រឿងនិទានខ្មោចពិត

· 01-08

រឿង យប់មួយនៅសៀមរាប

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងនិទានខ្មែរ#

6895

រឿងនេះនិយាយរំឮកកាល​ពីឆ្នាំ២០១២ ពេលខ្ញុំបានទៅទស្សនកិច្ច នៅខេត្ត​សៀមរាប​ជាមួយក្រុមការ​ងារ កាលណោះខ្ញុំទៅ​ប្រហែលជាគ្នាជិត​៣០នាក់ ដោយជិះរថយន្ដ​ឈ្នួល៣គ្រឿង ខ្ញុំធ្វើដំណើរចេញពីខេត្តនៅព្រឹកម៉ោង៦ នៅពេលធ្វើដំណើរចូលដល់ទឹកដីខេត្តសៀមរាប ខណៈពេលដែលកំពុងធ្វើដំណើរ នៅលើរថយន្ដ ក្រុមការងារនាំគ្នាលេងល្បែងច្រៀងតគ្នា ពិតជាគួរឲ្យសប្បាយរីករាយណាស់ វៀរលែងតែខ្ញុំកាលណោះ ខ្ញុំមិនដឹងកើតអីទេ បានជាមានអារម្មណ៍ថា​ត្រម៉ង់ត្រមោច​ខុសគេខុសឯង ខ្ញុំអង្គុយបែរមុខមើលតាមកញ្ចក់ខាងក្រៅ មកដល់ព្រៃធំមួយ អ្នកដំណើរបានឈប់ដោះទុក្ខសត្វ ខ្ញុំមិនបានចុះពីលើរថយន្ដទេ ខ្ញុំសម្លឹងចុះឡើង ស្រាប់តែឃើញអ្វីម្យ៉ាងដូចជាមនុស្សបន្ដិច សត្វបន្ដិច បែងចែកមិនដាច់សោះ កំពុងតែឈរក្បែរដើមឈើមួយសម្លឹងមករថយន្ដរបស់ពួកខ្ញុំ សម្បុរខ្មៅ ល្អិត មើលមិនយល់ទេ ប៉ុន្ដែច្បាស់ណាស់ ថាអាចជាមិនមែនមនុស្សទេ ។ ក្រោយមករថយន្ដក៏ធ្វើដំណើរបន្ដ​ខ្ញុំមិនបាន​និយាយរឿងនេះប្រាប់នរណាទេ ដើម្បីកុំឲ្យគ្រប់គ្នាមា​នអារម្មណ៍​មិនសប្បាយចិត្ត​ ព្រោះនៅតាមផ្លូវផង តែខ្ញុំនៅតែក្រឡេកមើលរហូតទាល់តែបាត់ពីភ្នែក ។ លុះដល់ពេលម៉ោងជិត១២ថ្ងៃត្រង់ ក្រុមការ​ងារខ្ញុំបាន​មកដល់ទីរួមខេត្តសៀមរាប កាលណោះ ពួកខ្ញុំបានជួលសណ្ឋាគារមួយមាន៣ជាន់ដែរ ។​ ក្រោយពីងូតទឹកសំអាតកាយរួចរាល់ មេក្រុម​បាននាំពួកខ្ញុំទៅទស្សនកិច្ច​ដំបូងនៅកន្លែង​សហគមន៍​ការពារព្រៃឈើ ឃើញថាពួកគាត់រួសរាយណាស់ ខ្ញុំឃើញមាន​ការចិញ្ចឹមឃ្មុំ​បែបធម្មជាតិ ការច្នៃលាមកគោ ទៅជាហ្គាស និងជីកំប៉ុស្ដិ៍ ជាដើម។ ក្រោយបញ្ចប់ទស្សនកិច្ចខ្ញុំបានត្រលប់មកសណ្ឋាគារវិញ រួចរសៀលបន្ដិច ខ្ញុំនិងក្រុមការងារបន្ដទៅកំសាន្ដ​ម្ដង កាលណោះខ្ញុំចាប់អារម្មណ៍ល្អាងខ្មោចលងនៅខេត្តសៀមរាប ពេលនោះ គ្រប់គ្នាក៏ចង់សាកទៅលេងដែរ ខ្ញុំក៏ទៅទិញសំបុត្រ ប៉ុន្ដែមុននឹងចូលទៅល្អាងនោះ ខ្ញុំដើរមើលមនុស្សក្រមួនសិន ទឹកដៃល្អៗណាស់ ស្ទើរតែដូចរូបពិតទៅហើយ បន្ទាប់មកខ្ញុំនឹងក្រុមការងារបានដើរ​ចូលទៅមើល​ភូមិជនជាតិដើមភាគតិចសិន ចំពេលគេកំពុងលេងពិធីរើសប្ដី គួរឲ្យស្ងើចណាស់ ចុងក្រោយពួកខ្ញុំក៏សម្រេចចូលទៅក្នុងល្អាងខ្មោចលង អារម្មណ៍ពេលចូលដំបូងមិនអីទេ តែរាងភ្ញាក់ៗដែរ ព្រោះងាកទៅឃើញ​មានតាំងពីអាប ខ្មោចគេកំពុងតែចាក់នឹងលំពែង អ្នកខ្លះឲ្យ​ប​ដើមរកាដែរ បូករួមនឹងទិដ្ឋភាពងងឹត ភ្លើងក្រហម ខៀវភ្លឹបភ្លែត សម្លេងឆ្កែលូ សម្លេងថ្ងូររហ៊ឹស ខ្យល់ត្រជាក់ ជួនកាលដើរទៅស្ងាត់ៗ ឈឹង រោមខ្ញុំក៏ព្រឺដែរ ខ្ញុំធ្វើដំណើរមកដល់ចំណុចស្ពានមួយ​ខ្ញុំសម្លឹងទៅក្នុងជ្រុងមួយនៃរូងភ្នំ ងងឹតមើលមិនឃើញអីទេ តែខ្ញុំជឿថាប្រហែល​អ្នកតែងខ្លួនជាខ្មោច​ពួនត្រង់នោះមិនខាន ពិតមែនតើ! គាត់ចេញមក ខ្ញុំស្ទឹងគាំងបេះដូង ព្រោះស្រស់​ៗពេក សូមសរសើរមែន ពេលនោះក្រុមការងារទាញដៃខ្ញុំ ធ្វើឲ្យខ្ញុំបុកក្បាលជាមួយពិដានថ្ម ឈឺស្ទើរតែប្រេះក្បាលហើយ ខ្មោចនោះស្ទុះមកចាប់ជើងខ្ញុំ ពុទ្ធោ! ត្រជាក់ស្រេប គ្រប់គ្នាស្រែកទាំងរន្ធត់ ភ្នែកលៀនៗ ស្ទើរតែចុះជ្រុះចេញទៅហើយ ក្លិនមាត់ក៏ស្អុយទៀត សូម្បីតែខ្ញុំក៏មានអារម្មណ៍ថាខ្លាចកាន់តែខ្លាំងឡើង ព្រោះខ្ញុំមានតែប្រឹងរត់ផង ស្រែកផង រកច្រកចេញ និយាយដោយត្រង់ បើសិនជារកផ្លូវចេញមិនទាន់ អាចមានអ្នកសន្លប់ ។ លុះរត់ចុះរត់ឡើង ជួបអាបហោះ ពីក្រោយ មឈូសហោះ រួមផ្សំនឹងសម្លេងគួរឲ្យខ្លាចណាស់ ទីបំផុតពួកខ្ញុំរត់មកដល់កន្លែង​រូបបដិមាព្រះទើបឃើញ ច្រកចេញ មកដល់ក្រៅសប្បាយចិត្តណាស់ ប៉ុន្ដែក្បាលខ្ញុំឈឺខ្លាំងពេក ពេលនោះសន្ដិសុខគាត់ដើរមកសួរនាំ និងជួយលាបប្រេងកូឡាឲ្យ គាត់សួរហេតុការណ៍​និងអារម្មណ៍ពួកខ្ញុំដែលមកលេងទីនេះលើកដំបូង ខ្ញុំរៀបរាប់ទាំងអស់់ បន្ទាប់មកគាត់​និយាយអាយកូម ឮក្រុមការងារសម្ដែងថា ផ្លូវដែលខ្ញុំរត់ទៅ ពុំមានក្រុមការងារទេ ព្រោះគេកំពុងសម្រាកហូបបាយ មកដល់ពេល​នេះខ្ញុំភ្ញាក់ព្រើត មានន័យថាមុននេះខ្មោចលងខ្ញុំមែនទែន អ៊ីចឹងតើបានជាខ្ញុំខ្លាចដូចកាលដែលជួបក្រៅៗកន្លងមក ។ ក្រោយបញ្ចប់ការងារដើរលេង ខ្ញុំមកសម្រាកនៅសណ្ឋាគារវិញ ព្រោះត្រូវត្រលប់ទៅផ្ទះវិញនៅពេលព្រឹក។

យប់ឡើងខណៈពេលពួកខ្ញុំកំពុងសម្រាកស្រាប់តែឮសម្រឹបជើងមនុស្សដើរកាត់ចុះ​ឡើង​​មុខបន្ទប់ ហើយគោះទ្វារបន្ទប់ ខ្ញុំក៏ងើបទៅបើកទ្វារ អត់ឃើញមានអ្វីសោះ ខ្ញុំគិតថាប្រហែល​ជាឯងចង់បន្លាចលេងហើយ ខ្ញុំក៏ទៅដេកវិញ។ មួយសន្ទុះក្រោយមក គោះទ្វារម្ដងទៀត ខ្ញុំបើកម្ដងទៀត ខ្ញុំក៏អត់ឃើញអីទៀត លើកនេះខ្ញុំមិនត្រលប់ទៅដេកទេ ខ្ញុំនៅឈរចាំតែម្ដង សម្លេងគោះទ្វារភ្លាមខ្ញុំបើកភ្លែត ទទេស្អាត ពេលនេះខ្ញុំដឹងថាមិនមែនក្រុមការងារលេងទេ ព្រោះទោះជាគាត់គោះហើយរត់ ក៏ឮសម្លេងរត់ដែរ ខ្ញុំក៏បិទទ្វារ ស្រាប់តែបន្ទប់ដាច់ភ្លើង អ្នកផ្សេងទៀត​ដែលដេកបន្ទប់រួមគ្នាជាមួយខ្ញុំងើបទាំងអស់ ខ្ញុំបើកទ្វារកុំឲ្យងងឹត ស្រាប់តែឃើញ​ខ្មោច​ដែលលងខ្ញុំនៅល្អាងពេលថ្ងៃនោះ នៅឈរចំពោះមុខ គ្រប់គ្នាស្រឡាំងកាំង ស្រែកផ្អើលភ្ញៀវដទៃអស់ ។ ភ្លើងបានភ្លឺឡើងវិញ ខ្មោចនោះក៏បាត់ទៅ ប៉ុន្ដែទាំងខ្ញុំនឹងក្រុមការងារ​គឺមុខម្នាក់​ស្លេកស្លាំង​ ញ័រដៃជើង និយាយអីមិនចេញ ពេលនោះមេក្រុមបានមកមើលពួកខ្ញុំ នឹងឲ្យគ្នា​២-៣នាក់ទៀត មកដេកជាមួយបន្ថែម ពួកគេខ្ញុំបើកភ្លើង និងមិនបិទភ្នែកទល់ភ្លឺ ព្រោះតែសម្លេង​យំខ្សឹបខ្សួល ពេញបន្ទប់ គ្រាន់តែម៉ោង ៤ភ្លាម ពួកខ្ញុំសុំតៃកុងឡានចេញទៅផ្ទះមុនគេភ្លាម គាត់ក៏យល់ព្រម ខ្ញុំត្រលប់មកវិញ ឈឺចង់មួយអាទិត្យ ទាល់តែម៉ែនាំទៅស្រោចទឹកទើបបានបាត់ ។

តេឡេក្រាម  ហ្វេសប៊ុកផេក  ប្លក់

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)