ថ្មីៗ-ThmeyThmey

· 2023-07-20

បក្សឆ្ពោះទៅមុខ នឹងបន្តតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្រ្តី

#នយោបាយអន្តរជាតិ# #ព័ត៌មាន# #Pita Limjaroenrat# #Nutthawut Buaprathum#

4324

ដោយ: ធៀន ភា​រិន្ទ​

បក្សឆ្ពោះទៅមុខ នឹងតែងតាំងមេដឹកនាំបក្សខ្លួន លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្រ្តីជាថ្មី ក្រោយសមាជិកសភាទាំងតំណាងរាស្រ្ត និងព្រឹទ្ធសភាភាគច្រើន បានបដិសេធនៅថ្ងៃទី១៩ ខែកក្កដា។ អនុប្រធានបក្សឆ្ពោះទៅមុខ លោកNutthawut Buaprathum បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែកក្កដា។

ប៉ុន្មានម៉ោងក្រោយតុលាការធម្មនុញ្ញថៃព្យួរលោក Pita Limjaroenrat ពីតំណាងរាស្រ្ត សភាថៃទាំងពីរថ្នាក់ បានបដិសេធមេដឹកនាំបក្សឆ្ពោះទៅមុខរូបនេះ មិនឱ្យស្នើធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីថែមទៀត។ យ៉ាងណាមិញ អនុប្រធានបក្សឆ្ពោះទៅមុខ នៅតែប្តេជ្ញាតែងតាំងលោក Pita Limjaroenrat ជាថ្មី ដើម្បីធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតខាងមុខ។ 

លោក Nutthawut Buaprathum អនុប្រធានបក្ស នៅថ្ងៃទី២០ ខែកក្កដា បានអះអាងថា តាមបទប្បញ្ញត្តិលេខ៤១ របស់សភា ការដាក់ស្នើបេក្ខជននាយករដ្ឋមន្រ្តីជាថ្មី នៅតែអនុញ្ញាត ប្រសិនបើមានការបញ្ជាក់ពីមូលហេតុថ្មី។ ត្រង់ចំណុចនេះ លោក Nutthawut ដែលជាសមាជិកសភាផងនោះ បានអះអាងថា បទប្បញ្ញត្តិនេះ នៅតែអាចយកមកអនុវត្តបាន។

បើទោះត្រូវបានតុលាការធម្មនុញ្ញព្យួរសមាជិកសភា ប៉ុន្តែអនុប្រធានបក្សរូបនេះ នៅតែអះអាងថា លោក Pita គឺគ្មានកំហុសឡើយ។ 

ការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីពីសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដាខាងមុខ។ យ៉ាងណាមិញ ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha មិនទាន់ដឹងច្បាស់ឡើយ ថាតើនឹងមានបេក្ខជននាយករដ្ឋមន្រ្តីចូលរួមប្រជែងប៉ុន្មានរូប។ 

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដោយផ្អែកលើប្រភពនៅក្នុងបក្ស បក្សភឿថៃ នឹងបង្កើតសម្ព័ន្ធថ្មីមួយ ដោយមិនរួមបញ្ចូលបក្សឆ្ពោះទៅមុខ។ ក្រោយការចុះផ្សាយបែបនេះ មេដឹកនាំបក្សភឿថៃ Cholnan Srikaew បានបញ្ជាក់ថា បក្ស Pheu Thai នៅតែបន្តចងសម្ព័ន្ធភាពជាមួយបក្សឆ្ពោះទៅមុខ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ 

បើតាមលោក Cholnan បានអះអាងថា បក្សរបស់លោក កំពុងរង់ចាំការហៅប្រជុំពីបក្សឆ្ពោះទៅមុខ ដែលទទួលបានសំឡេងច្រើនជាងគេនៅពេលកន្លងទៅ ហើយបក្ស Pheu Thai ក៏មិនមានបំណងចូលរួមជាមួយបក្សផ្សេងទៀត ក្រៅពីសម្ព័ន្ធនយោបាយទាំង ៨ឡើយ៕ 

ប្រភពដើម៖ Thmey Thmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស