Harbor Property

· 2023-07-06

ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាព្យាករថានឹងមានកំណើនក្នុងរង្វង់ ៦,៦%

#សង្គម# #សេដ្ឋកិច្ចកម្ពុជា# #វិស័យដឹកជញ្ជូន និងគមនាគមន៍# #សេដ្ឋកិច្ចជាតិ#

7546

សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦%។ នេះបើយោងតាមសារាចរស្ដីពីផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ពីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ការប៉ាន់ស្មាននិងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រា ៥,៦% សម្រាប់ឆ្នាំ ២០២៣ និង ៦,៦% សម្រាប់ឆ្នាំ ២០២៤ គឺត្រូវបានគិតគូរក្នុងកម្រិតបន្ទាត់មូលដ្ឋាន (Baseline projection) ស្របពេលដែល ទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់ កាន់តែមានភាពមិនប្រាកដប្រជាខ្ពស់។ លើសពីនេះ ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបានតុល្យភាព។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានគាំទ្រដោយវិស័យសំខាន់ៗចំនួនបី រួមមាន៖ វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ។ រីឯវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត- សាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩។ ចំណែកឯវិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩% ដោយការបន្តកើនឡើងនូវ សកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានៅបន្តសម្រេចបាន កំណើនទាបជាងនិន្នាការធម្មតា។

សម្រាប់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីកត្តាខាងក្រៅ រួមមាន៖ ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និង សកល, ការថមថយសេដ្ឋកិច្ចសកល, ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម ការបែកខ្ញែកនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលដែលនឹងប៉ះពាល់កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ។ 

គួរជម្រាបថា ចំពោះវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងឆ្នាំនេះ នៅបន្តកំណើនវិជ្ជមាន ក៏ប៉ុន្តែមាននិន្នាការថមថយ ដោយសារការបន្តថមថយសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លខ្ពស់ ក៏ប៉ុន្តែ ត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃទាប និងសំណង់បម្រើឱ្យ ឧស្សាហកម្ម ព្រមទាំងសេវាកម្មក្នុងស្រុក រួមមាន សំណង់រោងចក្រ និងអគារផ្សារទំនើប និងផ្សារលក់រាយ ជាដើម។

ស្វែងរក គម្រោងអភិរឌ្ឍន៍ថ្មីនៅក្នុងប្រទេសកម្ពុជា  តាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទដៃ របស់ Harbor Property ​ ដោយសេរីនិងឥតគិតថ្លៃ!

Harbor Property!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស