TA X2

· 02-23

ចិនស្នើឲ្យតុលាការពិភពលោកនិយាយពីការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល

#ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

6863

ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នេះ បានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញសេចក្ដីសម្រេចផ្តល់យោបល់របស់ខ្លួន ស្ដីពីការកាន់កាប់ដែនដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល ដែលខ្លួនបាននិយាយថា គឺខុសច្បាប់។

ទីប្រឹក្សាច្បាប់របស់ក្រសួងការបរទេសចិន លោក Ma Xinmin បានប្រាប់តុលាការនៅទីក្រុងឡាអេ ប្រទេសហូឡង់ថា៖ «ការផ្ដល់យុត្តិធម៌ត្រូវបានពន្យារពេលជាយូរមកហើយ ប៉ុន្តែវាមិនត្រូវបដិសេធនោះឡើយ»។ លោកបានបន្តថា៖ «៥៧ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការត្រួតត្រារបស់ខ្លួនលើ OPT (ដែនដីកាន់កាប់ប៉ាឡេស្ទីន)។ ទិដ្ឋភាពខុសច្បាប់នៃការត្រួតត្រា និងអធិបតេយ្យភាពលើដែនដីកាន់កាប់ប៉ាឡេស្ទីន នៅតែមិនផ្លាស់ប្ដូរដដែល»។

គួរបញ្ជាក់ថា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោកនោះ ក្នុងសប្តាហ៍នេះកំពុងបើកសវនាការលើទឡ្ហីករណ៍ពីរដ្ឋមិនតិចជាង ៥០ បន្ទាប់ពីមានសំណើរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២២ ដើម្បីចេញសេចក្ដីសម្រេចផ្ដល់យោបល់ដែលមិនជាប់កាតព្វកិច្ច ស្ដីអំពីផលវិបាកផ្លូវច្បាប់ ជុំវិញការគ្រប់គ្រងរបស់អ៊ីស្រាអែល។

សវនាការនេះគឺជាផ្នែកមួយនៃការជំរុញរបស់ប៉ាឡេស្ទីន ដើម្បីឲ្យស្ថាប័នច្បាប់អន្តរជាតិពិនិត្យមើលការប្រព្រឹត្តរបស់អ៊ីស្រាអែល ដែលការពិនិត្យនោះកាន់តែមានភាពបន្ទាន់ជាចាំបាច់ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ ហើយតាមមកដោយការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រហែល ២៩.០០០នាក់៕


ប្រភពពី៖ Reuters https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.reuters.com/world/china-asks-world-court-speak-out-unlawful-israeli-occupation-2024-02-22/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)