Knongsrok

· 04-20

អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង

#ចំណេះដឹង# #ការអប់រំកូន# #អប់រំ និងការងារ#

1825

ឥទ្ធិពលនៃគ្រួសារដើមមកលើកុមារមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានទស្សនៈ3យ៉ាងដែរ។ អប់រំកូនឱ្យដឹងពីបញ្ហាអស់ទាំងនេះកាន់តែឆាប់កាន់តែប្រសើរ។

1•《 ស្រលាញ់ខ្លួនឯងជាមុនសិន មុននឹងស្រលាញ់អ្នកដទៃ》 ៖ យើងទាំងអស់គ្នាសុទ្ធតែមានពិភពលោករបស់យើងរៀងខ្លួន សូមកុំរំពឹងថាមនុស្សទាំងអស់គេសុទ្ធតែស្រឡាញ់អ្នក។ ប៉ុន្តែមិនថាឋិតក្នុងកាលៈទេសៈណាក៏ដោយយើងត្រូវតែស្រឡាញ់ខ្លួនឯងមុនគេបង្អស់។

2• 《សេចក្តីសប្បុរសគឺល្អហើយប៉ុន្តែយើងត្រូវចេះការពាររក្សាខ្លួនឯងជាមុន》៖ ការជួយសង្រ្គោះអ្នកដទៃ មិនអាចយកការលះបង់ខ្លួនឯងជាថ្នូរដាច់ខាត។ ក្នុងនាមជាកូនក្មេង កូនត្រូវតែចេះទទួលខុសត្រូវចំពោះខ្លួនឯងជាមុន ការពារជីវិតខ្លួន ពេលខ្លះវាសំខាន់ជាងការដែលកូនធ្វើជាវីរៈបុរសក្លាហានទៅទៀត។

3• 《រៀនឱ្យតម្លៃចំពោះអំពើល្អរបស់អ្នកដទៃ》 ៖ សូមកុំមានគំនិតគិតអគតិចំពោះបុគ្គលណា ឬរឿងអ្វីទាំងអស់ ត្រូវរៀនឈរលើគោលជំហររបស់អ្នកដទៃហើយគិតពិចារណាពីជីវិតមិនងាយស្រួលរបស់គេផង។ កុំចង់ឱ្យគេធ្វើបានដូចយើងខ្លួនឯង។

4•《 រៀនមុនទើបលេងក្រោយ》 ៖ រឿងអ្វីក៏ដោយត្រូវមានលំដាប់លំដោយ មុន ក្រោយរបស់វា នេះគឺជាអាកប្បកិរិយារបស់កូន។ មានតែការដែលអាចទប់ទល់នឹងគំនិតដែលឡេះឡោះ ហើយត្រៀមរួចជាស្រេចប៉ុណ្ណោះ ទើបកូនអាចទទួលបានជីវិតដែលមានវិន័យលើខ្លួនឯង។ អាចទទួលយកការដកពិសោធបានទើបអាចឈានទៅមុខបាន។ កន្លងទៅរាប់ពាន់ឆ្នាំហើយ ការសិក្សា គឺដើម្បីតែខ្លួនកូនប៉ុណ្ណោះ!

5•《ពេលមានបញ្ហាកុំប្រញ៉ាប់ស្រែករក “ម៉ែ” ជួយមុន》 ៖ ត្រូវចេះមានគំនិតស្វែងរកដំណោះស្រាយជាមុន។ ហើយអ្វីដែលកូនបានគិត នឹកគិតដល់វានឹងអាចឆ្លាក់ទុកក្នុងខួរក្បាលរបស់យើងបាន។ ចាំដល់គិតលេងចេញ អត់មានដំណោះស្រាយទៅរួច ចាំស្រែកហៅម៉ែជួយក៏មិនទាន់ហួសពេលដែរ។

6• 《ពេលញ៉ាំបាយ ត្រូវតែអង្គុយឱ្យមានរបៀបមានច្បាប់ទម្លាប់ល្អ》 ៖ កន្លែងតុអារហារ គឺជាកន្លែងរួមរបស់សមាជិកគ្រួសារទាំងមូល វាមិនមែនជាលែងកំសាន្តផ្ទាល់ខ្លួនរបស់កូនតែម្នាក់នោះទេ។ ទម្លាប់រីករាយពេលញ៉ាំអារហារជុំគ្នាក្នុងគ្រួសារ ក៏អាចស្តែងពីការស្រឡាញ់ជីវិតរស់នៅដែរ។

7• 《រៀបចំបន្ទប់គេងខ្លួនឯងជារៀងរាល់ថ្ងៃ》 ៖ មានទម្លាប់ល្អក្នុងជីវិត ក៏អាចកំណត់ទម្លាប់សិក្សា និងអាកប្បកិរិយាជីវិតរបស់ក្មេងបានដែរ ហើយក្មេងដែលមានសណ្តាប់ធ្នាប់ល្អ ចិត្តគំនិតក៏មានវិន័យច្បាស់លាស់ ខួរក្បាលក៏ភ្លឺស្វាំងល្អ។

8• 《ចំណាយប្រាក់ក្នុងដែនកំណត់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់កូន》 ៖ លុយ មិនមែនយកមកការរឹតបន្តឹងទាក់កជីវិតរបស់កូនទេ។ លុយ ដើម្បីយកមកដើម្បីសម្រួលដល់ជីវភាពរបស់កូនឱ្យកាន់តែមានភាពប្រសើរ។ បង្កើតគំនិតត្រឹមត្រូវនៃការប្រើប្រាស់លុយកាក់របស់ទ្រព្យ កុំធ្វើការប្រៀបធៀប ធ្វើតាមសមត្ថភាពដែលខ្លួនមានឱ្យបានសមរម្យ ដូចពាក្យចាស់លោកពោលថា “កុំឃើញដំរីជុះប្រឹងជុះតាមដំរី”។

9•《តែងតែញញឹមក្នុងជីវិត》 ៖ លើលោកនេះ គ្មានអ្វីដែលថា ត្រូវ ឬខុស ដាច់ខាតនោះទេ។ ពេលខ្លះយើងត្រូវរៀនសម្លឹងមើលបញ្ហាពីជ្រុងម្ខាងទៀត យើងប្រាកដជាមើលឃើញពិភពលោកថ្មីមួយទៀតមិនខានឡើយ។ យុត្តិធម៌ក្នុងលោកនេះគឺប្រទាក់ក្រឡាគ្នា វាអាស្រ័យលើទស្សនៈដែលកូនឈរលើប៉ុណ្ណោះ។

10• 《រក្សាមាត់ខ្លួនឯងឱ្យល្អ》 ៖ ពាក្យសម្តីដែលមិនត្រូវនិយាយ កុំនិយាយ! ពាក្យសម្តីដែលត្រូវនិយាយ និយាយឲ្យបានទាន់ពេលទាន់វេលា!និយាយទំនាក់ទំនងជាមួយអ្នកដទៃ អ្វីដែលខ្លាចគឺការសរសើរមិនពិត និងពាក្យសរសើរយឺតពេល។

11• 《អានសៀវភៅឱ្យបាន 1ក្បាលទៅ2ក្បាលជារៀងរាល់ខែ》 ៖ កន្លែងដែលយើងមិនអាចឈានជើងដើរទៅដល់ សៀវភៅគឺអាចនាំយើងទៅដល់ហើយស្វែងយល់បានយ៉ាងស៊ីជម្រើបំផុត។ កន្លែដែលខ្លួនប្រាណមិនអាចទទួលអារម្មណ៍ដោយផ្ទាល់ សៀវភៅគឺអាចនាំអារម្មណ៍របស់យើងចូលទៅក្នុងសាច់រឿងតាមរយៈទឹកដៃរបស់អ្នកនិពន្ធបាន។ កម្រាស់នៃកម្ពស់សៀវភៅដែលកូនបានអាន គឺអាចលើកតម្កល់ជីវិតកូនឱ្យខ្ពស់ឡើងបាន។

12•《សុខភាពគឺសំខាន់ជាងអ្វីៗទាំងអស់》 ៖ ឥឡូវនេះកូនមានអារម្មណ៍ថារឿងជាច្រើនដែលមានឥទ្ធិពលលើកូន តាមពិតវាមិនសំខាន់ដូចខ្លួនកូនទេ រក្សាសុខភាពឱ្យបានល្អ កុំយកសុខភាពខ្លួនឯងទៅប្រថុយ ខ្ជះខ្ជាយចោល មិនថាឋិតក្នុងកាលៈទេសៈណាក៏ដោយ សុខភាពកូនគឺជាដើមទុនដែលសំខាន់បំផុតក្នុងជីវិត។

បកប្រែដោយ ៖ សុខ គឹមទៀវ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស