ថ្មីៗ-ThmeyThmey
· 2023-07-19
ទោះឱកាសកាន់តែខើច លោក Pita នៅតែប្រជែងកៅអីនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតថ្ងៃទី១៩ កក្កដា
#នយោបាយអន្តរជាតិ# #Wanwichit Boonprong# #ព័ត៌មាន# #Pita Limjaroenrat#
4094
មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ។ រូបភាពពី AP
ដោយ: ធន់ សេងហុង (THUN Senghong)
សភាថៃ បានបើកកិច្ចប្រជុំជាថ្មីនៅថ្ងៃទី១៩ ខែកក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ លោក Pita Limjaroenrat នៅតែជាបេក្ខជនរបស់សម្ព័ន្ធភាពចម្រុះដដែល។ ប៉ុន្តែឱកាសរបស់លោក ត្រូវមើលឃើញថា កាន់តែខើចខ្លីទៅហើយ។ ផ្ទុយទៅវិញ សមាជិកសភាបក្សភឿថៃគឺលោក Srettha Thavisin កំពុងទទទួលបានប្រជាប្រិយភាព ដែលអាចឆក់ឱកាសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីនៅជុំទីបី។
បេក្ខជននាយករដ្ឋមន្រ្តីបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat កំពុងព្យាយាមជាលើកចុងក្រោយ ដើម្បីទទួលបានការយល់ព្រមពីសភាទាំង២ថ្នាក់ ក្នុងការដឹកនាំប្រទេស។ ប៉ុន្តែអ្នកជំនាញនៅថៃ យល់ឃើញថា ភាគរយរបស់លោកមានមិនច្រើនឡើយ។
លោក Wanwichit Boonprong សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Rangsit បានប្រាប់កាសែតបាងកកប៉ុស្តិថា ឱកាសដែលមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រីថ្មី បានធ្លាក់ចុះមុនការបោះឆ្នោតជុំទីពីរ។
លោក Wanwichit បាននិយាយថា មុនការបោះឆ្នោតជុំទីមួយនៅថ្ងៃទី ១៣ ខែកក្កដា ឱកាសមានតិចជាង ៥០ភាគរយ ប៉ុន្តែបច្ចុប្បន្នវាមានត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។
ការប៉ុនប៉ងធ្វើជានាយករដ្ឋមន្ត្រីរបស់លោក Pita ត្រូវបានរារាំងដោយកត្តាជាច្រើនរួមមាន ការចចេសចង់កែច្បាប់ប្រមាថព្រះមហាក្សត្ រដែលមិនមានការគាំទ្រពីសមាជិកសភាជាច្រើន ខណៈដែលតុលាការធម្មនុញ្ញ នឹងសម្រេចទទួលយកសម្រាប់ការពិចារណាលើសំណុំរឿងដែលពាក់ព័ន្ធ និងការកាន់កាប់ភាគហ៊ុនរបស់ទូរទស្សន៍ផងដែរ។
ប្រសិនបើលោក Pita នៅតែបរាជ័យក្នុងការទទួលបានការគាំទ្រសម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតជុំទីពីរនេះ លោកនឹងលែងមានភាពស្របច្បាប់ ក្នុងការបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីទៀតហើយ។ លោក Wanwichit បានលើកឡើងបែបនេះ។
ប្រសិនបើលោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបី របស់គណបក្សភឿថៃ នឹងត្រូវបានតែងតាំងសម្រាប់តួនាទីនេះ អាចនឹងទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាច្រើនជាង លោក Pita ។ លោក Wanwichit បន្តថា៖« ប្រូបាប៊ីលីតេ បានបង្ហាញថា ៨០ភាគរយ គឺបែបនេះ ប៉ុន្តែថាតើការគាំទ្រពីសមាជិកព្រឹទ្ធសភា នឹងមានគ្រប់គ្រាន់យ៉ាងណានោះ នឹងត្រូវចាំមើលនៅពេលបន្ទាប់»។
ស្រដៀងគ្នានេះដែរ លោក Olarn Thinbangtieo សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Burapha បានលើកឡើងថា លោក Pita មានឱកាសតិចតួចក្នុងការក្លាយជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទីពីរ ខណៈដែលសមាជិកព្រឹទ្ធសភាភាគច្រើន មិនគាំទ្រលោក Pita ស្រាប់ទៅហើយ។ លោកបញ្ជាក់ថាឱកាសមានតែ ៣០ ភាគរយប៉ុណ្ណោះ។
លោកបានបន្តថា ចំពោះលោក Srettha Thavisin ទំនងជានឹងត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី ទោះបីសមាជិកព្រឹទ្ធសភា នឹងមិនបោះឆ្នោតឲ្យលោកក៏ដោយ ប្រសិនបើបក្សឆ្ពោះទៅមុខនៅតែជាសម្ព័ន្ធមិត្តរបស់ភឿថៃ។
លោក Olarn Thinbangtieo បានបង្ហាញនូវសេណារីយ៉ូមួយ គឺបង្កើតសម្ព័ន្ធមួយផ្សេងទៀតដោយមិនមានបក្សឆ្ពោះទៅមុខ បន្ទាប់ពីការបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីជុំទីពីរនេះ។ លោកបាននិយាយថា ប្រសិនបើលោក Pita បរាជ័យក្នុងការទទួលបានការគាំទ្រ គណបក្សភឿថៃ នឹងមានហេតុផលដើម្បីបដិសេធមិនអនុវត្ត តាមអនុស្សរណៈយោគយល់គ្នា (MoU) ដែលពួកគេបានចុះហត្ថលេខា។
ការបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីនៅជុំបន្ទាប់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ សម្រាប់ជុំទីពីរ និងជុំទីបីនៅថ្ងៃទី២០ ខែកក្កដា៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរកំពង់ផែសិង្ហបុរី៖ នាវាបុកស្ពាន នៅ Baltimore បានឆ្លងកាត់ការត្រួតពិនិត្យចំនួន ២ដង ក្នុងឆ្នាំ២០២៣
ការស្លាប់ ២ករណី ត្រូវបានផ្សារភ្ជាប់នឹងក្ដីបារម្ភពីអាហារបំប៉នសុខភាពរបស់ជប៉ុន
អាមេរិក ស្វាគមន៍រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន បន្ទាប់ពីមានការអំពាវនាវរបស់ខ្លួនឲ្យធ្វើការកែទម្រង់នយោបាយ
របៀបផឹកកាហ្វេដើម្បីទទួលបានអត្ថប្រយោជន៍ មិនប៉ះពាល់ដល់សុខភាព
យោបល់ទាំងអស់ (0)