Knongsrok

· 02-05

គូជីវិតដែលខ្ញុំប្រាថ្នា! តម្រូវការមួយនេះប្រហែលជាខ្ពស់ តែព្រោះភាពច្បាស់លាស់ ទើបខ្ញុំចង់បានស្នេហាមួយបែបនេះ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

1385

ខ្ញុំមិនត្រូវការមនុស្សដែលល្អឥតខ្ចោះនោះឡើយ ខ្ញុំគ្រាន់តែចង់បានមនុស្សម្នាក់ដែលអាចទទួលយកខ្ញុំបាន ស្មោះត្រង់ចំពោះខ្ញុំ មិនថាស្ថិតក្នុងកាលៈទេសៈណា ក៏មិនបោះបង់ ឬចោលគ្នាដែរ។

ខ្ញុំមិនហាមអ្នកក្នុងការសាងទំនាក់ទំនងមិត្តភាព ឬរាប់អានមនុស្សគ្រប់គ្នាទេ ប៉ុន្តែសម្រាប់ទំនាក់ទំនងពិសេសមួយនេះ សុំឱ្យអ្នកមានត្រឹមខ្ញុំម្នាក់គឺគ្រប់គ្រាន់ហើយ កុំលួចលាក់ ទាក់ទង សាងទំនាក់ទំនងលើសពីភាពថាមិត្ត។

មិនបាច់ធ្វើតាមអ្វីដែលខ្ញុំចង់បានគ្រប់រឿងទេ ព្រោះមនុស្សខ្ញុំមិនចូលចិត្តបង្ខំ ឬបញ្ជាអ្នកណា ខ្ញុំក៏ដឹងថា បើឱ្យអ្នកសម្របតាមខ្ញុំវាប្រាកដជាពិបាក ព្រោះខ្ញុំជាប្រភេទមនុស្សពិបាកផ្គាប់ តែខ្ញុំងាយនឹងសម្រប ឬផ្លាស់ប្ដូរតាមមនុស្សដែលខ្ញុំស្រឡាញ់ ទុកឱ្យខ្ញុំជាអ្នកសម្របតាមអ្នកវិញក៏មិនអីដែរ តែសំខាន់ ឱ្យចេះគោរព និងឱ្យតម្លៃខ្ញុំផង។

ខ្ញុំមិនខ្វល់ទេថា អ្នកមានអតីតកាលបែបណា ធ្លាប់មានសង្សារប៉ុន្មាននាក់កន្លងមក ធ្លាប់ទាក់ទងអ្នកណាខ្លះ ខ្ញុំដឹងច្បាស់ហើយ តែខ្ញុំអត់សួរនាំ ជីកកកាយរឿងអតីតទេ តែបើអ្នកប្រាប់ខ្ញុំ ខ្ញុំក៏នឹងព្រមស្ដាប់ដោយរីករាយ សុំត្រឹមម្យ៉ាងគឺ សូមឱ្យអ្នកទាំងនោះជាអតីតកាល សង្ឃឹមថា អ្នកសល់ត្រឹមចិត្តនឹកបន្តិចដល់គេ តែមិនមែនជាចិត្តស្រឡាញ់ អាឡោះអាល័យគេនោះទេ។

រឿងដើរលេង ចេញក្រៅ ជួបជុំមិត្តភក្តិ អ្នកអាចធ្វើបានតាមចិត្ត តាមសប្បាយ តែសូមឱ្យដឹងពេលវេលា ជាពិសេសគឺ ជួប្រាប់ខ្ញុំបន្តិចផង មិនមែនឱ្យអ្នករាយការណ៍គ្រប់សកម្មភាពទេ តែវាបញ្ជាក់ថា អ្នកគោរព និងឱ្យតម្លៃខ្ញុំ មិនមានរឿងលាក់បាំងគ្នា។

អ្នកអាចជួយសាច់ញាតិ បងប្អូន ឬមិត្តភក្តិប៉ុន្មាននាក់ក៏មិនថ្វី តែសំខាន់ ឱ្យដឹងពីស្ថានភាពក្នុងគ្រួសារ ដឹងថាអ្វីគួរ អ្វីមិនគួរ ធ្វើតាមលទ្ធភាពយើងទៅ។

មិនបាច់ផ្អែមល្ហែមរាល់ថ្ងៃ គ្រប់ពេលក៏បានដែរ តែសុំឱ្យយើងមានពេលញុំាបាយជុំគ្នា មានពេលវេលានៅក្បែរគ្នាឱ្យបានច្រើន ជាណិសេសក្នុងថ្ងៃសំខាន់ៗរបស់យើង គួរតែមានកម្មវិធី ឬមានពេលកំដរគ្នាដើរកម្សាន្តជាមួយគ្នាឱ្យបានច្រើន។

កុំប្រចណ្ឌ កុំហួងហែង កុំបិទសិទ្ធសេរីភាពគ្នា ជាពិសេស ត្រូវតែមានហេតុផល ជឿជាក់ និងទុកចិត្តគ្នាឱ្យបានច្រើន កុំចេះតែស្ដាប់អ្នកដទៃ ហើយមករករឿងឈ្លោះប្រកែកគ្នា។

មិនថានៅខាងក្រៅអ្នកជួបរឿងមានបញ្ហាអ្វីទេ អ្នកត្រូវតែប្រាប់ខ្ញុំ កុំមកដល់ផ្ទះជះកំហឹងដាក់គ្នា យើងមានគ្នាពីរនាក់ យើងត្រូវតែប្រាប់គ្នាឱ្យដឹង និងអាចជួយគ្នាទៅវិញទៅមកបាន។ ម្យ់ាងទៀត យើងត្រូវចេះជួយជាគំនិត ចេះច្នៃប្រតិដ្ឋ ចាប់ដៃគ្នា ខំធ្វើការរកស៊ី កុំឱ្យគេមើលងាយ។

គិតថាតម្រូវការរបស់ខ្ញុំវាប្រហែលជាច្រើនពេក តែបើអ្នកអាចធ្វើបាន ខ្ញុំធានាថាជីវិតគូមួយនេះ នឹងមានតែរឿងល្អៗមានន័យ មានក្ដីសុខ និងសុភមង្គល៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស