TA X2

· 04-12

មេដឹកនាំក្រុមហាម៉ាសមិនចុះញ៉ម ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់កូនប្រុសរបស់លោក ៣នាក់

#ព័ត៌មាន# #ក្រុមហាម៉ាស# #អ៊ីស្រាអែល# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#

3816

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី១០ ខែមេសា) បានសម្លាប់កូនប្រុស ៣នាក់របស់មេដឹកនាំជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមហាម៉ាស គឺលោក Ismail Haniyeh ដែលបាននិយាយថា ការវាយប្រហារនេះនឹងមិនធ្វើឲ្យមានការបន្ទន់ជំហរចរចា ឬធ្វើឲ្យខ្សោយការតាំងចិត្តរបស់ក្រុម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលនោះទេ។

លោក Haniyeh ដែលដឹកនាំការិយាល័យនយោបាយរបស់ក្រុមហាម៉ាសពីនិរទេសខ្លួន ជាមេដឹកនាំក្រុមដ៏យូរអង្វែង។

លោកក៏កំពុងចូលរួមក្នុងការចរចាដែលជាប់គាំងជាមួយអ៊ីស្រាអែល តាមរយៈអ្នកសម្រុះសម្រួលអន្តរជាតិ ដែលកំពុងប្រឹងប្រែងឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការធានាដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក Haniyeh បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សត្រូវគឺយល់ច្រឡំហើយ ដែលគិតថា ការសម្លាប់កូនរបស់ខ្ញុំ នឹងធ្វើយើងផ្លាស់ប្តូរគោលជំហររបស់យើងនោះ។ យើងមិនព្រមចុះចាញ់ជាដាច់ខាត ទោះត្រូវលះបង់ច្រើនយ៉ាងណា»។

គួរបញ្ជាក់ថា កងទ័ពជើងគោកអ៊ីស្រាអែលបានដកចេញភាគច្រើនពីតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារតាមអាកាសទូទាំងដែនដីនេះ ក៏ដូចជាការប្រយុទ្ធគ្នា នៅច្រករបៀងមួយ នៅភាគកណ្តាលតំបន់ហ្កាហ្សា ដែលយោធាអ៊ីស្រាអែលបានរក្សាវត្តមាននៅទីនោះ។

លោក Haniyeh ដែលបានធ្វើដំណើរជាយូរមកហើយទៅមក រវាងប្រទេសកាតា និងទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិក ៦០នាក់នៃគ្រួសាររបស់លោក ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលច្រើនឆ្នាំមកនេះ ហើយថា ការវាយប្រហារកាលពីថ្ងៃទី១០ ខែមេសា ក៏បានសម្លាប់ចៅៗប៉ុន្មាននាក់ដែរ បន្ថែមពីលើកូនប្រុសទាំង៣ របស់លោក៕

https://youtu.be/HeNsz7rkU-c?si=aFf4FkgUYbctYwHk

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)