Cambo-China

· 2023-08-18

ទំនាក់ទំនងកម្ពុជា-ចិនក្នុងរដ្ឋាភិបាលអាណត្តិទី៧ នឹងកាន់តែរីកចម្រើន និងមានស្ថិរភាពជាងមុន

#អាណត្តិទី៧# #កម្ពុជា-ចិន# #ទំនាក់ទំនង# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

5853

មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជាសង្គមស៊ីវិលនិងយុវជនបង្ហាញក្តីរំពឹងថា ការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនឹងបន្តជំរុញទំនាក់ទំនងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ។ នេះបើតាមវិទ្យុមិត្តភាពកម្ពុជាចិន។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បាន និយាយថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែនៅដដែលទេ ប៉ុន្តែថែមទាំងត្រូវពង្រឹង និងពង្រីកកាន់តែខ្លាំងថែមទៀតផងដែរ។

ឯកឧត្តមបណ្ឌិតនិយាយថា «ទំនាក់ទំនងកម្ពុជា-ចិនក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងកាន់តែរីកចម្រើន រឹងមាំមានស្ថិរភាពជាងមុន ជាពិសេស មិត្តភាពដែកថែបរវាងប្រទេសទាំងពីរ នឹងមិនមានការប្រែប្រួល ផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន ក៏មិនប្រែប្រួល ហើយភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រឹតតែមានលក្ខណៈស៊ីជម្រៅថែមទៀត ក្របខណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ នឹងត្រូវបានពង្រឹងឡើង»។

លោក យឹម អធិស័ក្តិ ជានិស្សិត សកលវិទ្យាល័យមេគង្គកម្ពុជាវិញបានឱ្យដឹងដែរថា ក្នុងនាមជាយុវជន លោកគិតថា ទំនាក់ទំនងកម្ពុជាចិន ក្នុងអាណត្តិរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺកាន់តែអភិវឌ្ឍន៍ឡើងថែមមួយកម្រិតទៀត។

លោកនិយាយថា៖ «ចិន និងកម្ពុជាជាមិត្តដែលរួមរស់ក្នុសហគមន៍តែមួយ មានជោគវាសនាតែមួយ ដៃគូសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយ ទាំងក្នុងតំបន់ និងអន្តរជាតិ...នៅពេលដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី រដ្ឋមន្ត្រីការបរទេសចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដំណើរទស្សនកិច្ចនេះនឹងជំរុញ កិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស ការអនុញ្ញាតឲ្យទំនិញកសិកម្មរបស់កម្ពុជាមួយចំនួនធំ នាំចេញទៅចិនបាន»។

លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះកម្ពុជានិងចិន នឹងពន្លាតទំនាក់ទំនងនិងពង្រីកទំហំពាណិជ្ជកម្មជាពិសេសបង្កើន បរិមាណកសិផលិតផលកម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិន កាន់តែច្រើន។



សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នេះ ប្រទេសកម្ពុជា និងចិននឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្ដង់ដារខ្ពស់លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិដើម្បីជាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស