ថ្មីៗ-ThmeyThmey

· 2023-08-13

តុលាការធម្មនុញ្ញថៃ ទុកពេលបន្ថែមឱ្យបក្សឆ្ពោះទៅមុខការពារខ្លួនលើការកែច្បាប់ប្រមាថមហាក្សត្រ

#នយោបាយអន្តរជាតិ# #Worawit Kangsasitiam# #ព័ត៌មាន# #Pita Limjaroenrat#

4201

លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP

ដោយ: ធៀន ភា​រិន្ទ​

តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១២ ខែសីហា បានឯកភាពផ្តល់ពេលឱ្យបក្សឆ្ពោះទៅមុខ និងមេដឹកនាំបក្ស លោក Pita Limjaroenrat រយៈពេល ៣០ថ្ងៃបន្ថែម ដើម្បីដាក់ឯកសារ ក្នុងការការពារខ្លួន ពាក់ព័ន្ធនឹងបទចោទចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដែលស្មើការប៉ុនប៉ងផ្តួលរលំប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។

កន្លងមក តុលាការធម្មនុញ្ញថៃ បានទទួលពាក្យបណ្តឹងប្រឆាំងនឹងបក្សឆ្ពោះទៅមុខ ដែលមានចេតនាធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។ ពេលនេះ តុលាការធម្មនុញ្ញថៃ បានទុកពេលឱ្យ ៣០ថ្ងៃ បន្ថែម ដើម្បីឱ្យបក្សដែលមានិន្នាការកំណែទម្រង់មួយនេះ ប្រមូលឯកសារមកការពារខ្លួន។ 

តាមការប្រកាសរបស់លោក Worawit Kangsasitiam ប្រធានតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១២ ខែសីហា បានអះអាងថា កន្លងមក បក្សឆ្ពោះទៅមុខ បានស្នើសុំបន្ថែមរយៈពេល ១៥ថ្ងៃបន្ថែម ដោយសារបក្សមានឯកសារជាច្រើនត្រូវប្រមូល ដើម្បីការពារខ្លួន នឹងបទចោទប្រកាន់។ បើតាមប្រធានតុលាការរូបនេះ ការឯកភាពបន្ថែមរយៈពេលនេះ ធ្វើឡើងគឺជារឿងធម្មតា និងមិនមានអភ័យឯកសិទ្ធិអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 

បន្ថែមពីនេះ ប្រធានតុលាការរូបនេះបានបន្ថែមថា ប្រសិនបើតុលាការធម្មនុញ្ញរកឃើញថា បក្សឆ្ពោះទៅមុខ មានការប៉ុនប៉ងចង់ផ្តួលរលំប្រព័ន្ធប្រជាធិបតេយ្យមែន តុលាការអាចប្រើសិទ្ធិខ្លួន ដោយជំរុញឱ្យបក្សឆ្ពោះទៅមុខរំសាយសកម្មភាពរបស់ខ្លួនប៉ុណ្ណោះ និងគ្មានសិទ្ធិរំលាយបក្សនោះចោលឡើយ។ 

បានសេចក្តីថា ការរំលាយបក្សឆ្ពោះទៅមុខចោល គឺអាស្រ័យលើគណៈកម្មការរៀបចំការបោះឆ្នោតប៉ុណ្ណោះ មុននឹងដាក់ឱ្យតុលាការសម្រេចរំលាយបក្សឆ្ពោះទៅមុខចោល។ 

បន្ថែមពីបទចោទខាងលើ ប្រធានបក្សឆ្ពោះទៅមុខ លោក Pita ក៏រងបទចោទកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV ដែលច្បាប់ហាមឃាត់ផងដែរ៕ 

ប្រភពដើម៖ Thmey Thmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស