Cambo-China
· 01-21
កម្ពុជា និងចិន ជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធស្ថានការណ៍ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
#កម្ពុជា និងចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1305

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធស្ថានការណ៍ ក៏ដូចជាជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។
ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។
ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត លោក Wang Wenbin បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ 
លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។
លោក Wang Wenbin មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ហើយភាគីចិន រីករាយ និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)