Knongsrok

· 08-22

ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ដំណើរជីវិត#

394

នៅក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ គឺចៀសមិនផុតពីបញ្ហា ការលំបាក និងឧបសគ្គតូចធំកើតឡើងនោះឡើយ ទោះចង់ឬមិនចង់ ត្រូវតែប្រឈមមុខឆ្លងកាត់រឿងទាំងអស់នោះ។ យ៉ាងណាក៏ដោយ សូមឱ្យអ្នកចងចាំឃ្លាទាំង ៥ នេះទុកឱ្យបានច្បាស់ វានឹងអាចជួយឱ្យអ្នកបានធូរស្រាល ហើយឆ្លងរាល់បញ្ហាបានទៅដោយរលូន។

១) គ្មានភាពយុត្តិធម៌ដាច់ខាតនៅក្នុងជីវិត ៖ ជីវិតមិនដែលយុត្តិធម៌ទេ ហើយគ្រប់គ្នានឹងមានការសោកស្ដាយ ប៉ុន្តែយើងនៅតែត្រូវតស៊ូធ្វើអ្វីដែលយើងគួរធ្វើ ហើយនៅតែត្រូវដើរយ៉ាងក្លាហានលើផ្លូវដែលយើងគួរដើរ។ ក្នុងជីវិតមនុស្សគ្រប់រូបនឹងជួបរឿងជាច្រើនដែលមិនបានសម្រេចដូចការគ្រោងទុក ហើយរាល់បញ្ហានឹងបង្កប់នូវទុក្ខសោកលាក់កំបាំង។ យើងមិនគួរបោះបង់អ្វីមួយដោយសារតែយើងត្រូវបានគេប្រព្រឹត្តដោយអយុត្តិធម៌នោះឡើយ។ ការស៊ូទ្រាំផ្លូវចិត្តរបស់អ្នកមានភាពផុយស្រួយពេក។ តើអ្នកអាចសម្រេចបានរបស់ដ៏អស្ចារ្យដោយរបៀបណា? មនុស្សមួយចំនួនមានអារម្មណ៍បាក់ទឹកចិត្ត សឹងតែមិនអាចងើបមុខឡើងដើម្បីទទួលទានអាហារឱ្យមានកម្លាំងឡើងវិញ។ ក្រោយមក ពួកគេត្រូវស៊ូទ្រាំនឹងភាពតានតឹងកាន់តែខ្លាំង តែយូរៗទៅ គ្រប់យ៉ាងក៏ក្លាយជាទម្លាប់។ ពួកគេបន្តធ្វើវាដោយស្ងប់ស្ងាត់ ហើយអ្វីៗនឹងប្រសើរឡើង។

២) ពេលជួបការលំបាកក្នុងជីវិត ការពឹងលើអ្នកដទៃជ គឺមិនស្រួលដូចការពឹងលើខ្លួនឯងនោះទេ ៖ មានសុភាសិតមួយឃ្លាពោលថា «ក្នុងជីវិត១០រឿង មាន៨ ឬ៩ រឿងហើយដែលមិនបានដូចការរំពឹងទុក ហើយពេលខ្លះ យើងមិនអាចរកបានមនុស្សនិយាយជាមួយសូម្បីតែម្នាក់»។ នៅពេលដែលយើងជួបការលំបាក យើងមិនអាចគ្រាន់តែសុំឱ្យអ្នកដទៃជួយយើងដោះស្រាយនោះទេ ការពឹងផ្អែកលើខ្លួនឯង គឺជាមធ្យោបាយដ៏ល្អបំផុត។ ជាពិសេសនៅពេលដែលវាមកដល់ព្រឹត្តិការណ៍ជីវិតធំៗ ដូចជាអាពាហ៍ពិពាហ៍ ស្នេហា គ្រួសារ អ្នកពិតជាត្រូវសម្រេចចិត្តដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកលើអ្នកដទៃដើម្បីធ្វើជម្រើសសម្រាប់អ្នក ហើយអ្នកគ្រាន់តែធ្វើតាម។ ព្រោះមានតែគំនិតរបស់យើងទេ ទើបយើងអាចរស់នៅដោយទំនុកចិត្ត។

៣) បំភ្លេចអតីតកាល ហើយរស់នៅក្នុងបច្ចុប្បន្នឱ្យបានល្អ ៖ មានតែការលះបង់អតីតកាលដ៏សោកសៅ និងរក្សាចិត្តរីករាយប៉ុណ្ណោះ ទើបយើងអាចរស់នៅក្នុងជីវិតដ៏រីករាយ និងសុខស្រួលបាន។ បើអ្នកមានទុក្ខ មិនអាចរំដោះខ្លួនឯងបានទេ សូមកុំបិទ ឬបង្ខាំងខ្លួនឯងអី បើអ្នកនៅតែមិនព្រមឱ្យអ្នកដទៃចូលមកក្នុងជីវិតអ្នកទេ អ្នកនឹងកាន់តែរងទុក្ខជាងនេះទេ្វដង។ មនុស្សគ្រប់រូបសុទ្ធតែមានអតីតកាល ប៉ុន្តែយើងមិនគួរបណ្តោយឱ្យខ្លួនយើងរស់នៅក្នុងអតីតកាលនោះទេ។ យើងគួរចាត់ទុកមនុស្ស និងវត្ថុពីអតីតកាលថាជាទេសភាព ហើយរសាត់ទៅតាមខ្យល់ទៅ។ ហើយត្រូវរស់នៅក្នុងជីវិតបច្ចុប្បន្នឱ្យបានល្អ បើកចំហទូលាយចំពោះទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗ ទើបជារឿងល្អ។

៤) គ្មានអ្នកណាល្អឥតខ្ចោះទេ រៀនទទួលយកកំហុសរបស់ខ្លួនឯង ហើយកែប្រែឱ្យបានល្អ ៖ នៅពេលដែលអ្នកហ៊ាននិយាយអំពីចំណុចខ្វះខាតរបស់អ្នក ជាមួយអ្នកដទៃ វានឹងមិនមែនជាបញ្ហាធំនោះទេ ហើយអ្នកដទៃក៏មិនអាចគំរាមកំហែងអ្នកបានដែរ។ នៅពេលដែលអ្នកអាចបង្ហាញចំណុចខ្វះខាតរបស់អ្នក ទៅកាន់អ្នកដទៃដោយសប្បុរស អ្នកមិនត្រឹមតែមានភាពស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងមានភាពក្លាហានទៀតផង។ មនុស្សដែលមានចរិតស្មោះត្រង់ទំនងជាទទួលបានសុភមង្គលច្រើន។ មនុស្សគ្រប់រូបមានចំណុចខ្លាំង និងចំណុចខ្សោយ ម្នាក់ៗមានទុក្ខសោកដែលពិបាកនិយាយចេញមក។ ប៉ុន្តែយើងមិនគួរមានអារម្មណ៍ថាអន់ជាងអ្នកណាដោយសារតែចំណុចខ្វះខាតរបស់យើងទេ ព្រោះអ្នកនឹងឃើញថាអ្នកកាន់តែព្យាយាមលាក់វា នោះវាកាន់តែងាយស្រួលរកឃើញ។

៥) អ្នកមិនអាចផ្លាស់ប្តូរអ្នកដទៃបានទេ បើអ្នកចង់ផ្លាស់ប្តូរខ្លួនឯង ៖ អ្នកកាន់តែចង់ផ្លាស់ប្តូរអ្នកដទៃ ដោយសង្ឃឹមថាគេអាចធ្វើអ្វីដែលអ្នករំពឹងទុក និងរស់នៅតាមការចង់បានរបស់អ្នក។ ប៉ុន្តែបើអ្នកទាមទារឱ្យអ្នកម្ខាងទៀតធ្វើអ្វីគ្រប់យ៉ាងតាមរបៀបរបស់អ្នក នោះអ្នកនឹងត្រូវខកចិត្តរឹតតែខ្លាំង។ បើអ្នកចង់ផ្លាស់ប្តូរអ្នកដទៃដោយងងឹតងងុល លទ្ធផលចុងក្រោយអាចគ្រាន់តែជាការហត់នឿយផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះ។ ដោយសារតែធម្មជាតិរបស់មនុស្ស គឺពិបាកនឹងផ្លាស់ប្តូរណាស់ មនុស្សគ្រប់រូបមានគំនិតរៀងៗខ្លួន។ ចូរអធ្យាស្រ័យ ទទួលយក និងគោរពបុគ្គលិកលក្ខណៈរបស់គ្នាទៅវិញទៅមក នោះអ្នកនឹងមានជីវិតដ៏ស្រស់បំព្រង និងមានពណ៌ស្រស់ឆើតឆាយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស