ថ្មីៗ-ThmeyThmey

· 2023-07-09

​អាម៉េរិក​ជាទីផ្សារ​នាំចេញលំដាប់លេខ១របស់​កម្ពុជា ខណៈចិនឈរនៅលេខ៣

#ទីផ្សារ​នាំចេញ# #អាម៉េរិក# #សង្គម# #ចិន# #សេដ្ឋកិច្ចជាតិ#

5450

រូបតំណាង៖ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ចាប់ដៃជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នាជំនួបពិភាក្សាការងារនៅល្ងាចថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាដែលជាទីរៀបចំប្រជុំកំពូល

ដោយ: អ៊ូ សុខមាន (OU Sokmean)

កម្ពុជាសម្រេចការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសនានា ក្នុងពិភពលោកបានក្នុងទំហំទឹកប្រាក់ប្រមាណ៩ ១៨៣លានដុល្លារ នារយៈពេល៥ខែមកនេះ​នៃឆ្នាំ២០២៣។​ ក្នុងនោះ​ សហរដ្ឋអាម៉េរិក គឺជាទីផ្សារឈរនៅលំដាប់ទី១របស់កម្ពុជា ខណៈស្ថិតប្រទេសចិន គឺស្ថិតនៅលំដាប់ទី៣។

​យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៣​ កម្ពុជានាំទំនិញទៅកាន់ផ្សារសហរដ្ឋអាម៉េរិកមានទំហំជិត ៣ ១៩៨លាន​ដុល្លារ។ នេះទីផ្សារធំបំផុតរបស់កម្ពុជា ស្ថិតក្នុងលំដាប់ទី១។ 

លំដាប់ពី២នោះ ជាទីផ្សារប្រទេសវៀតណាម​មានទំហំនាំចេញជាង១ ៣២៣​លានដុល្លារ និងលំដាប់លេខ៣ គឺជាប្រទេសចិនដែលមានទំហំនាំចេញជិត ៥៨៩លានដុល្លារ។ 

ផ្អែកលើស្ថិដដែល សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា​។ ទំនិញដែលត្រូវនាំចេញទៅប្រទេសនេះ មានសម្លៀកបំពាក់ កាបូបដៃ និងស្បែកជើង​ជាដើម។​ 

កាលពីថ្ងៃទី៥កក្កដា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក W.Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​កម្ពុជា បានប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិ​បត្តិការ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម វិនិយោគទុន និងបង្កើត​ឱកាស​ការងារ​បន្ថែមទៀត​រវាង​ប្រទេស​ទាំងពីរ។ 

នាជំនួបនោះ លោកឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាម៉េរិក​ បានសម្តែងនូវការពេញចិត្តនូវគម្រោងដែលមានកាន់តែប្រសើរនៅកម្ពុជា ក្នុងការជំរុញឱ្យការបញ្ជទិញពីទីផ្សារអាម៉រិកកាន់តែច្រើន។ លោកបានបញ្ជាក់ថា កំណើនេះ គឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់​ ស្បែកជើង។

ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហអាម៉េរិកសម្រេចបានទំហំ ៩ ២៨១លានដុល្លារ ដែលក្នុងនោះមានការនាំចេញមាន៨ ៩៦៨លានដុល្លារ។​ ទំនិញប្រភេទសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលមានកម្ពុជានាំចេញទីផ្សារអាម៉េរិកមាន ២ ២០០លានដុល្លារ, គ្រឿងប្រដាប់ប្រដាសម្រាប់ធ្វើដំណើរ​កាបូបដៃមានទំហំទឹកប្រាក់ ១ ៤៤១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមាន ១ ២៩៦លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំគឺមាន ៩៦២លានដុល្លារ ​និងសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទំហំ៥៧០លានដុល្លារ។ 

ចំណែកទំហំដែលកម្ពុជា​នាំចូលពីអាម៉េរិកក្នុងឆ្នាំ២០២២វិញ គឺមានយានយន្ត​ក្រៅអយស្ន័យយាន ឬអយរអគ្គិសនីក្នុងទំហំទឹកប្រាក់ ១១៣លានដុល្លារ, កាកសំណល់ពីឧស្សាហកម្មម្ហូបអាហារមាន ៣៦លានដុល្លារ, ម៉ាស៊ីន និង បរិធានមេកានិក សម្ភារអគ្គិសនីមាន ២៣លានដុល្លារ, ឧបករណ៍ និងបរិធានអុកទិកសម្រាប់វេជ្ជ ឬការវះកាត់មាន ១៤ដុល្លារ និងផលិតឱសថ មាន៧លានដុល្លារ។​ បើតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម៕ 

ប្រភពដើម៖ Thmey Thmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស