សារថាមពលពិភពលោក និងជាពិសេសឧស្ម័នធម្មជាតិ ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor International ។ បណ្តាប្រទេសអ៊ឺរ៉ុបមានភាពងាយរងគ្រោះ ប៉ុន្តែការធ្លាក់ចុះតម្លៃឧស្ម័នធម្មជាតិនឹងអាចជួយបន្ធូរបន្ថយសម្ពាធលើតម្លៃថាមពល។
តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើសេដ្ឋកិច្ចចិនមានស្ថានភាពកាន់តែអាក្រក់ទៅៗ ?
ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិន គួបផ្សំនឹងការថមថយនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគ នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងទំនិញ។ ដូច្នេះនៅក្នុងសេណារីយ៉ូដែលចិនធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋកិច្ចពិភពលោកអាចឃើញអត្រាកំណើនចន្លោះពី ០,១ភាគរយទៅ០,៥ភាគរយក្នុងអំឡុងឆ្នាំ២០២៣ និង២០២៤។ នេះបើតាមការព្យាករណ៍របស់ Euromonitor International។
សេណារីយ៉ូដ៏អាក្រក់បំផុតនោះ គឺវិបត្តិអចលនទ្រព្យអាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក។ ការសិក្សារបស់ធនាគារអង់គ្លេសឆ្នាំ ២០១៨ បានរកឃើញថា ប្រសិនបើការធ្លាក់ចុះសេដ្ឋកិច្ចចិនពីកំណើន GDP ៧ភាគរយមក -១ភាគរយភ្លាមៗនឹងធ្វើឱ្យតម្លៃទ្រព្យសកម្មសកលធ្លាក់ចុះ។ ទន្ទឹមនឹងនេះ រូបិយប័ណ្ណប្រទេសអ្នកមានបានឡើងថ្លៃនៅពេលដែលវិនិយោគិនបានសម្រុកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងមុន។
នៅពេលនោះ GDP របស់អង់គ្លេសនឹងធ្លាក់ចុះ ១,២ភាគរយ។ ទោះបីជាស្ថាប័នហិរញ្ញវត្ថុលោកខាងលិចភាគច្រើនមានការប៉ះពាល់តិចតួចជាមួយចិនក៏ដោយ ក៏មានករណីលើកលែងដូចជា HSBC និង Standard Chartered ដែលជាធនាគារអង់គ្លេសពីរមានទំនាក់ទំនងជាមួយចិនមានផលប៉ះពាល់ផងដែរ។
មួយវិញទៀត បើវិបត្តិសេដ្ឋកិច្ចបន្តអូសបន្លាយយូរជាងនេះ អាចជំរុញឱ្យចិនកាត់បន្ថយការវិនិយោគ និងការផ្តល់ប្រាក់កម្ចីនៅបរទេស។ ពីព្រោះថាអ្នកវិនិយោគទាំងនោះអាចនឹងត្រូវមមាញឹកច្រើនជាងនេះ ដោយសារពួកគេព្រួយបារម្ភអំពីការប្រយុទ្ធប្រឆាំងសេដ្ឋកិច្ចក្នុងស្រុក។
បន្ទាប់ពីបានក្លាយជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០១៧ ចិនបានកាត់បន្ថយបន្តិចម្តងៗនូវការផ្តល់មូលនិធិនៅក្រៅប្រទេស ដោយសារគម្រោងនានាបានជួបការលំបាក។ ក្រុមអ្នកសង្កេតការណ៍កំពុងមើលខួបមួយទសវត្សរ៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចិនបានជះទឹកប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដូចជា ម៉ូសំប៊ិក ឬប៉ាគីស្ថាន ដើម្បីជាទឡ្ហីករណ៍តាមដានសេដ្ឋកិច្ចចិនដែរ។
ជារួម នៅពេលដែលសេដ្ឋកិច្ចចិនធ្លាក់ចុះមានទាំងភាពវិជ្ជមាននិងអវិជ្ជមានដែលជះឥទ្ធិពលដល់ប្រទេសនានា។ វិជ្ជមានត្រង់ថា ប្រទេសដែលនាំចូលទំនិញកាត់បន្ថយការប្រើប្រាស់ជាងមុន ដែលធ្វើឱ្យការចំណាយថមថយ នៅពេលនោះនឹងទាញឱ្យមានស្ថេរភាពតម្លៃទំនិញ ធនាគារកណ្តាលនឹងបញ្ឍប់ការដំឡើងអត្រាការប្រាក់តទៀត។ លើសពីនេះ តម្លៃប្រេង និងឧស្ម័នធម្មជាតិធ្លាក់ចុះ។
ចំណែកភាពអវិជ្ជមានបានប៉ះពាល់ច្រើនទៅលើប្រទេសភាគច្រើនដែលនាំចេញទៅចិន ជាពិសេសប្រទេសដែលពឹងផ្អែកលើវិនិយោគិន វិស័យទេសចរណ៍ និងការទទួលប្រាក់កម្ចីរបស់ចិនជាដើម៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុំចុះចាញ់ Don’t Give Up
ព្រះនាង នរោត្ដម ជេនណា បង្ហាញការគោរពដឹងគុណ ដល់ការពលីជីវិតរបស់វីរកងទ័ពជួរមុខគ្រប់រូប
សម្តេចធិបតី ជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីស្វែងរកសន្តិភាព
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
យោបល់ទាំងអស់ (0)