Cambo-China

· 12-10

ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន មានបំណងជួយវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងគ្រប់គ្រងទឹកនៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2251

ក្នុងកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា តំណាងគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) លោក Sun Xiangchun បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនចំនួន៣ ពាក់ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកកម្ពុជា។ក្នុងជំនួប ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ តំណាងគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនគឺ ១)ជួយធ្វើការសិក្សា និងវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹក ២)ស្វែងរកយន្តការសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយមលើកិច្ចការគ្រប់គ្រងទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និង៣)ជួយធ្វើការសិក្សា និងវិភាគលើការងារបូមខ្សាច់តាមដងទន្លេមេគង្គ និងជួយធ្វើយ៉ាងណាឱ្យការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គមាននិរន្តរភាព។ជាមួយគ្នានេះ ឯកឧត្តម ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ក្នុងបរិបទនៃការប្រែប្រួលអាកាស។ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន អំពីអាទិភាពរបស់ក្រសួងក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និងពីសក្តានុពលទឹកមានសម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា ព្រមទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល។គួរឲ្យដឹងដែរថា សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) ជាសហគ្រាសខ្នាតធំរបស់រដ្ឋ បានបង្កើតឡើងក្នុងឆ្នាំ១៩៧៩។ ក្រុមហ៊ុនមានទីស្នាក់ការតំណាង ឬការិយាល័យគ្រប់គ្រងគម្រោងក្នុងប្រទេស និងតំបន់ចំនួន១១០។ នៅកម្ពុជា ក្រុមហ៊ុនអនុវត្តគម្រោងចំនួន៥ ក្នុងនោះគម្រោងចំនួន២បានបញ្ចប់រួចរាល់ ចំណែកគម្រោងចំនួន៣ទៀតកំពុងអនុវត្ត រួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ គម្រោងសាងសង់សំណង់អគារនៅតាមបណ្តោយកំពង់ផែភ្នំពេញ និងគម្រោងសាងសង់បង្គោលអង់តែនទូរគមនាគមន៍៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស