Cambo Space

· 2021-08-10

Perseverance ជួបបញ្ហាលើការខួងយកថ្ម ចេញពីផ្ទៃភពអង្គារ, ពេលនេះ NASA កំពុងព្យាយាមដោះស្រាយ!

#NASA# #បច្ចេកវិទ្យា# #Jezero# #យាន Perseverance# #វិទ្យាសាស្ត្រ# #ភពអង្គារ#

10106

(អាមេរិក)៖ ក្រុមការងារពិសេសមួយត្រូវបានអង្គការ NASA ចាត់តាំងឡើង ដើម្បីដោះស្រាយបញ្ហាមួយចំនួន ពាក់ព័ន្ធការប្រមូលគំរូតាងជាកម្ទេចដី ឬថ្មពីផ្ទៃភពព្រះអង្គារ ខណៈប្រតិបត្តិការដោយស្វ័យប្រវត្តិរបស់យាន Perseverance ដែលត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងរណ្តៅ Jezero បានជួបប្រទះភាពមិនប្រក្រតីមួយចំនួន។

បំពង់ស្តុកគំរូតាងភពអង្គារ (Sample Tube)

ភាពមិនប្រក្រតីបានលេចឡើង តាមរយៈទិន្នន័យដែលបញ្ជូនពីយាន Perseverance មកកាន់ក្រុមការងារអង្គការ NASA លើផែនដី ដោយបានបង្ហាញឲ្យឃើញ បំពង់សម្រាប់ស្តុកដុំថ្ម (sample tube) ដែលខួងយកពីភពអង្គារ «គ្មានកម្ទេចថ្មនៅក្នុងនោះឡើយ»។ បំពង់ស្តុកដុំថ្ម ឬកម្ទេចដី (sample tube) សរុបចំនួន ៤៣ដើម ត្រូវបានអង្គការ NASA ស្តុកនៅក្នុងខ្លួន Perseverance ដើម្បីអាចឲ្យយាននេះបំពេញប្រតិបត្តិការទៅកាន់ទីតាំងសំខាន់ៗ ហើយជីកយកគំរូតាងរួចស្តុកទុក នៅក្នុងបំពង់ទាំងនោះ។

ក្នុងបំពង់ Sample Tube គ្មានកម្ទេចដុំថ្មភពអង្គារដូចការគ្រោងទុក

ជុំវិញបញ្ហាខាងលើនេះដែរ លោក Thomas Zurbuchen ជំនួយការនៃរដ្ឋបាលចាត់ចែងបេសកកម្មវិទ្យាសាស្ត្ររបស់ NASA ដែលមានមូលដ្ឋាននៅរដ្ឋ Washington បានលើកឡើងថា «នៅពេលដែលគ្មានអ្វីត្រូវបានស្តុកទុក ដូចដែលយើងធ្លាប់សង្ឃឹម នោះវាប្រាកដជាមានហានិភ័យថ្មីមួយ នៅទីនោះជាក់ជាមិនខាន។ ខ្ញុំមានទំនុកចិត្ត ព្រោះយើងមានក្រុមការងារត្រឹមត្រូវមួយ ដែលកំពុងដោះស្រាយបញ្ហានេះ ហើយយើងនឹងតស៊ូឆ្ពោះទៅរកដំណោះស្រាយ ដើម្បីធានាបាននូវភាពជោគជ័យ នាពេលអនាគត»។

គួរបញ្ជាក់ថា ប្រព័ន្ធខួង និងផ្ទេរគំរូតាងជាដុំថ្មពីភពអង្គារ មានសមត្ថភាពអាចខួងចូលមួយកប់បាន ២ម៉ែត្រ ដែលស្មើនឹងប្រវែងរបស់ឧបករណ៍នោះតែម្តង ដើម្បីទៅឲ្យដល់ជម្រៅគោលដៅមួយ ក្នុងសំបកភពអង្គារ។ ដំណើរការរបស់វា គឺខួងចូលទៅក្នុងដី ឬថ្ម រួចចាប់យកគំរូតាងទុក ហើយផ្ទេរវាចូលបំពង់ sample tube ដែលដាក់តម្រៀបតាមលំដាប់នៅក្នុងខ្លួន Perseverance នោះជាការស្រេច។

ចំណុចដែលត្រូវបានខួងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

សម្រាប់បញ្ហាដែល Perseverance កំពុងជួបប្រទះ គឺប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់វា ដែលរាប់ចាប់ពីការខួងយកថ្ម ហើយដាក់ថ្មនោះបញ្ចូលទៅក្នុងបំពង់ sample tube រួចបន្ទាប់មកទៀតទើបឧបករណ៍វាស់ស្ទង់ អាចកំណត់អំពីបរិមាណគំរូតាង ដែលបំពង់ sample tube នោះបានផ្ទុក។ យ៉ាងណាក៏ដោយ ឧបករណ៍វាស់ស្ទង់នៅលើយាន Perseverance បែរជាមិនអាចគណនាដឹងថា នៅក្នុង sample tube មួយនោះមានគំរូតាង ឬមួយក៏អត់ ហើយក្រោយមកក្រុមការងារ NASA អាចដឹងពីបញ្ហានេះ តាមរយៈរូបថតផ្តិតដោយកាមេរ៉ាលើយាន Perseverance ដែលបង្ហាញថា នៅក្នុងបំពង់ sample tube នោះគឺ «ទទេគ្មានអ្វីនៅក្នុងនោះឡើយ»

យ៉ាងណាក៏ដោយ ក្រុមការងារគ្រប់គ្រងបេសកកម្ម Perseverance បានរៀបចំក្រុមការងារឆ្លើយតបមួយរួចហើយ ដោយពួកគេនឹងធ្វើការបន្តវិភាគទិន្នន័យទាំងឡាយ ដែលត្រូវបានបញ្ជូនមកផែនដី។ ជំហានដំបូងក្នុងការដោះស្រាយបញ្ហានេះ គឺតាមរយៈការប្រើប្រាស់ឧបករណ៍ WATSON ដែលជាឧបករណ៍សិនស័រ និងផ្តិតរូបភាពទូលាយ នៅក្នុងចម្ងាយជិតបំផុត ២-២៥សង់ទីម៉ែត្រ នៅលើ Perseverance ដើម្បីវិភាគលម្អិតអំពីបញ្ហាជារួម រួចទើបការប្រឹងប្រែងខួងដីភពអង្គារជាលើកទី ២ ហើយទាញយកគំរូតាងបញ្ចូលក្នុង sample tube អាចប្រព្រឹត្តទៅបាន៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)

ប្រភព៖ NASA/Scitechdaily (ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស