ដើមអម្ពិល-DAP News

· 2023-07-08

ឆ្នាំនេះ កម្ពុជា រំពឹងទទួលបានកំណើនរំហូរវិនិយោគផ្ទាល់ពីបរទេស បន្តងេីបឡេីងក្នុងរង្វង់ជាង ១១% នៃGDP

#កំណើនរំហូរវិនិយោគ# #សង្គម# #រាជរដ្ឋាភិបាលកម្ពុជា# #សេដ្ឋកិច្ចជាតិ#

1575

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជា រំពឹងនឹងទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេស បន្ដងើបឡើងក្នុងរង្វង់ ១១.៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស-GDP)។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា ឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ឱនភាពគណនីចរន្ដ ត្រូវបានព្យាការថា នឹងបន្ដរួមតូចមកវិញ ក្នុងទំហំ ១៣,៨% នៃ ផ.ស.ស សម្រាប់ឆ្នាំ២០២៣ និង១១,១% នៃ ផ.ស.ស សម្រាប់ឆ្នាំ២០២៤ ដោយសារការរំពឹងទុក នៃការបន្ដវិលត្រឡប់ទៅរកប្រក្រីភាពវិញ នៃសមតុល្យពាណិជ្ជកម្ម ស្របពេលដែលចំណូលពីភ្ញៀវទេសចរអន្ដរជាតិ និងប្រាក់បង្វែរឯកជន ក៏បន្ដនិន្នាការកើនឡើង។

រាជរដ្ឋាភិបាល គូសបញ្ជាក់ថា «ជាមួយគ្នានេះ រំហូរវិនិយោគផ្ទាល់ពីបរទេស ត្រូវបានរំពឹងថា នឹងបន្តងើបឡើងក្នុងរង្វង់១១.៨ភាគរយនៃ ផ.ស.ស. សម្រាប់ឆ្នាំ២០២៣ និងក្នុងរង្វង់១១.៧ភាគរយនៃផ.ស.ស. សម្រាប់ឆ្នាំ២០២៤ ដោយសារការបន្តងើបឡើង នៃទំនុកចិត្តវិនិយោគក្នុងបរិការណ៍នៃ ការផ្លាស់ប្ដូរកាន់តែលឿននៃខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់សកល ជាមួយនឹងបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា ដោយសារការដាក់ចេញ និងអនុវត្តនូវច្បាប់ ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការបន្ដធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមុតស្រួច ពិសេសការកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច»។

ប្រភពដដែល លើកឡើងទៀតថា ជាលទ្ធផលទុនបម្រុងអន្តរជាតិសរុបត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងដល់ប្រមាណ ១៨ ៦៩២លានដុល្លារ ដែលធានាការនាំចូលបានប្រមាណ ៦.៦ខែ សម្រាប់ឆ្នាំ២០២៣ និងដល់ប្រមាណ ១៩ ៩១៣ លានដុល្លារ ដែលធានាការនាំចូលបានប្រមាណ ៦.៣ខែ សម្រាប់ឆ្នាំ ២០២៤៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស