Knongsrok

· 03-17

បានឆ្លងកាត់ជីវិតទាំង ៣ ពេលនេះ អ្នកនឹងចេះច្រើនពីជីវិត ហើយរឹតតែរឹងមាំជាងមុន

#អ្នកគ្មានលុយ# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

3681

ឆាកជីវិតមនុស្សម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាក បញ្ហា និងការឈឺចាប់ដូចគ្នា គ្រាន់តែស្ថានភាពនៃជីវិត និងបញ្ហាដែលបានជួបនោះ ខុសគ្នាបន្តិចតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មិនថាជីវិតនេះ ជួបរឿងល្អ ឬក៏អាក្រក់ទេ គឺសុទ្ធតែជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ជីវិតដូចគ្នា សំខាន់ស្ថិតលើខ្លួនយើង ចេះប្រើបញ្ហា និងការឈឺចាប់ទាំងនោះ មកច្នៃចេញជាផលល្អឱ្យខ្លួនឯងទៅថ្ងៃមុខដែរឬទេ?

យ៉ាងណាមិញ បញ្ហាដែលកើតឡើងពីចំណុចទាំង៣ខាងក្រោមនេះ គឺជាពេលវេលា ដែលអ្នកអាចសិក្សា រៀនសូត្រ និងជាពិសេស អាចដឹងពីចិត្តមនុស្សនៅជុំវិញខ្លួនបានយ៉ាងច្បាស់។

១. ពេលដែលអ្នកគ្មានលុយ

លុយជារបស់ក្រៅខ្លួន តែពេលដែលគ្មានលុយ វាពិតជាពិបាកក្នុងខ្លួន លុយមិនសំខាន់ពិតមែន តែជាក់ស្ដែងវាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។ ដូចនេះហើយ ពេលដែលយើងដាច់យ៉ៃ គ្មានលុយក្នុងខ្លួន វាជាពេលមួយដែលពិបាកណាស់ ចង់ធ្វើអ្វី គិតរកស៊ីអ្វី ក៏មិនមែនជារឿងងាយដែរ។ មួយវិញទៀត ពេលដែលយើងគ្មានលុយសោះ កុំថាឡើយអ្នកដទៃ ពេលខ្លះ សូម្បីតែបងប្អូនយើង ក៏គេមិនចង់ទាំងមើលមុខយើងផង។

២. ពេលដែលយើងធ្វើខុស

គេថា មនុស្សយើងម្នាក់ៗ អ្នកណាៗក៏ធ្លាប់ធ្វើខុសដែរ តែអ្វីដែលសំខាន់គឺ ខុសហើយចេះកែប្រែ ខុសហើយ ដឹងខុស មិនធ្វើកំហុសដដែលៗសាជាថ្មី យ៉ាងណាក្ដី កំហុស ក៏ជាគ្រូដ៏ល្អរបស់យើងផងដែរ មនុស្សទាល់តែធ្លាប់ខុស ទើបអាចរកផ្លូវត្រូវឃើញ ទាល់តែធ្លាប់ខុស ទើបជីវិតនេះ អាចមានការរីកចម្រើន តែសម្រាប់មនុស្សដែលមិនធ្លាប់ខុសសោះ គឺមកពីម្នាក់នោះ មិនដែលធ្វើអ្វី ទើបរកកំហុសមិនឃើញ តែមនុស្សបែបហ្នឹង មិនអាចរីកចម្រើនទៅណាឡើយ។

៣. ពេលបែកបាក់ស្នេហា

គ្មានអ្នកណាប្រាថ្នាឱ្យជីវិតស្នេហា ឬជីវិតគ្រួសារបែកបាក់នោះឡើយ តែយ៉ាងណាក៏ដោយ ការបែកបាក់រមែងកើតមានឡើង សំខាន់គឺ ស្ថិតលើខ្លួនយើង អាចគ្រប់គ្រងលើស្ថានការណ៍ និងអាចមើលថែខ្លួនឯងបានល្អប៉ុនណា បន្ទាប់ពីបាត់បង់មនុស្សដែលខ្លួនស្រឡាញ់។ យ៉ាងនេះក្ដី ត្រូវចាំថា គ្មានពិធីជប់លៀងណាដែលមិនបញ្ចប់នោះឡើយ ហើយក៏គ្មានការជួបជុំណាដែលថាមិនបែកបាក់នោះដែរ តែអ្វីដែលសំខាន់ កុំនៅត្រាំត្រែងឈឺចាប់យូរពេកព្រោះតែការបែកបាក់ស្នេហានេះ អ្នកចាស់ចេញទៅ គង់តែមានអ្នកថ្មីចូលមកជំនួសទេ នេះហើយជាវដ្តនៃស្នេហា៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

រក្សាសិទ្ធិដោយ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Tel:

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស