TA X2

· 04-10

លោក Zelensky និយាយថាអ៊ុយក្រែន នឹងចាញ់សង្រ្គាម បើសហរដ្ឋអាមេរិកបរាជ័យក្នុងការអនុម័តជំនួយ

#អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5382

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក នឹងចាញ់សង្រ្គាម ប្រសិនបើសភាសហរដ្ឋអាមេរិក មិនយល់ព្រមផ្តល់កញ្ចប់ជំនួយយោធា ជួយខ្លួនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។

លោក Zelensky បាននិយាយ ក្នុងអំឡុងកិច្ចប្រជុំតាមវីដេអូរបស់ក្រុមរៃអង្គាសថវិកាជួយអ៊ុយក្រែន UNITED24 ថា វាមានសារៈសំខាន់ណាស់ក្នុងការនិយាយជាពិសេសដល់សភាថា ប្រសិនបើសភារបស់អាមេរិក មិនជួយអ៊ុយក្រែនទេ នោះអ៊ុយក្រែនមុខជានឹងចាញ់សង្រ្គាមនេះមិនខានឡើយ ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាមនេះ ប្រទេសផ្សេងទៀតក៏នឹងត្រូវបានរងការវាយប្រហារដូចគ្នាដែរ ហើយអ្វីដែលលោកនិយាយគឺជាការពិត។ 

ការព្រមានរបស់លោក Zelensky ដែលស្ថិតក្នុងចំណោមការព្រមានដ៏ម៉ឺងម៉ាត់បំផុតជាច្រើនរបស់លោក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមផ្ទុះឡើងជាងពីរឆ្នាំកន្លងមកនេះ បានកើតឡើងនៅពេលសភារបស់សម្ព័ន្ធមិត្តគឺអាមេរិក បានបដិសេធមិនព្រមអនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនជាច្រើនខែមកនេះ ដោយទុកឱ្យទីក្រុង Kyiv ប្រឈមកង្វះខាតកម្លាំងកងទ័ព និងគ្រាប់រំសេវ ស្របពេលសមត្ថភាពដ៏រឹងមាំរបស់រុស្ស៊ី បានវាយលុកទីក្រុងនានារបស់អ៊ុយក្រែនដោយមីស៊ីល និង ការសាកល្បងរកចំណុចខ្សោយនៅសមរភូមិជួរមុខ។

ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៩៥,៣ ពាន់លានដុល្លារជាជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល កាលពីខែកុម្ភៈឆ្នាំ២០២៤នេះ ប៉ុន្តែមកទល់ពេលនេះប្រធានសភាលោក Mike Johnson នៅតែបន្តបដិសេធមិនឲ្យមានការបោះឆ្នោតអនុម័តកញ្ចប់ថវិកាសម្រាប់អ៊ុយក្រែនដដែល។នេះ មិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីអ៊ុយក្រែន វ័យ៤៦ ឆ្នាំ រូបនេះបានព្រមានដូច្នេះ។ 

លោកធ្លាប់បានប្រាប់ទូរទស្សន៍ CNN ថា មនុស្សរាប់លាននាក់ អាចស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ី ប្រសិនបើសមាជិកសភាអាមេរិកមិនយល់ព្រមផ្ដល់កញ្ចប់ជំនួយនោះទេ ៕

https://thehill.com/policy/defense/4582789-zelensky-ukraine-us-funding/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)