Lookingtoday

· 04-09

លោក ហែម គីរី៖កីឡាហែលទឹកជំនាន់នេះមានទីកន្លែងហ្វឹកហាត់ស្អាត និងឧបករណ៍ប្រើប្រាស់ពេញ លេញផ្ទុយស្រលះពីជំនាន់លោកនៅជាកីឡាករ

#កីឡាហែលទឹក# #កីឡា# #កីឡាជាតិ#

850

ភ្នំពេញ៖ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មេរកីឡាហែលទឹកបានគូសបញ្ជាក់ថាអ្វីដែលជាការកត់សម្គាល់ពិសេស គឺសិទ្ធផលរបស់កីឡាករ កីឡាការិនីសិស្សបឋមសិក្សានេះមានការរីកចម្រើនខ្លាំង បើប្រៀបធៀបនឹងកីឡាករ កីឡាការិនីក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីព្រោះសហព័ន្ធផ្តោតការប្រកួតក្នុងស្រុក ដើម្បីការវាស់ស្ទង់ទៅរកការប្រកួតក្រៅស្រុក។

នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការ នៅក្នុងឱកាសបិទការប្រកួតកីឡាហែលទឹក សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហែម គីរី គូសបញ្ជាក់ទៀតថា ៖«នៅចុងឆ្នាំ២០២៤នេះ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងជ្រើសរើសថ្នាលយុវជនកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្រិតអាយុយុវជនដូចគ្នា ក្នុងព្រឹត្តិការណ៍ហែលទឹកយុវជន នៅប្រទេសថៃ។ ដូច្នេះហើយទើបយើងប្រឹងប្រែងរៀបចំឱ្យមានការប្រកួតកាន់តែច្រើន គឺកាន់តែល្អ ដើម្បីសម្រួចគោលដៅឆ្ពោះទៅចូលរួមការប្រកួតអន្តរជាតិ ជាបន្តបន្ទាប់»។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងបន្ថែមថា រាល់ភាពជោគជ័យក្នុងវិស័យកីឡា គឺដាច់ខាតត្រូវតែមានការខិតខំប្រឹងប្រែងទាំងការហ្វឹកហាត់ និងស្មារតីប្រកួតប្រជែង។ កីឡាហែលទឹកជំនាន់នេះមានទីកន្លែងសម្រាប់ហ្វឹកហាត់ស្អាត និងមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ មិនដូចជំនាន់លោកនៅជាកីឡាករនោះទេដោយមិនទាន់មានឧបករណ៍ និងទីលានហ្វឹកហាត់ស្អាតៗ ដូចពេលបច្ចុប្បន្ននេះទេ។ ហេតុដូច្នេះ លោក ហែម គីរី បានជំរុញទឹកចិត្តដល់កីឡាករ កីឡការិនីវ័យក្មេងៗទាំងអស់គប្បីត្រូវដាក់ចិត្តប្រឹងប្រែងហ្វឹកហាត់ធ្វើយ៉ាងណាឱ្យបានលទ្ធផលល្អ ដើម្បីប្រទេសជាតិ នាថ្ងៃអនាគត។

ក្នុងនាមសហព័ន្ធខ្មែរកីឡា ហែលទឹក លោក ហែម គីរី បានលើកឡើងទៀតថា នៅក្នុងការប្រកួតប្រជែងវាស់ស្ទង់ កម្រិតសមត្ថភាពបច្ចេកទេស នាពេលនេះ គឺកីឡាករ កីឡាការិនី បានបញ្ចេញអស់ពីលទ្ធភាព និងទទួលបាននូវលទ្ធផល ល្អប្រសើរជូនដល់អង្គភាពរាជធានីខេត្តរបស់ខ្លួន។ លោកសង្ឃឹមថា ប្អូនៗ ក្មួយៗនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានការសាងស្នាដៃជូនជាតិមាតុភូមិ ពិសេសគឺការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានាក្នុងថ្ងៃខាងមុខ។ អគ្គលេខាធិការរូបនេះក៏បានដាក់ក្តីសង្ឃឹមផងដែរ នៅក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា នាឆ្នាំ២០២៥ខាងមុខ បណ្តាខេត្តមួយចំនួន ដែលមិនទាន់បានបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួត ក្នុងឆ្នាំ២០២៤នេះ សូមចូលរួមឱ្យបានច្រើន បន្ថែមទៀតនាឆ្នាំក្រោយៗ។

បន្ថែមពីលើនេះ លោក ហែម គីរី បានឱ្យដឹងទៀតថា ការរៀបចំការប្រកួតនេះ ក្នុងកិច្ចសហការជាមួយនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសជូនដល់កីឡាករ កីឡារិនីវ័យក្មេងបានចូលរួមប្រកួតឱ្យកាន់តែច្រើន និងជាការវាស់ស្ទង់គុណភាពបច្ចេទេសរបស់ពួកគាត់ថាស្ថិតនៅក្នុងកម្រិតសិទ្ធផលប៉ុណ្ណា។ ជាមួយគ្នានេះ សហព័ន្ធក៏បានសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំវិញ្ញាសាប្រកួតឱ្យបានច្រើនជាង៨ ក្នុងឆ្នាំ២០២៤នេះ សម្រាប់ឆ្នាំក្រោយៗ។

គួរបញ្ជាក់ថា ជាលទ្ធផលបច្ចេកទេស គឺកីឡាករ កីឡាការិនី មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលដណ្តើម បានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមរាជធានីខេត្តដែលបានចូលរួម។ ក្នុងតំណែងចំណាត់ថ្នាក់លេខ១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឈ្នះមេដាយសរុប ៥គ្រឿង ក្នុងនោះមេដាយមាស២ និងសំរឹទ្ធ៣, លេខ២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ឈ្នះមេដាយមាស២, លេខ៣ ខេត្តព្រៃវែង មេដាយមាស១ ប្រាក់៣, លេខ៤ រាជធានីភ្នំពេញ មេដាយមាស១ ប្រាក់។ ចំពោះខេត្តកំពង់ចាម ឈ្នះមេដាយមាស១ និងសំរឹទ្ធ២ ខណៈខេត្តស្ទឹងត្រែង ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ រីឯ២ខេត្តទៀត ទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស