ថ្មីៗ-ThmeyThmey
· 2023-08-18
កម្ពុជាទទួលបានទុនវិនិយោគចំនួន៨,១ពាន់លានដុល្លារ ពីតំបន់សេដ្ឋកិច្ចពិសេស
#សង្គម# #តំបន់សេដ្ឋកិច្ចពិសេស# #សេដ្ឋកិច្ចជាតិ# #ទុនវិនិយោគ#
4365
រូបតំណាង៖ សកម្មភាពនៅរោងចក្រផលិតកង់មួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ រូបថត៖ CDC
តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជានាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគសរុប៨,១ពាន់លានដុល្លារអាម៉េរិក។ ការនាំទំនិញចេញពីតំបន់នេះទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ២៥,៧ពាន់លានដុល្លារ។ ទិន្នន័យនេះត្រូវបានបង្ហាញដោយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គិតចាប់ពីឆ្នាំ២០១១ ដល់ឆមាសទី១ ឆ្នាំ២០២៣។
តំបន់សេដ្ឋកិច្ចពិសេស(Special Economic Zone) បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធសេដ្ឋកិច្ចកម្ពុជា ទាំងផ្នែកឧស្សាហកម្ម និងទាំងប្រភពទុនវិនិយោគពីបណ្តាប្រទេសនានា។ ជាង១១ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជា បានផ្តល់ការងារជូនប្រជាពលរដ្ឋ ១៧៥ពាន់កន្លែង។ ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារហ្គោឌិន ស៊ីធី នាថ្ងៃទី១១សីហា លោក ជា វុទ្ធី បានបញ្ជាក់ថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានវិស័យដែលមិនមែនជាឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរមានរហូតដល់ ៩០,៣ភាគរយ។
«ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីស្ថិតក្នុងដំណាក់កាលរីករាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏បរិមាណនៃការនាំចេញពីតំបន់នេះមានការកើនឡើងជាលំដាប់»។ នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃ CDC ។
លោក បន្តថា កាលឆ្នាំ២០១១ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមានត្រឹមប្រមាណ៤ភាគរយនៃចំណែកការនាំចេញសរុប ហើយការនាំចេញនោះបានកើនជាបន្តបន្ទាប់ដល់អត្រា២៣ភាគរយក្នុងឆ្នាំ២០២២។ សម្រាប់ឆមាសទី១ឆ្នាំ២០២៣ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះក៏បង្ហាញនូវកំណើនជាវិជ្ជមាន ផងដែរ។
បើតាមលោក ជា វុទ្ធី ការនាំចេញរបស់កម្ពុជាពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់១ ៣៩២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៣។ ទំនិញនាំចេញពីតំបន់នេះ មានសំបកកង់រថយន្តមានតម្លៃ ១២៥លានដុល្លារ, គ្រឿងសង្ហារឹម និងផលិតផលពីឈើមានតម្លៃ១៥៤លានដុល្លារ, ឈើវ៉ែនី និងបន្ទះក្តារប្លាកេ មានតម្លៃ៧៩លានដុល្លារ, អំពូលលម្អអគ្គិសនី មានតម្លៃ១១៨លានដុល្លារ, ខ្សែភ្លើង និងបង្គុំខ្សែភ្លើ មានតម្លៃ១៨៨លានដុល្លារ, គ្រឿងបន្លាស់រថយន្ត មានតម្លៃ១២៨លានដុល្លារ, គ្រឿងបំណែកអេឡិចត្រូនិក មានតម្លៃ ២៦២លានដុល្លារ រួមទាំងកង់ និងគ្រឿងបង្គុំកង់ មានតម្លៃ៣៣៨លានដុល្លារ។ ទាំងនេះវិស័យសំខាន់ៗ ដែលចូលរួមធ្វើពិពិធកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃការនាំចេញរបស់កម្ពុជា។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន៣កន្លែង ខណៈក្រុមហ៊ុនចំនួន២ ទៀត កំពុងសិក្សាពីទីតាំងដើម្បីសាងសង់រោងចក្រផលិតសំបកកង់យានយន្តនៅកម្ពុជាផងដែរ។ លោក ជា វុទ្ធី ថ្លែងថា៖ « ឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយនៅពេលខាងមុខឆាប់ៗនេះនឹងមានក្រុមហ៊ុន២បន្ថែមទៀត ព្រោះបច្ចុប្បន្នយើងកំពុងចរចាជ្រើសរើសទីតាំងនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន»។
សូមជម្រាបថា ក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន៣ដែលកំពុងដំណើរការនោះ គឺមាននៅក្នុងខេត្តស្វាយរៀង(ក្រុងបាវិត) ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេងៗចូលខែថ្មី ម្ចាស់ឆ្នាំទាំង ៣ ជំនួញជោគជ័យ ខ្សែជីវិតប្ដូរមកជាល្អប្រសើរជាផ្លូវការ
ស្ត្រីខ្លាំងកើតក្នុងឆ្នាំទាំង ៣ នេះ ច្រើនតែនាំលាភសំណាងដល់ស្វាមី អំណោយផលល្អដល់ក្រុមគ្រួសារ
ហ្គីយ៉ាន ថ្កោលទោសវ៉េណេហ្ស៊ុយអេឡាជុំវិញការចុះហត្ថលេខាលើច្បាប់ដើម្បីដាក់បញ្ចូលតំបន់ជម្លោះ ជាឧបសម្ព័ន្ធរបស់ខ្លួន
ឆ្មាំល្បាតឆ្នេរទុយនីស៊ី ស្រង់សាកសពជនអន្តោប្រវេសន៍ ១៣ នាក់ ខណៈសង្គ្រោះបានជិតពីរពាន់នាក់
យោបល់ទាំងអស់ (0)