TA X2

· 04-03

កុមារ ៣នាក់ រងរបួសក្នុងការបាញ់ប្រហារ នៅសាលាហ្វាំងឡង់ ខណៈជនសង្ស័យអាយុ ១២ឆ្នាំ ត្រូវបានចាប់ខ្លួន

#ការបាញ់ប្រហារ# #ព័ត៌មាន# #ហ្វាំងឡង់# #ព័ត៍មានអន្តរជាតិ#

5179

នគរបាលហ្វាំងឡង់ នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ បានរាយការណ៍ថា ក្មេងអាយុ ១២ឆ្នាំចំនួន ៣នាក់បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀនមួយ ជិតរដ្ឋធានី Helsinki (ហែលស៊ិនគី) របស់ប្រទេសហ្វាំងឡង់។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ YLE របស់ប្រទេសនេះ បានឲ្យដឹងថា ជនសង្ស័យម្នាក់នៅក្នុងហេតុការណ៍នេះ ដែលមានអាយុ ១២ឆ្នាំដែរ និងជាសិស្សសាលាជាមួយគ្នានោះ បានរត់គេចខ្លួនដោយថ្មើរជើង ប៉ុន្តែក្រោយមកត្រូវបាននគរបាលចាប់ខ្លួនបាន នៅតំបន់ជាយក្រុង Helsinki ភាគខាងជើង។ ។


ប្រព័ន្ធផ្សព្វផ្សាយ YLE បានរាយការណ៍ថា មន្រ្តីត្រូវបានគេហៅទូរសព្ទឲ្យទៅកាន់សាលា Viertola ក្នុងទីក្រុង Vantaa នៅម៉ោងប្រហែល ៩ព្រឹក ម៉ោងក្នុងស្រុក។ យ៉ាងណាក្ដី នគរបាលមិនទាន់ «ផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃរបួស» និងប្រភេទរបស់អាវុធដែលត្រូវបានប្រើក្នុងការបាញ់ប្រហារនោះនៅឡើយទេ។

បន្ទាប់ពីមានការបាញ់ប្រហារនោះ កូនសិស្សទាំងនោះត្រូវបានឲ្យបន្តនៅក្នុងថ្នាក់រៀនរបស់ពួកគេ ហើយអាជ្ញាធរបានជំរុញឲ្យមនុស្សជៀសវាងកុំចូលទៅក្នុងសាលា និងនៅតែក្នុងផ្ទះ។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បាននិយាយថា ការបាញ់ប្រហារនេះធ្វើឲ្យស្លុតចិត្តយ៉ាងខ្លាំង។ លោក Orpo បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ក្ដីអាណិតអាសូររបស់ខ្ញុំ សុំផ្ញើជូនដល់ជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ ហើយនិងកូនសិស្សដទៃទៀត និងបុគ្គលិកនៃសាលា Viertola ទាំងអស់»។

គួរបញ្ជាក់ដែរថា ប្រទេសហ្វាំងឡង់មាននូវប្រពៃណីដ៏រឹងមាំនៃការបរបាញ់ ហើយអត្រាកាន់កាប់កាំភ្លើងរបស់ប្រទេសនេះ គឺស្ថិតក្នុងចំណោមប្រទេស ដែលមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក ប៉ុន្តែការបាញ់ប្រហារនៅសាលារៀន គឺកម្រកើតមានណាស់៕

https://www.cnn.com/2024/04/02/europe/finland-school-shooting-vantaa-intl/index.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)