TA X2

· 04-18

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ

#ព័ត៌មាន# #Aung San Suu Kyi# #មីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#

3342

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់យ៉ា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតីតមេដឹកនាំ និងម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានគេផ្លាស់ប្តូរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ។

អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ ស មីនទុន (Zaw Min Tun) បាននិយាយក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចំនួនបួនថា «មិនត្រឹមតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ជាពិសេសអ្នកទោសវ័យចំណាស់ ត្រូវប្ដូរទៅឃុំខ្លួនក្នុងផ្ទះដោយសារអាកាសធាតុក្តៅខ្លាំង ហើយយើងកំពុងធ្វើការដើម្បីការពារពួកគេពីសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្ពស់»។

លោកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលលោកស្រីក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក។ 

លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលនោះជាការចោទប្រកាន់ដែលលោកស្រីបានបដិសេធ។

កាលពីខែកុម្ភៈ កូនប្រុសរបស់ខ្លួនគឺលោក គីម អារីស (Kim Aris) បាននិយាយថា លោកស្រីត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង ហើយនៅមានស្មារតីល្អ «បើទោះបីជាសុខភាពមិនល្អដូចកាលពីមុនក៏ដោយ»។ បណ្ដាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ៕

https://www.reuters.com/world/asia-pacific/myanmars-ex-leader-suu-kyi-moved-house-arrest-says-junta-spokesperson-2024-04-17/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)