Knongsrok

· 08-13

អ្នកនឹងទទួលបានអារម្មណ៍ល្អៗទាំងនេះ នៅថ្ងៃណាមួយ ពេលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

487

អ្នកនឹងទទួលអារម្មណ៍នៃក្តីស្រលាញ់គ្រប់ទង្វើដែលគេធ្វើជូនអ្នក។

នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយក្នុងការថែរក្សាទំនាក់ទំនងស្នេហានេះដោយម្នាក់ឯងឡើយ។ អ្នកមិនចាំបាច់ប្រឹងប្រែងច្រើនពេកក្នុងការរក្សាមនុស្សម្នាក់ឱ្យគេនៅក្បែរខ្លួនអ្នក។ អ្នកមិនចាំបាច់យល់ព្រមគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ នៅពេលដែលពេលខ្លះអ្នកមិនចង់ក៏ដោយ។ មនុស្សម្នាក់ដែលគេយល់ពីអ្នក គេនឹងធ្វើការសម្របសម្រួល និងពិភាក្សាជាមួយអ្នក។

នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនចំណាយកម្លាំងច្រើនក្នុងការគិតព្រួយបារម្ភ ឬខ្វល់ខ្វាយនៅពេលគេមិននៅក្បែរអ្នកនោះទេ។ អ្នកនៅតែមានអារម្មណ៍សុវត្ថិភាព ទោះបីគេមិននៅក្បែរគ្នា ព្រោះអ្នកទទួលបានការស្រលាញ់ពីគេពិតប្រាកដ ហើយគេនឹងមិនធ្វើទង្វើដែលក្បត់អ្នកពីក្រោយខ្នងនោះឡើយ។

អ្នកមិនចាំបាច់បារម្ភថា តើអ្នកបានធ្វើទង្វើអ្វីខុសដែលធ្វើឱ្យគេគេចឆ្ងាយ ឬបាត់បង់ចំណាប់អារម្មណ៍មកលើអ្នក។ អ្នកនឹងទទួលអារម្មណ៍ដ៏ទុកចិត្តមួយដែលអ្នកអាចនិយាយរៀបរាប់ពីរឿងគ្រប់យ៉ាងទៅគេដោយធូរស្បើយ។

នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថប់ដង្ហើម តប់ប្រមល់ឡើយ។ អ្នកទាំងពីរនឹងមានការជឿជាក់គ្នាក្នុងទំនាក់ទំនងមួយនេះ។ អ្នកអាចធ្វើអ្វីដែលអ្នកចង់បានដោយមិនបាច់បារម្ភ។ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នក និងធ្វើវាដោយសប្បាយចិត្តដោយមិនមានអារម្មណ៍ថាខុសឆ្គង ហើយអ្វីដែលសំខាន់ គឺគេនឹងគាំទ្រអ្នកជានិច្ច។ គេនឹងតែងតែនៅពីក្រោយអ្នក ជម្រុញ និងលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងនឹងអ្វីដែលអ្នកគួរទទួលបាន។

នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមានអារម្មណ៍ថាមានថាមពលល្អម្យ៉ាង ហើយអ្នកនឹងអាចដោះស្រាយបានគ្រប់យ៉ាង។ អ្វីៗគឺមកពីមានមនុស្សម្នាក់ដែលតែងតែនៅក្បែរអ្នក ជួយអ្នកឱ្យក្លាយជាមនុស្សពូកែដែលអ្នកគិតថាខ្លួនអ្នកធ្វើមិនបាន។ គេតែងចង់ឱ្យអ្វីដែលល្អកើតឡើងលើខ្លួនអ្នក។ អ្នកទាំងពីរនឹងជួយគ្នាទៅវិញទៅមកគ្រប់រូបភាពនៃជីវិត អ្នកនឹងឆ្លងកាត់ជាមួយគ្នា រីកចម្រើនជាមួយគ្នានៅក្នុងទំនាក់ទំនងដែលមានភាពចាស់ទុំ។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ នឹងនៅជាមួយគ្នាគ្រប់ស្ថានភាព បរាជ័យ និងជោគជ័យ ឈឺចាប់ និងរីករាយ។

នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមានទំនុកចិត្តយ៉ាងខ្លាំងថា គេនឹងនៅជាមួយអ្នក។ ហេតុផលដ៏សាមញ្ញ គឺក្តីស្រលាញ់ដែលមិនបាត់បង់ និងភាពជឿជាក់ដែលតែងតែកើនឡើង អារម្មណ៍សុវត្ថិភាពដែលផ្តល់ឱ្យគ្នាមិនដាច់ ទោះបីជាអ្នកទាំងពីរកំពុងតែខឹងគ្នា ឈ្លោះគ្នា ឬមានថ្ងៃអាក្រក់ក៏ដោយ អ្នកនឹងមិនចោលគ្នានោះទេ៕

អត្ថបទ ៖ Mythical2 / ក្នុងស្រុករក្សាសិទ្ធិ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស