Cambo Space

· 2021-08-11

ផែនដីប្រែប្រួលលឿន លើសពីការព្យាករណ៍! ក្រុមអ្នកវិទ្យាសាស្ត្រចេញសារព្រមានធ្ងន់ៗ មិនធ្លាប់មាន!

#IPCC# #គ្រោះធម្មជាតិ# #សង្គម# #បម្រែបម្រួលអាកាសធាតុ# #ការព្យាករណ៍#

6328

(ហ្សឺណែវ)៖ ប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញភ្លើងឆេះ ទឹកជំនន់ ភាពរាំងស្ងួត និងរលកកម្តៅ បានកើតឡើងជាបន្តបន្ទាប់នៅលើផែនដី ហើយប្រហែលមានមនុស្សមួយចំនួនឆ្ងល់ថា តើគ្រោះធម្មជាតិកាន់តែអាក្រក់ទៅៗទាំងអស់នេះ មានជាប់ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ហើយតើមនុស្សលោកយើង ជាអ្នកទទួលខុសត្រូវមែនឬទេនោះ? ចំពោះសំនួរទាំងនេះ របាយការណ៍ថ្មីមួយដែលរៀបចំឡើងដោយ ក្រុមអ្នកជំនាញផ្នែកអាកាសធាតុរាប់រយនាក់ បានបញ្ជាក់ច្បាស់ថា «វាពិតជាយ៉ាងដូច្នោះមែន»

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល ទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ ហៅកាត់ IPCC របស់អង្គការសហប្រជាជាតិ (UN) ដែលមានតួនាទីវាយតម្លៃលើវិទ្យាសាស្រ្តអាកាសធាតុ ទើបតែបានចេញរបាយការណ៍ថ្មីមួយ។ ក្នុងនោះរបាយការណ៍នោះ ក្រុមអ្នកជំនាញបានពិនិត្យលើការសិក្សាច្រើនជាង ១៤,០០០ប្រភព ដែលកត់ត្រាភស្តុតាងនៃបម្រែបម្រួលអាកាសធាតុ រួមជាមួយផលប៉ះពាល់ ដែលបង្កឡើងដោយសកម្មភាពមនុស្ស ទៅលើការកើនឡើងកម្តៅផែនដី ហើយព្យាករអនាគតរបស់យើង ក្នុងករណីដែលយើងមិនអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលកំពុងជំរុញការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្នបាន។

របាយការណ៍ខាងលើ ដែលទទួលបានការអនុម័តពីបណ្តារដ្ឋជាសមាជិកទាំង ១៩៥ របស់ UN បានលើកឡើងចំៗថា សកម្មភាពរបស់មនុស្សយើង គឺជាអ្វីដែលកំពុងរុញច្រានបញ្ហាបម្រែបម្រួលអាកាសធាតុ ឲ្យកាន់តែធ្ងន់ធ្ងរឡើង។ វាជារបាយការណ៍ដំបូង ក្នុងចំណោមរបាយការណ៍សរុបចំនួន ០៣ នៃការវាយតម្លៃថ្មីរបស់ IPCC ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។

របាយការណ៍ខាងលើនេះ លើកឡើងនូវភស្តុតាងផ្នែកវិទ្យាសាស្រ្ត នៃការកំពុងប្រែប្រួលរបស់អាកាសធាតុផែនដី និងការដែលសកម្មភាពមនុស្សយើង កំពុងជំរុញការប្រែប្រួលនេះ ហើយសង្ខេបការរកឃើញសម្រាប់មេដឹកនាំ និងអ្នកបង្កើតគោលនយោបាយ នៅជុំវិញពិភពលោក។ របាយការណ៍ ២ ចុងក្រោយទៀត នឹងត្រូវចេញផ្សាយនៅឆ្នាំ២០២២។ របាយការណ៍ទាំងនោះ នឹងផ្តោតទៅលើផលប៉ះពាល់អាកាសធាតុ ការសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងយុទ្ធសាស្រ្តដើម្បីកាត់បន្ថយផលប៉ះពាល់។

ក្រុមអ្នកវិទ្យាសាស្ត្រជាង ២០០នាក់បានរៀបរៀង និងបញ្ចូលការស្រាវជ្រាវបន្ថែម ដើម្បីចេញរបាយការណ៍ថ្មី ក្តៅៗ និងទាន់ហេតុការណ៍ខាងលើនេះ ដោយពួកគេបានស្តីបន្ទោសចំៗទៅលើសកម្មភាពមនុស្ស ដែលបាននិងកំពុងបញ្ចេញឧស្ម័នពុល CO2 ទៅក្នុងបរិយាកាសផែនដី តាមរយៈចំហេះឥន្ធនៈហ្វូស៊ីល។ សមកម្មភាពទាំងនេះ ត្រូវបានក្រុមអ្នកវិទ្យសាស្ត្រអះអាងថា បាននិងកំពុងធ្វើឲ្យកម្តៅបរិយាកាសផែនដីកើនឡើង ដែលពិបាកក្នុងការព្យាករណ៍ទុកមុនបំផុត ក្នុងរយៈពេល ២,០០០ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា ប្រសិនបើស្ថានភាពអាក្រក់ដូចសព្វថ្ងៃនេះនៅតែបន្ត នោះភពផែនដីនឹងឈានដល់ការកើនឡើងកម្តៅបន្ថែម ១.៥អង្សាសេ បន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ ហើយវានឹងលោតដល់កម្រិត ២អង្សាសេ នៅឆ្នាំ២០៥០ ដែលនឹងធ្វើឲ្យអាកាសធាតុលើភពផែនដី កាន់តែអាក្រក់ខ្លាំងជាទីបំផុត។ គ្រោះធម្មជាតិអាក្រក់ៗដូចជា ភ្លើងឆេះព្រៃ ទឹកជំនន់ រលកកម្តៅ រាំងស្ងួត និងព្យុះកំណាចៗ នឹងកាន់តែកើតមានច្រើនឡើង ហើយអាក្រក់ទ្វេឡើង ដោយអូសបន្លាយក្នុងរយៈពេលយូរថែមទៀត។

– តើអ្វីទៅជាដំណោះស្រាយ?

ស្ថិតក្នុងដំណាក់កាលនេះ គឺមានតែការរួបរួមគ្នាជាធ្លុងមួយ ដូចអ្វីដែលមានចែងក្នុង កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ នោះឡើយ។ កិច្ចព្រមព្រៀងនោះបានចែងយ៉ាងច្បាស់ អំពីតួនាទីនៃប្រទេសតូចធំ ក្នុងការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នពុល ទៅក្នុងបរិយាកាសផែនដី និងលើកស្ទួយផែនការអភិវឌ្ឍបៃតង ក្នុងនោះមានដូចជាការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ ហើយជំនួសមកវិញនូវការប្រើប្រាស់ថាមពលកើតឡើងវិញ ឬប្រភពថាមពលដែលមិនបង្កផលអវិជ្ជមានដល់បរិស្ថានធម្មជាតិ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)

ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស